ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា ថា​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក ​នឹង​មិន​នាំ​ដល់​ការ​រើ​រោងចក្រ​ដែល​ធ្វើ​ឱ្យពលរដ្ឋ​ខ្មែរ​បាត់បង់​ការងារ​នោះ​ទេ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ សហជីព​នៅ​កម្ពុជា​ថា ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កម​កលើ​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់​ការងារ​ធ្វើ​នោះ​ទេ ហើយ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។ លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា…

រាជធានីភ្នំពេញ ៖ សហជីព​នៅ​កម្ពុជា​ថា ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កម​កលើ​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់​ការងារ​ធ្វើ​នោះ​ទេ ហើយ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។ លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​លើក​ឡើង​ថា បើ​ទោះជា​អា​មេ​រិ​ក​ដំឡើង​ពន្ធ​ដល់​កម្ពុជា​ក៏​ដោយ ក៏​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក គឺ​យើង​នៅ​តែ​ចំណេញ​ក្នុង​កម្រិត​ខ្ពស់ ព្រោះ​ការ​ផលិត​នៅ​កម្ពុជា​មាន​តម្លៃ​ធូរ​ថ្លៃ​ ។

ប្រធាន​សហភាព​រូប​នេះ​បាន​បន្ត​ថា ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក​ក៏​អាច​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគិន​ក្នុង​ការ​ពង្រីក​វិសាលភាព​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ “​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កមក​កម្ពុជា​គឺ​ផ្តល់​ឱកាស​ពីរ​សម្រាប់​កម្ពុជា ឱកាស​ទី​មួយ​សម្រាប់​កម្ពុជា​គឺ​ជួនកាល​ការ​ចរចារ​ពន្ធ​ជាមួយ​អា​មេ​រិ​ក​អាច​ធ្វើ​ឱ្យ​ការ​នាំ​ចូល​នាំ​ចេញ​រវាង​ខ្មែរ​និង​អា​មេ​រិ​ក​កើនឡើង​ជាង​មុន ប្រសិនជា​មានការ​ចរចារ​ណាមួយ​អាច​ទទួលយក​បាន ឯ​ឱកាស​មួយទៀត​គឺ​ក្រុម​អ្នក​វិនិយោគ​ទាំង​អស់នោះ​ព្យាយាម​រក​ទីផ្សារ​បន្ថែម​នៅ​តាម​បណ្តា​ប្រទេស ដើម្បី​កុំឱ្យ​ងាប់ក្រឡា​”​។

ជាមួយ​គ្នា​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ថ្លែង​ថា បើ​ទោះជា​អា​មេ​រិ​ក​ដាក់​ពន្ធ​មក​លើ​កម្ពុជា​ក៏​ដោយ ក៏​មិន​មានការ​រើ​រោងចក្រ​នោះ​ទេ ព្រោះ​អា​មេ​រិ​ក​មិនមែន​ដាក់​សម្ពាធ​តែ​លើ​កម្ពុជា​នោះ​ទេ គឺ​ដាក់​ទាំង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ាន ហើយ​វា​ក៏​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ សិទ្ធ​មនុស្ស ឬ​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ណាមួយ​នោះ​ដែរ​។

លោក​បាន​បន្ថែម​ថា ការ​បញ្ជា​ទិញ​ពី​រោងចក្រ​ផ្សេង​ៗ​ក៏​ត្រូវ​បាន​កំណត់​រួច​មក​ហើយ​ដែរ សម្រាប់​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ “​ទូទៅ​ការ​បញ្ជា​ទិញ​គឺ​មានការ​ចុះ​កិច្ចព្រមព្រៀង លើ​វិស័យ​កាត់ដេរ អាច​មួយ​ឆ្នាំ​ម្តង ឬ​ក្រុមហ៊ុន​ខ្លះ​ចុះ​កុងត្រា​ពីរ​ឆ្នាំ​ម្តង វិស័យ​ស្បែកជើង​អាច ៣​ឆ្នាំ​ម្តង ដូច្នេះ​ផង​ប៉ះពាល់​យើង​គឺ​តិច​ដែរ ទី​១ ឆ្នាំ​២០២៥ នេះ ឬ​២០២៦ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ វា​អាច​ដល់​ចុងឆ្នាំ​២០២៦ ឬ ២០២៧ គឺ​វា​អាច​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​រង​ផង​ប៉ះពាល់ ទន្ទឹម​នឹង​ផង​ប៉ះពាល់​ទាំង​អស់នោះ យើង​គិត​ថា​ពិភពលោក​នឹង​វិល​ត្រឡប់​មក​ធម្មតា​វិញ ឬ​មានការ​ដំឡើង​ពន្ធ​តិចតួច​ប៉ុណ្ណោះ ដែល​អាច​ឱ្យ​ប្រទេស​ជាតិ​នីមួយ​ៗ​អាចរ​ស់បាន​”​។

ទោះបីជា​យ៉ាងណា ប្រធាន​សហជីព​ទាំង​ពីរ​រូប​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ និង​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បំពេញ​តួនាទី​ការងារ ភារកិច្ច​របស់​ខ្លួន ព្រោះ​កម្ពុជា​នៅ​តែ​មាន​ភាព​លេចធ្លោ និង​មាន​ភាព​ទាក់ទាញ​ជាង​ប្រទេស​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​។

បើ​យោង​តាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កម​កលើ​កម្ពុជា​គឺ​កម្ពុជា​នៅ​តែ​អាច​គ្រប់គ្រង​បាន ហើយ​វា​មិន​ប៉ះពាល់ ១០០% ដល់​វិស័យ​នាំ​ចេញ​របស់​យើង​ទេ​។ បន្ថែម​ពី​នេះ គឺ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​អឺរ៉ុប​ច្រើន​ជាង​អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​អាម​រិ​ក និង​បង្កើត​ឱ្យ​មាន​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​រក្សា​ឧត្តមភាព​ផលិតកម្ម​របស់​យើង​៕ អត្ថបទសហការ