រាជធានីភ្នំពេញ ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នាចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ ។
លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានលើកឡើងថា ខ្លួន សប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដោយជោគជ័យម្តងទៀត ដើម្បីលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែនដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃ បានមកលេងស្រុកកំណើត ។
លោកអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ។
ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃអំឡុងពេលចូលឆ្នាំ គឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃ បានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយអំឡុងពេលបុណ្យចូលឆ្នាំ ។ លោកស្រីសប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក ។ លោកស្រីអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែននានា ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង (បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ។
គួរបញ្ជាក់ទៀតថា ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ