ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​សប្បាយ​រីករាយ​ដែល​បាន​មក​លេងស្រុក​កំណើត​អំឡុង​ពេល​ចូល​ឆ្នាំ តាម​ច្រកព្រំដែន ដោយ​មិនបង់ប្រាក់​សេវាចេញ​-​ចូល​ !

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ពលករ​ខ្មែរ​ដែល​ត្រលប់​ពី​ប្រទេស​ថៃ​មក​លេង​ស្រុក​កំណើត​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បង្ហាញ​ក្តី​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជួយ​សម្រួល​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​លើកលែង​ថ្លៃ​សេវា​ចេញ ចូល…

រាជធានីភ្នំពេញ ៖ ពលករ​ខ្មែរ​ដែល​ត្រលប់​ពី​ប្រទេស​ថៃ​មក​លេង​ស្រុក​កំណើត​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បង្ហាញ​ក្តី​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជួយ​សម្រួល​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​លើកលែង​ថ្លៃ​សេវា​ចេញ ចូល ប្រទេស​ថៃ អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​សម្រាប់​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​គ្រប់​ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​ ។

កញ្ញា វ៉ា​ន់ ណា ជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ខ្លួន​មានការ​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ឮដំណឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​រាជរដ្ឋាភិបាល​ប្រទេស​ថៃ​ដោយ​ជោគជ័យ​សម្រាប់​ការ​លើកលែង​ថ្លៃ​សេវា​ចេញ ចូល ប្រទេស​ថៃ តាម​ច្រកព្រំដែន ដែល​នេះ​ជា​ការ​សម្រួលការ​ចំណាយ​មួយ​ផ្នែក​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​មក​លេង​ស្រុក​កំណើត​។ កញ្ញា​សូម​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​តែងតែ​សម្រួល​ឱ្យ​មានការ​លើកលែង​ថ្លៃ​សេវា​ចេញ ចូល តាម​ព្រំដែន ជា​រៀង​រាល់​ឆ្នាំ និង​អរគុណ​ដែល​តែងតែ​យកចិត្តទុកដាក់​មក​លើ​សុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។

ដោយឡែក​កញ្ញា សុខ ផា​រី ជា​ពលករ​ខ្មែរ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា ការ​លើកលែង​ថ្លៃ​សេវា​ចេញ ចូល ប្រទេស​ថៃ អំឡុង​ពេល​ចូល​ឆ្នាំ​គឺ​ជួយ​ច្រើន​ណាស់​ដល់​ពលករ ពីព្រោះ​វា​អាច​កាត់​បន្ថយ​ចំណាយ​បាន​មួយ​ចំណែក​ធំ​ផង​ដែរ​។ លើស​ពី​នេះ​វា​ជា​កត្តា​មួយ​ដែល​ជំរុញ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​មក​លេង​គ្រួសារ មក​ជួបជុំ​បងប្អូន​ជិត​ឆ្ងាយ អំឡុង​ពេល​ចូល​ឆ្នាំ​។

កញ្ញា សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ឆ្នាំ​នេះ ដោយ​មិន​មានការ​បង់ថ្លៃ​សេវា​ចេញ ចូល នៅ​តាម​ច្រកព្រំដែន​ទាំង​ទៅ និង​ទាំង​មក​។ កញ្ញា សូម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា អរគុណ​សម្តេច ហ៊ុន ម៉ា​ណែ​ត និង​ក្រសួង​ការងារ ដែល​ខិតខំ​បំពេញការងារ ជួយ​សម្រួល​អន្តរាគមន៍​ជូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ រហូត​មានការ​លើកលែង​តម្លៃ​សេវា​ចេញ ចូល រៀង​រាល់​ឆ្នាំ​។ នេះ​ជា​ការ​យកចិត្តទុកដាក់ និង​ដឹង​សុខទុក្ខ​ពី​សំណាក់​រដ្ឋាភិបាល​មក​លើ​ពលករ​ពួក​យើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព និង​ស្វាគមន៍​បងប្អូន​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​លេង​ស្រុក​កំណើត អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ច្រក​ទ្វារ​ព្រំដែន​នានា ដូច​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​(​បាន​ឡែ​ម​) ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​ការ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត ចេញ​-​ចូល ប្រទេស​ថៃ (Re-entry permit) អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។

ការ​ឯកភាព​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល ប្រទេស​ថៃ (Re-Entry Permit) ដល់​បងប្អូន​ពលករ​ខ្មែរ​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​នេះ គឺ​យោង​តាម​ស្មារតី​ព្រមព្រៀង​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ក្នុង​ប្រទេស​ថៃ នា​ពេល​កន្លង​មក​៕ អត្ថបទសហការ