រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាព គឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយ ណាមួយឡើយ ។ នេះជាការលើកឡើង របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ ។ នៅកម្ពុជាគ្មានឡើយការរើសអើងជន ដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារជនមានពិការភាព ត្រូវបានលើកទឹកចិត្ត ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បើតាមច្បាប់ស្តីពីការងារវិស័យឯកជនត្រូវទទួលជន ដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន១% នៃចំនួនកម្មករនិយោជិតសរុប ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាព ចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់ ។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រចំនួន ២៨៧ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពទូទាំងប្រទេស ។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារជាង ៥ ៦០០ នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣ ៥០០ នាក់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តន៍ទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជនមានពិការភាព នៅក្នុងវិស័យសាធារណៈ និងឯកជន ។ លើសពីនេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាព ដល់ជនគ្រប់រូប រួមទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានចំណេះជំនាញ ច្បាស់លាស់អាចប្រកបការងារ និងមានទំនួលខុសត្រូវលើមុខតួនាទីការងារ បានគឺជាចំនុចសំខាន់បំផុត ។ ស្របគ្នានេះដែរ ក្រសួងក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដែលផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមានឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និងសមត្ថភាពពិតប្រាកដ ដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ