ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ពីរ​ចាប់ដៃ​គ្នា​បង្កើត​កិច្ចសហការ​ថ្មី​ក្នុងវិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ​០៤ ខែមេសា ឆ្នាំ​ ២០២៥ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ​០៤ ខែមេសា ឆ្នាំ​ ២០២៥ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចុះហត្ថលេខា​លើ ៖ «​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្ដល់​ជូន​វិនិយោគិន​បរទេស នូវ​សេវា​ឥណទាន​វិនិយោគ​» ដើម្បី​អបអរសាទរ ដល់​សមិទ្ធផល​ថ្មី​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស មក​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ ។

កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ ត្រូវ​បាន​ចូលរួម​ជា​អធិបតី និង​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ដោយ ឯកឧត្ដម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) និង លោកស្រី ប៊ុ​ន សុ​វ៉ា​ត់​ឌី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​ជា​ប្រធាន​សមាគម​នៃ​សមាគម​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា រួម​ជាមួយ ថ្នាក់ដឹកនាំ​ពី​ស្ថាន​ប័ន​ក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​ធនាគារ ក៏​ដូច​ជា​សាធារណជន​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក​បណ្ឌិត Raymond Choi ទីប្រឹក្សា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង លោក នេ​ត ពិសិដ្ឋ នាយក​ប្រ​តិ​ប​តិ្ត​សេវា​ហិរញ្ញវត្ថុ នៃ​ធនាគារ អេ​ស៊ី​លី​ដា ​។

លោក​បណ្ឌិត Raymond Choi បាន​មាន​ប្រសាសន៍​ថា​ ៖ «​កិច្ច​សហប្រតិបត្តិការ​នេះ​បង្ហាញ​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ រវាង​ភាគី​ទាំង​ពីរ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​មាន​ភាព​ទំនើប និង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ។ ដូច្នេះ យើង​ត្រូវ​រួម​កម្លាំង​គ្នា ដើម្បី​បង្កើត​ដំណោះស្រាយ​ឆ្នើម និង​អត្ថប្រយោជន៍​កាន់តែ​ច្រើន ដែល​អាច​ចូលរួម​លើកកម្ពស់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​និរន្តរភាព​»​ ។

លោក នេ​ត ពិសិដ្ឋ តំណាង​ពី​ភាគី​ធនាគារ​ក៏​បាន​ចូលរួម​បង្ហាញ​ចំណាប់អារម្មណ៍​ដែរ​ថា ៖ «​យើង​មាន​មោទកភាព​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង ក្នុង​ការ​ជំរុញ​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​លក្ខណៈ​អន្តរជាតិ ​។ យើង​ត្រូវការ​អភិវឌ្ឍ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​បង្កើត​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​ទូលំទូលាយ និង​មាន​លក្ខណៈ​ប្រកួតប្រជែង​»​ ។

ឆ្លៀត​ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​នេះ ឯកឧត្ដម ស៊ូ សុ​ជាតិ បាន​អបអរសាទរ​ក្រុមហ៊ុន​ទាំង​ពីរ និង​ផ្ញើ​សារ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ថា ​៖ «​ការ​បង្កើត​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ហានិភ័យ និង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ក្នុង​គោលដៅ​ជំរុញ​ទីផ្សារ​នេះ​ឆ្ពោះទៅ​មុខ គឺ​ទាមទារ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង កិច្ចសហការ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​…..»​ ។

«​តួយ៉ាង​នៅ​ថ្ងៃនេះ ការ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្ដល់​ជូន​វិនិយោគិន​បរទេស​នូវ​សេវា​ឥណ​នា​វិនិយោគ រវាង​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង​ធនាគារ អេ​ស៊ី​លី​ដា នៅ​ថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាប់ដៃ​គូរ​សហការ​ដែល​ផ្តល់​នូវ​យន្តការ​ថ្មី​មួយទៀត ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​វិនិយោគិន​បរទេស​»​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ក៏​មាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ដោយ​មាន​ស្ថាប័ន​សារព័ត៌មាន​ជា​ច្រើន​ចូលរួម​ផង​ដែរ​ ។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​ដ៏​សំខាន់ ថា​តើ​អ្វី​ទៅ​ជា «​សេវា​ឥណ​នា​វិនិយោគ ហើយ​សេវាកម្ម​មួយ​នេះ​នឹង​ផ្ដល់​ជូន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​វិនិយោគិន​បរទេស ?​» លោក​បណ្ឌិត Raymond Choi បាន​ឆ្លើយ​បញ្ជាក់​ថា ​៖ «​សេវា​ឥណទាន​វិនិយោគ​នេះ គឺជា​វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ដើមទុន​ឱ្យ​កាន់តែ​ទូលំទូលាយ មាន​ន័យ​ថា អតិថិជន​បរទេស​ដែល​បើក គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់ (Term Deposit) នៅ​ធនាគារ អេ​ស៊ី​លី​ដា អាច​ប្រើប្រាស់​រហូត​ដល់ ៨០% នៃ​ប្រាក់​បញ្ញើរបស់​ពួក​គេ ជា​ទុន​វិនិយោគ​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ជាមួយ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង ក្នុង​នាម​ជា​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ ។ ដូច្នេះ ក្នុង​ពេល​តែ​មួយ អតិថិជន​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ពី​ធនាគារ និង បង្កើត​បាន​ប្រភព​រក​ប្រាក់​ចំណូល​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ផង​ដែរ​» ​។

ជា​រួម កិច្ច​សហប្រតិបត្តិការ​នេះ​បាន​បង្កើត​ស្តង់ដារ​ថ្មី សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​វិនិយោគិន និង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ៕ អត្ថបទសហការ