ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ «​បង្ការ​និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង​»

1 ខែ មុន

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​២៦ ខែមីនា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ…

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​២៦ ខែមីនា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ «​បង្ការ​និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេ​ជោ​សែន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម អ៉ិ​ន ខេមរា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អធិការ​ការងារ​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកណ្តាល​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តតាកែវ​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​  ខេត្តកោះកុង​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះ​សីហ​នុ​, មន្ត្រី​ថ្នាក់​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ រាជធានី​ភំ​ពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកោះកុង​, ខេត្ត​ព្រះ​សីហ​នុ សរុប​ជិត ១៥០​នាក់​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព និង​អភិវឌ្ឍ​ចំណេះដឹង​ជូន​ដល់​មន្ត្រី​អធិការកិច្ច​ការងារ និង​ជា​ពិសេស​មន្ត្រី​មូលដ្ឋាន​រាជធានី​/​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ដែល​មាន​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង និង​ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ និង​ទប់ស្កាត់ ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​ជា​ពិសេស​សារលិខិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​៧៥ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ខួប​លើក​ទី ២៣ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២៤ ដើម្បី​ឱ្យ​ក្រសួង ស្ថាប័ន និង​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​កិច្ច​គាំពារ​កុមារ និង​ហាមឃាត់​ការ​រំលោ.ភ​បំពាន​លើ​កុមារ​គ្រប់​រូបភាព​។

ឯកឧត្តម​រដ្ឋលេខាធិការ​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​វិស័យ ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជា​ជាវៈ ២០២៤-២០២៨ ដែល​បាន​កំណត់​អំពី​ការ​ទប់ស្កាត់​ពលកម្ម​កុមារ និង​ការ​ប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ជា​ចង្កោម​សកម្មភាព សំដៅ​បង្កើន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​កុមារ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ ដូច​ជា​ទាសករ​កុមារ ការ​ជួញដូរ​កុមារ ពេស្យាចារ​កុមារ ការ​ប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ និង​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ជាដើម​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​ផ្តួចផ្តើម​រៀបចំសេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង នៅ​តាម​សហគ្រាស គ្រឹះស្ថាន​នាំ​ចេញ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប និង​ធ្វើ​បច្ចុប្បន្នភាព​ប្រកាស​ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ជ្រើសរើស​កម្មករនិយោជិត​វ័យក្មេង​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដើម្បី​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​កម្មករនិយោជិត​វ័យក្មេង​។

ទន្ទឹម​នឹង​នេះ វគ្គ​បណ្តុះបណ្តាល​នេះ ក៏​មានការ​ធ្វើ​បទ​បង្ហាញ គោលការណ៍​ច្បាប់ និង​ការ​ណែនាំ​នានា ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ និង​ទប់ស្កាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង ដោយ​វាគ្មិន​មក​ពី​អង្គភាព​ជំនាញ​នានា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផង​ដែរ​ ៕ អត្ថបទសហការ