រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសសមាជិកទី ៥ ក្នុងកម្មវិធី R.I.S.E របស់សម្ព័ន្ធធនាគារ មេយប៊ែង និងមានគោលដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ជាង ១០០០ នាក់ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ ។
ធនាគារ មេយប៊ែង តាមរយៈមូលនិធិធនាគារ មេយប៊ែង បានប្រកាសសម្ពោធជាផ្លូវការ កម្មវិធីសង្គម ដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ៖ «កម្មវិធីឈានទៅកាន់ឯករាជ្យភាព និងសហគ្រិនភាពប្រកបដោយចីរភាព» ឬហៅថា R.I.S.E នៅប្រទេសកម្ពុជា ។ ពិធីដាក់សម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅទីតាំង Lively Plaza ផ្សារទំនើប អ៉ីអន ភ្នំពេញ ទន្ទឹមនឹងការអបអរសាទរសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់សមាជិកឆ្នើម ៣ រូបរបស់ខ្លួន ពីជំនាន់ទី ១ នៃកម្មវិធី ដែលទទួលបានភាពជោគជ័យក្នុងការបង្កើនប្រាក់ចំណូលបន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៃកម្មវិធីនេះកាលពីពេលកន្លងទៅ ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធីបតីភាព លោក Tan Sri Dato’ Sri Ir. Zamzamzairani Mohd Isa ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធធនាគារ មេយប៊ែង និងមូលនិធិធនាគារ មេយប៊ែង និងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា ។
កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shariffuddin Khalid សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ មេយប៊ែង ខេមបូឌា លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា និង លោក Shahril Azuar Jimin នាយកប្រតិបត្តិចីរភាព នៃសម្ព័ន្ធធនាគារ មេយប៊ែង ។
លោក Tan Sri Dato’ Sri Ir. Zamzamzairani ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធធនាគារ មេយប៊ែង និង មូលនិធិធនាគារ មេយប៊ែង បានមានប្រសាសន៍នៅក្នុងសន្ទរកថា បើកកម្មវិធីថា ៖ «ការពង្រីកកម្មវិធីសង្គម R.I.S.E. នៅប្រទេសកម្ពុជា គឺស្របតាមការអភិវឌ្ឍន៍ក្នុងតំបន់របស់សម្ព័ន្ធធនាគារ មេយប៊ែង និងគោលដៅចីរភាពមួយក្នុងចំណោមគោលដៅចីរភាពជាច្រើនរបស់ខ្លួន ពោលគឺផែនការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារចំនួន ២ លានគ្រួសារ នៅទូទាំងតំបន់អាស៊ាន ត្រឹមឆ្នាំ ២០២៥ ។ ផ្អែកលើភាពជោគជ័យ ដែលយើងសម្រេចបាននៅទូទាំងតំបន់អាស៊ាន កម្មវិធីនេះបានបង្ហាញពីផលវិជ្ជមានជាក់ស្តែង ក្នុងការជម្រុញសហគ្រិនភាព ឯករាជ្យភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះ» ។
នៅក្នុងកម្មវិធីនេះ ក៏មានពិធីប្រគល់រង្វាន់ ដែលធ្វើឡើងដើម្បីកោតសរសើរដល់អ្នកចូលរួមឆ្នើមទាំងបីរូប ដែលបានបង្ហាញពីការរីកចម្រើនដ៏លេចធ្លោ នៅក្នុងអាជីវកម្ម និងការបង្កើនប្រាក់ចំណូលរបស់ខ្លួន ។ ជ័យលាភីទាំងបីរូប ទទួលបានវិញ្ញាបនបត្រ និងស្លាកកោតសរសើរ ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងភាពជោគជ័យរបស់ពួកគាត់ ។ បន្ថែមពីនេះ កម្មវិធីនេះក៏មានដាក់តាំងបង្ហាញស្តង់ ដែលរៀបចំដោយ អ្នកចូលរួមកម្មវិធី R.I.S.E. ដែលបានចូលរួមបង្ហាញ និងលក់ផលិតផលដូចជា វាយនភណ្ឌ សិប្បកម្ម និងម្ហូបអាហារ ដែលអនុញ្ញាតឱ្យពួកគេទទួលបានប្រាក់ចំណូលបន្ថែម ។
លោកស្រី កែវ រចនា អ្នកចូលរួមកម្មវិធី R.I.S.E. ពីខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ «កម្មវិធី R.I.S.E. បានជួយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត ដោយផ្តល់នូវឧបករណ៍ និងជំនាញដ៏ចាំបាច់សម្រាប់អាជីវកម្មរបស់ខ្ញុំ ដើម្បីរីកចម្រើនក្នុងទីផ្សារ ។ ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូល ឥឡូវនេះខ្ញុំអាចជួយសម្រួលជីវភាពគ្រួសាររបស់ខ្ញុំ ឱ្យកានតែរីកចម្រើនថែមមួយកម្រិតទៀត ។ លើសពីនេះ តាមរយៈសមិទ្ធផលរបស់ខ្ញុំនេះ ខ្ញុំក៏បានជួយចែករំលែក និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ» ។
រហូតមកដល់បច្ចុប្បន្នកម្មវិធី R.I.S.E. បានចូលរួមពង្រឹងសមត្ថភាពដល់បុគ្គលចំនួន ១.២៥២ នាក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង ៤០% នៃអ្នកដែលចូលរួមវគ្គបណ្តុះបណ្តាល ទទួលបានការកើនឡើងនៃប្រាក់ចំណូលជាមធ្យមប្រចាំខែ ៣៣១,៣៩% ពី ៥,០១ដុល្លារ ដល់ ២១,៦១ដុល្លារ ដែលភាគច្រើន ពួកគេបានក្លាយទៅជាសហគ្រិនដែលអាចពឹងផ្អែកលើខ្លួនឯងបាន ។ នៅឆ្នាំ ២០២៣ មូលនិធិ Maybank បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងអជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ដើម្បីជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ដែលងាយរងគ្រោះក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនឱកាសរកប្រាក់ចំណូល ។
កម្មវិធី R.I.S.E. ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់សហគមន៍ដែលដែលងាយរងគ្រោះ ជាពិសេសជនដែលមានពិការភាព តាមរយៈការជួយគាំទ្រពួកគាត់លើការបង្កើនប្រាក់ចំណូល និងឈានទៅកាន់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ។ ពេញមួយវដ្តនៃកម្មវិធី អ្នកចូលរួមនឹងចូលរួមវគ្គបណ្តុះបណ្តាលសហគ្រិនភាពរយៈពេល ៣ ថ្ងៃ លើប្រធានបទដូចជា ការវិភាគអតិថិជន និងទម្រង់អាជីវកម្ម បន្ទាប់មកពួកគេនឹងទទួលបាន ការណែនាំរយៈពេលប្រាំមួយខែ ដែលពួកគេនឹងអភិវឌ្ឍជំនាញសហគ្រិន ដូចជាយុទ្ធសាស្ត្រផ្នែកលក់ និងផែនការប្រតិបត្តិការ ដើម្បីជួយឱ្យពួកគេសម្រេចបាននូវកម្រិតប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់កម្រិតជីវភាពទូទៅរបស់ពួកគេ ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានសង្កត់ធ្ងន់ថា កម្មវិធី R.I.S.E. មានអត្ថប្រយោជន៍ លើសពីគ្រាន់តែជួយគាំទ្រអ្នកចូលរួមក្នុងកម្មវិធីនេះ ។ លោក រ័ត្ន សោភ័ណ មានប្រសាសន៍ថា ៖ «ជាទូទៅ ការកើនឡើងនៃប្រាក់ចំណូលគ្រួសារ នឹងនាំទៅរកភាពប្រសើរឡើង មិនត្រឹមតែសម្រាប់ជីវភាពរស់នៅរបស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កើតឥទ្ធិពលដ៏ខ្លាំងក្លាដល់មជ្ឍដ្ឋានគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ។ កម្មវិធី R.I.S.E. បានផ្តល់វេទិកាមួយ ដែលអ្នកចូលរួមអាចអភិវឌ្ឍខ្លួនឱ្យរីកចម្រើន និងឆ្លងកាត់នូវឧបសគ្គផ្នែកហិរញ្ញវត្ថុនានា ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគាត់» ។
លោក Tan Sri Dato’ Sri Ir. Zamzamzairani បានបន្ថែមថា ៖ «ស្របពេលយើងចាប់ផ្តើមទំព័រថ្មី នៅក្នុងប្រទេសកម្ពុជា យើងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងជំរុញឱ្យទទួលបានសមិទ្ធផលដ៏ជោគជ័យជាច្រើនបន្ថែមទៀត និងបន្តបណ្តុះវប្បធម៌បរិយាបន្ន ផ្តល់សិទ្ធិអំណាចដល់បុគ្គលគ្រប់រូប ឱ្យមើលឃើញពីសមត្ថភាពរបស់ខ្លួន ដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ ។ យើងពិតជារំភើបចំពោះលទ្ធភាពដែលកម្មវិធីនេះ នឹងនាំមក ហើយយើងទន្ទឹងរង់ចាំមើលពីផលវិជ្ជមានដែលកម្មវិធី នឹងមានចំពោះសហគមន៍សម្រាប់អនាគតខាងមុខ» ។
ចាប់តាំងពីឆ្នាំ ២០១៤ កម្មវិធី R.I.S.E. បានចូលរួមផ្លាស់ប្តូរជីវភាពអ្នកចូលរួមជាង ៤១.០០០ នាក់ ក្នុង ប្រទេសទាំង ៦ ក្នុងតំបន់អាស៊ាន រួមមានប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ។ ផ្អែកលើសមិទ្ធផលទាំងនេះ មូលនិធិធនាគារ មេយប៊ែង មានគោលបំណងគាំទ្រ ក្រុមងាយរងគ្រោះជាង មួយពាន់នាក់នៅឆ្នាំ ២០២៥ ដោយកំណត់គោលដៅ នៅក្នុងបណ្តាខេត្តថ្មីៗក្នុងប្រទេសកម្ពុជា និងបន្តបន្ថែមខេត្តគោលដៅជាច្រើនទៀតនៅឆ្នាំបន្ទាប់ ។
មូលនិធិធនាគារ មេយប៊ែង ត្រូវបានបង្កើតឡើង ជាអង្គភាពផ្តោតលើផលវិជ្ជមានសង្គមក្នុងតំបន់ ដោយគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ «សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព» ។ ក្នុងការប្តេជ្ញាជាកម្លាំងជំរុញភាពល្អប្រសើរ ខណៈរក្សាផ្តល់ផលវិជ្ជមានដល់សហគមន៍របស់ខ្លួន មូលនិធិធនាគារ មេយប៊ែង បានចូលរួមគាំទ្របុគ្គលជាង ៥៤០.០០០ នាក់ចាប់តាំងពីឆ្នាំ ២០១៣ ។ ការទទួលស្គាល់ជាផ្លូវការពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ ធនាគារ មេយប៊ែង ក្នុងការបង្កើតឱ្យមាន ផលវិជ្ជមានក្នុងសង្គម ដែលពោរពេញដោយអត្ថន័យ អាចវាស់វែងបាន និងមានភាពយូរអង្វែងនៅទូទាំងតំបន់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ