ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ និស្សិត​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship 2025) ត្រូវ​ពាំនាំ​ចំណេះវិជ្ជា ចំណេះធ្វើ និង​បទ​ពិសោធន៍ វិល​ត្រលប់​មក​បម្រើ​ការងារ និង​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ឱកាសទទួល​ជួប​សម្តែង​ការ​គួរសម ជាមួយ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ឆ្នាំ​សិក្សា​ ២០២៥ (MEXT Scholarship 2025) ចំនួន…

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ឱកាសទទួល​ជួប​សម្តែង​ការ​គួរសម ជាមួយ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ឆ្នាំ​សិក្សា​ ២០២៥ (MEXT Scholarship 2025) ចំនួន ៣១​នាក់ ដែល​នឹង​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន នា​ដើម​ខែមេសា និង​ដើមខែ​តុលា​ខាង​មុខ​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការ​អបអរសាទរ និង​បាន​ផ្តល់​ជា​អនុសាសន៍​ណែនាំ​ដល់​និស្សិត​ជ័យ​លា​ភី​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន ជា​ពិសេស​និស្សិត​ជ័យ​លា​ភី​ទាំងអស់ ត្រូវ​ពាំនាំ​យក​នូវ​ចំណេះវិជ្ជា ចំណេះធ្វើ និង​បទ​ពិសោធន៍ វិល​ត្រលប់​មក​បម្រើ​ការងារ និង​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា​ ។

តាម​រយៈ​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល ថ្ងៃ​ពុធ ទី​ ២៦ ខែមីនា ឆ្នាំ​ ២០២៥ ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ជ័យ​លា​ភី ត្រូវធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា ដោយ​ត្រូវ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ភាព​ឧស្សាហ៍​ព្យាយាម និង​វប្បធម៌​ដ៏​ល្អ​របស់​ជនជាតិ​ខ្មែរ និង​ប្រើប្រាស់​ពេលវេលា​របស់​ខ្លួន​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ក្រៅពី​ម៉ោង​សិក្សា ដូច​ជា​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​បរទេស ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ និង​ការ​រៀនសូត្រ​ពី​វប្បធម៌​បរទេស​ជាដើម ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្មវិធី​សិក្សា​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) គឺជា​កម្មវិធី​សិក្សា​ដ៏​ល្អ ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ហើយ​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប ​។

គួរ​បញ្ជាក់​ថា អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ឆ្នាំ​សិក្សា​ ២០២៥ (MEXT Scholarship 2025) ដែល​ផ្តល់​ជូន​និស្សិត​ជ័យ​លា​ភី​ចំនួន ៣១​នាក់​នេះ រួម​មាន​ថ្នាក់​ស្រាវជ្រាវ (Research), ថ្នាក់ឧត្តម​សិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សា​បច្ចេកទេស​(College of technology), ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ (Specialized training college)​។ កម្មវិធី​សិក្សា​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៥៤ និង​បាន​ផ្ដល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩៣ ដែល​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ៕ អត្ថបទសហការ