ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ វឌ្ឍនភាព​អស្ចារ្យ​ឆ្ពោះទៅ​កាន់​ទីផ្សារអន្តរជាតិ ប្រទេស​កូរ៉េ​ខាងត្បូង

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ ក្រុមហ៊ុន ​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ផលិត​មី​កញ្ចប់​ឆ្អិន​ស្រាប់ នៅ​កម្ពុ​ជាមួយ​នេះ បាន​នាំ​ចេញ​ផលិតផល…

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ ក្រុមហ៊ុន ​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ផលិត​មី​កញ្ចប់​ឆ្អិន​ស្រាប់ នៅ​កម្ពុ​ជាមួយ​នេះ បាន​នាំ​ចេញ​ផលិតផល មី​ជាតិ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ហើយ នា​ដើមឆ្នាំ ​២០២៥ ​នេះ បន្ទាប់​ពី​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ដំបូង​កាលពី​ឆ្នាំ​២០២១ ​។

នេះ​ជា​មោទនភាព​ថ្មី ​នៃ​ផលិតផល​ជាតិខ្មែរ លើ​វិសាលភាព​ចែកចាយ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ី​បូព៌ា​ ។ ការ​បើក​ទំព័រ​នៃ​ដំណើរការ​នាំ​ចេញ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មានការ​រៀបចំ​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​សុក្រ ទី​ ៧ ខែមីនា ឆ្នាំ ​២០២៥ នៅ​ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​រោងចក្រ​ផលិត​មី​ជាតិ​) ដែល​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​តំណាង​ក្រសួងពាណិជ្ជកម្ម គណ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន តំណាង​ក្រុមហ៊ុន​ចែកចាយ​ពី​ប្រទេស​កូរ៉េ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នេះ ពិតជា​បាន​ផ្តល់​ភាព​វិជ្ជមាន​ជា​ច្រើន​ដល់​ផលិតផល​មី​ជាតិ លើស​ពី​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង ពី​ការ​ទទួលស្គាល់ ជឿជាក់​លើ​គុណភាព និង​រសជាតិ ផលិតផល​មី​ជាតិ ស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ ​។ ការ​នាំ​ចេញ​នេះ​បាន​ផ្តល់​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត សម្រាប់​ផលិតផល ​មី​ជាតិ ក្នុង​ការ​បង្ហាញ​វត្តមាន​ខ្លួន​លើ​ទីផ្សារ​អន្តរជាតិ ខណៈ​គុណភាព និង​រសជាតិ​នេះ​បាន​ទទួលស្គាល់​រួច​ជា​ស្រេច​ពី​សំណាក់​ប្រជាជន​នៅ​ក្នុងស្រុក​ ។ លោក​ជំទាវ បាន​បន្ត​ទៀត​ថា មី​ជាតិ បាន​ផលិត​ឡើង​ក្នុង​ស្តង់ដារ​មួយ​ដ៏​ត្រឹមត្រូវ តាំងពី​ថ្ងៃ​បង្កើត​ដំបូង ដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ ជា​ផលិតផល​ចំណីអាហារ ដែល​គេ​គ្រប់​គ្នា​ទទួលស្គាល់ ហើយ​ការ​នាំ​ចេញ ថ្ងៃនេះ​ជា​ដំណើរ​ឆ្ពោះទៅ​មុខ​មួយ​ដំណាក់កាល​ទៀត ដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ជាង ៦​ឆ្នាំ​កន្លង​មកនេះ ដើម្បី​លើកកម្ពស់​ផលិតផល​ស្រុក និង​វិស័យ​ចំណីអាហារ វេច​ខ្ចប់​នៅ​កម្ពុជា ។

លោក ឈែ ជុង​ម៉ូ​ន នាយក​ប្រតិបត្តិ ក្រុមហ៊ុន Ringpang Co., Ltd តំណាង​ដៃគូ​ចែកចាយ​មី​ជាតិ ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំបាទ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ និង​មាន​កិត្តិយស​យ៉ាង​ក្រៃ លែង​សម្រាប់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​មី​ជាតិ លើក​ដំបូង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ ។ ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​ក្នុង​ការ​នាំ​ចេញ កម្រិត​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​របស់​មី​ជាតិ ត្រូវ​បាន​ឆ្លងកាត់​ការ​សិក្សា និង​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​បទដ្ឋាន​ស្តង់ដារ ដើម្បី​ធានា​ដល់​ការ​នាំ​ចេញ​ប្រកបដោយ​សុវត្ថិភាព​និង​គុណភាព​”​ ។

លោក​បន្ត​ទៀត​ថា នៅ​ប្រទេស​កូរ៉េ មាន​ផលិតផល​មី​ក្នុងស្រុក និង​មី​នាំ​ចូល​រាប់​សិប​ស្លាក​សញ្ញា ដែល​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជា​ច្រើន​រួម​មាន ជប៉ុន ចិន វៀតណាម ជាដើម ប៉ុន្តែ​ខ្ញុំបាទ​មិន​ទាន់​បាន​ឃើ​ញ​មាននូវ​វត្តមាន​មី​កញ្ចប់​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ​។ លោក​ជឿជាក់​ថា “​ការ​នាំ​ចេញ​នេះ​មាន​បំណង​ចង់​ពាំនាំ​នូវ​អនុស្សាវរីយ៍ និង​ការ​ចង​ចាំ​នៃ​រសជាតិ​ស្រុក​កំណើត​ជូន​ដល់​ប្រជាជន​កម្ពុជា ចំនួន ១០​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ចង់​ណែនាំ​នូវ​ផលិតផល​មី​កញ្ចប់​ថ្មី រសជាតិ​ឈ្ងុយ​ឆ្ងាញ់​មួយ​នេះ​ជូន​ប្រជាជន​កូរ៉េ​ផង​ដែរ​” ។

លោក ស៊ិ​ន ស៊ី​ដេ​ត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ ការពារ​អ្នក​ប្រើប្រាស់ ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​បាន​អនុវត្ត​នូវ​អភិក្រម រួម​មានការ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុងស្រុក ការ​ផលិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ជប៉ុន និង​ការ​បំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ផ្នែក​គុណភាព និង​សុវត្ថិភាព​ដោយ​ដាក់ ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ ISO22000:2018, ប្រព័ន្ធ ISO9001:2015, ប្រព័ន្ធ GHPs និង​ប្រព័ន្ធ HACCP ជាដើម​។ ក្នុង​ឱកាស​នេះ​ដែរ លោក​បន្ត​ថា “​ខ្ញុំបាទ​សូម​ចូលរួម​អបអរសាទរ ប្រកបដោយ​មោទនភាព​ជាមួយ​មី​ជាតិ ចំពោះ​សមិទ្ធិ​ផល​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន ដែល​អាច​នាំ​ចេញ​មី​ជាតិ ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ គុណភាព សុវត្ថិភាព​ម្ហូបអាហារ ស្រប​តាម​បទដ្ឋាន​អនុញ្ញាត និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ របស់​សាធារណៈរដ្ឋ​កូរ៉េ​។ លោក​សង្ឃឹមថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ទីផ្សារ​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ​” ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ដែល​ជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩ ដោយ​មាន​រោងចក្រ​ផលិត​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។ បច្ចុប្បន្ន​នេះ មី​ជាតិ​មាន​រសជាតិ​ប្រាំ​ជម្រើស​រួម​មាន មី​ជាតិ​ខ​គោ​គ្រឿង​ខាប់​រសជាតិ​ដើម មី​ជាតិ​សាច់​ជ្រូក​ចិញ្ច្រាំ មី​ជាតិ​ឆា​ស៊ុតមាន់ មី​ជាតិ​ម្ជូរ​បង្គា និង​មី​ជាតិ​គ្រឿង​សមុទ្រ​គោក ដែល​រសជាតិ​ទាំង​ប្រាំ​នេះ ត្រូវ​បាន​ឆ្លងកាត់​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រម​ជាមួយ​ការ​ផលិត ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ផ្តល់​នូវ​ផលិតផល​គុណភាព​ខ្ពស់ មាន​អនាម័យ ជាមួយនឹង​រសជាតិ​ខ្មែរ​ពិត​ៗ ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​មី​ជាតិ “​ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​”​ ៕ អត្ថបទសហការ