ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៊ែ​ល​ធី​គ្រុប ​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផលការងារ​ឆ្នាំ​ចាស់ ២០២៤ និង​លើក​ទិស​ដៅអនុវត្ត ឆ្នាំ ​២០២៥

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ រសៀល​ថ្ងៃ​ទី ​២២ ខែមីនា ឆ្នាំ​ ២០២៥ ប៊ែ​ល​ធី គ្រុប បាន​រៀបចំ…

រាជធានី​ភ្នំពេញ ​៖ រសៀល​ថ្ងៃ​ទី ​២២ ខែមីនា ឆ្នាំ​ ២០២៥ ប៊ែ​ល​ធី គ្រុប បាន​រៀបចំ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់ ២០២៤ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ ​២០២៥ ដែល​មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ ចូលរួម​ចំនួន ៣,៥១៥​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី ​២ (​ស្ពាន​អាកាស​ចោម​ចៅ​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោក​ជំទាវ ។

ឯកឧត្តម លី ណា​វុ​ឌ្ឍ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប និង​ជា​សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ប៊ែ​ល​ធី គ្រុប មាន​គណៈ គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ​បម្រើ​ការ ៤,០៩៤​នាក់ សិស្ស​-​និស្សិត​កំពុង​សិក្សា ៦២,២៣១​នាក់ និង​មាន ៣៥ ​ទីតាំង ក្នុង​នោះ ១ ​ទីតាំង ជា​ស្នាក់​ការ​កណ្តាល​ប៊ែ​ល​ធី គ្រុប ២ ​ទីតាំង​ជា​សាកលវិទ្យាល័យ និង ៣២ ​ទីតាំង​ជា​សាលា​ ។

ប៊ែ​ល​ធី គ្រុប មាន​បម្រើ​សេវាកម្ម ៣​ធំ​ៗ ដូច​ជា I.​ ប៊ែ​ល​ធី​សំណង់  II.​ ប៊ែ​ល​ធី​ទេសចរណ៍ និង III.​ ប៊ែ​ល​ធី​អប់រំ ចែក​ចេញ​ជា ៥ ​ផ្នែក​គឺ ១-​សាលា ប៊ែ​ល​ធី អន្តរជាតិ ២-​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ៣-​ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ ៤-​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ និង ៥-​ប៊ែ​ល​ធី​ស្រាវជ្រាវ និង​បោះពុម្ព (BELTEI University Press) ព្រមទាំង មូលនិធិ​សប្បុរសធម៌ ប៊ែ​ល​ធី ផង​ដែរ​ ។
ក្នុង​ឆ្នាំ​២០២៤ ប៊ែ​ល​ធី គ្រុប សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ ដូច​ជា ​៖

I. ប៊ែ​ល​ធី​សំណង់ កំពុង​សាងសង់​អគារ​ប៊ែ​ល​ធី​ទី​ ៣១ (​វត្ត​ទួល​) ប៊ែ​ល​ធី​ទី​ ៣២ (​ក្រាំងធ្នង់​) និង​ស្នាក់​ការ​កណ្តាល​ប៊ែ​ល​ធី គ្រុប​កម្ពស់ ៣២​ ជាន់ ​II. ប៊ែ​ល​ធី​ទេសចរណ៍ មាន​រថយន្ត​ទំនើប​ៗ ១៦​គ្រឿង សម្រាប់​ដឹក​សិស្ស​-​និស្សិត និង​ភ្ញៀវ​ទៅ​ទស្សនា​នៅ​តំបន់​នានា​ទូ​ទាំង​ប្រទេស ​។

III. ​សាលា ប៊ែ​ល​ធី អន្តរជាតិ សិស្ស​បញ្ចប់​ការ​សិក្សា និង​ប្រឡង​ជាប់​ជា​ស្ថាពរ ២៨,៦៥៣​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា ​៖
-​សិស្ស​ចំណេះ​ទូទៅ (​ថ្នាក់​ទី ​១២) ចំនួន ២១,៩៣៩​នាក់ ជាប់ ១៨,៨៣៩​នាក់ ស្មើនឹង ៨៥.៨៧% និទ្ទេស A ចំនួន ៥៨៨​នាក់
-​សិស្ស​ភាសា​អង់គ្លេស​កម្រិត​ ១២ (Level12) ចំនួន ១៤,២៦៤​នាក់ បាន​ពិន្ទុ​តេស្ត​អន្តរជាតិ​អាយ​អិ​ល (IELTS) ៥.០​ឡើង ៩,៨១៤​នាក់ ស្មើនឹង ៧៨%

IV.​ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និស្សិត​បញ្ចប់​ការ​សិក្សា​ទាំង​កម្មវិធី​សិក្សា​ជា​ភាសាជាតិ និង​កម្មវិធី​សិក្សា​អន្តរជាតិ ចំនួន ៥,០៣៩​នាក់ ក្នុង​នោះ ថ្នាក់​គរុកោសល្យ ៨១៦​នាក់ បរិញ្ញាបត្រ​រង ៨១៥​នាក់ បរិញ្ញាបត្រ ៣,០១២​នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣៨៤​នាក់ និង​ថ្នាក់បណ្ឌិត ១២ នាក់​ ។​ V.​ប៊ែ​ល​ធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន​សិស្ស​-​និស្សិត​ទៅ​ក្រៅប្រទេស ចំនួន ១,៣៤៤​នាក់ ក្នុង​នោះ​សិស្ស​-​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេ​ង ១៤១​នាក់ សិស្ស​-​និស្សិត​បង់ថ្លៃ ៥៩​នាក់ និង​សិស្ស​-​និស្សិត ធ្វើ​ទស្សនកិច្ច​សិក្សា ១,១៤៤​នាក់ ​។

VI. ​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ ប៊ែ​ល​ធី បាន​ទទួល​សិទ្ធិ​រៀបចំ​តេស្ត​អន្តរជាតិ​ធំ​ៗ ៥ ៖ ១-​តេស្ត​អន្តរជាតិ​អាយ​អិ​ល (IELTS) ពី​អង់គ្លេស ២-​តេស្ត​ថូ​ហ្វ​ល (TOEFL) ពី​អាម៉េរិក​, ៣-​តេស្ត GRE (​ជី​អ​អ៊ី​) ពី​អាម៉េរិក ៤-​តេស្ត​SELT (​អេស​-​អ៊ី​-​អែ​ល​-​ធី​) ពី​អង់គ្លេស និង ៥-​តេស្ត​អន្តរជាតិ​តូ​ហ្វា​ស (TOFAS) ពី​ជប៉ុន ​។

ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​ ២០២៥
សម្រាប់​ឆ្នាំ ​២០២៥ ​នេះ ប៊ែ​ល​ធី គ្រុប បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ចំនួន ១៥​ចំណុច រួម​មាន ​៖

១- ពង្រឹង​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង​យន្តការ​គ្រប់គ្រង​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត

២- អនុវត្ត​គោលការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ដោយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក ត្រូវ​ស្គាល់​ខ្លួនឯង (Who am I​?​) ស្គាល់​ពី​តួនាទី ភារកិច្ច និង​ការ​ទទួលខុសត្រូវ ទៅ​តាម​ការ​ចាត់តាំង​របស់​ថ្នាក់លើ

៣- គោរព​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​រដ្ឋ​ជា​ធរមាន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​កែសម្រួល​បទបញ្ជាផ្ទៃក្នុង​មួយ​ចំនួន ដើម្បី​ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ

៤- អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង (Management System) ទាំង​សាលា (SMS) និង​សាកលវិទ្យាល័យ (UMS) ព្រមទាំង​ប៊ែ​ល​ធី គ្រុប ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​បន្ត​ទៅ​បង្កើត Student Portal ឱ្យ​បាន​រួចរាល់

៥- ពង្រឹង​ការងារ​គ្រប់គ្រង​ចំណូល​-​ចំណាយ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់

៦- បន្ត​យន្តការ​ត្រួតពិនិត្យ តាមដាន​ការ​អនុវត្ត​សេចក្តីសម្រេច សេចក្តីណែនាំ និង​គោលការណ៍​នានា​របស់​ប៊ែ​ល​ធី គ្រុប ដែល​បាន​ដាក់ចុះ​ឱ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់

៧- អភិវឌ្ឍ​កម្មវិធី​សិក្សា​ជា​ប្រចាំ ដើម្បី​ដើរ​ឱ្យទាន់​ទីផ្សារ​ការងារ កា​រវិ​វ​ឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ និង​ពិភពលោក

៨- ពង្រឹង​ការ​គោរព​វិន័យ​សិស្ស​-​និស្សិត​នៅ​គ្រប់​កម្រិត​-​ថ្នាក់ ជា​ពិសេស អវត្តមាន ព្រមទាំង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​មាតាបិតា និង​អ្នក​អាណាព្យាបាល

៩- បើក​ថ្នាក់​បំប៉ន​ជូន​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រឡង​ជាប់​បាក់​ឌុ​ប​ចាប់ពី ៩០% ឡើង​ទៅ និង​ទទួល​បាន​សិស្ស​និទ្ទេស A កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ហើយ​សិស្ស​ភាសា​អង់គ្លេស​កម្រិត​១២ (Level 12) ត្រូវ​បាន​ពិន្ទុ​តេស្ត​អន្តរជាតិ​អាយ​អែ​ល (IELTS) យ៉ាងតិច ៥.០​ឡើង ចាប់ពី ៨០% ឡើង​ទៅ​ ។

១០- បន្ត​លើកទឹកចិត្ត​ជ្រើសរើស​សាស្ត្រាចារ្យ​-​គ្រូ​ពេញ​ម៉ោង (Full-Time) ដោយ​ផ្តល់​ឱកាស​ឱ្យ​បន្ត​ការ​សិក្សា​ជាមួយនឹង​អាហារូបករណ៍ និង​ដំឡើង​តួនាទី (Promote) តាម​លំដាប់ថ្នាក់​/​កម្រិត រហូត​ជា​សាស្ត្រាចារ្យ (Lecturer) ឬ​គណៈ​គ្រប់គ្រង​សាខា និង​ការិយាល័យ​ផ្សេង​ៗ

១១- បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ​លើ កិច្ចការ​បណ្ដុះបណ្ដាល សិក្សា​ស្រាវជ្រាវ ការ​ចុះ​ហ្វឹកហាត់​ការងារ (Practical Training) ជា​ពិសេស​ឱកាស​ការងារ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ

១២- ជំរុញ​ការ​ផ្សព្វផ្សាយ និង​ទទួល​ស្វាគមន៍​និស្សិត​ថ្មី​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដោយ​អាច​ជ្រើសរើស​ជំនាញ និង​មហាវិទ្យាល័យ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដែល​មាន ១៣ មហាវិទ្យាល័យ និង ៤៥​មុខ​ជំនាញ

១៣- ពង្រឹងសមត្ថភាព​គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ តាម​រយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល (On the job training) ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នក​អាជីព (Train to be professional)
 
១៤- បន្ត​បើក​ថ្នាក់​ភាសា​ចិន​ចាប់ពី​កម្រិត Preschool ដល់ Level 12 សម្រាប់​ផ្នែក​សាលា និង​ពង្រឹង​មហាវិទ្យាល័យ​ចិន​នៅ​សាកលវិទ្យាល័យ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត

១៥- ខិតខំ​ពង្រឹង ប៊ែ​ល​ធី ស្រាវជ្រាវ និង​បោះពុម្ព (BELTEI University Press) ឱ្យ​ដំណើរការ​កាន់តែ​ល្អ​បន្ថែម​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត លី ឆេ​ង បាន​ថ្លែង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ គ្រប់​ផ្នែក​ទាំងអស់​នៃ​ប៊ែ​ល​ធី គ្រុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​តួនាទី​រៀង​ៗ​ខ្លួន ដោយ​អនុវត្ត​បាន​តាម​គោលការណ៍ និង​សេចក្តីសម្រេច​នានា​របស់​ថ្នាក់លើ​ដែល​បាន​ដាក់ចុះ និង​អនុវត្ត​បាន​យ៉ាង​ហ្មត់ចត់​នូវ​បទបញ្ជាផ្ទៃក្នុង និង​លិខិត​បទដ្ឋាន​ផ្សេង​ៗ ព្រមទាំង​រក្សា​បាន​នូវ​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​គួរ​ជាទី​មោ​ទ​ន​ក្រៃ​លែង ​៕ អត្ថបទសហការ