ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) បើកសន្និបាតលើកទី ១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ ត្រូវនឹងថ្ងៃទី…

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ ស.ភ.ប.ផ.ក និងជាភាសារអង់គ្លេស CAMAA បានរៀបចំសន្និបាតជាលើកដំបូងរបស់ខ្លួននៅអគារកាណាឌីយ៉ាថាវ័រភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខជាង ២០ក្រុមហ៊ុន ជាតំណាងនិយោជក និងនិយោជិតជាង ៣០០០នាក់ ដើម្បីបង្កើតចក្ខុវិស័យសម្រាប់អនាគតក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ។ 

ដោយមានការទទួលស្គាល់តាមរយៈលិខិតផ្លូវការពីក្រសួងមហាផ្ទៃចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា មានគោលការណ៍ចូលរួមសហការក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីរៀបចំរបៀបរៀបរយទាំងការផ្សព្វផ្សាយតាមផ្ទាំងអាហ្វីស ប៉ាណូ បដា និងស្លាកសញ្ញាផ្សព្វផ្សាយផ្សេងៗ ក៏ដូចជាការពង្រីកផ្នែកផ្សព្វផ្សាយឌីជីថលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជំរុញឱ្យមានការបង្កើតស្តង់ដារក្រមសីលធម៌ក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង ។

ក្រោមការដឹកនាំរបស់លោក គៀន សាន ប្រធានសមាគម បានផ្ដោតការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម បម្រែបម្រួលក្នុងបរិបទឌីជីថល និងការពង្រឹងទំនុកចិត្តរបស់អតិថិជន ។ ព្រឹត្តិការណ៍នេះជាសក្ខីភាពនៃការចាប់ផ្ដើមប្រវត្តិសាស្រ្តថ្មីក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជាការត្រួសត្រាយផ្លូវទៅកាន់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ក៏ដូចជាជួយដល់សមាជិកសមាគមទាំងអស់ឱ្យមានការរីកចម្រើនទាំងអស់គ្នា ៕ អត្ថបទសហការ