ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា និង ERIA ពិភាក្សាពីការអភិវឌ្ឍ​យុទ្ធសាស្ត្រ​សម្រាប់​ហិរញ្ញប្បទាន​ឌី​ជី​ថ​ល​បៃតង​នៅ​កម្ពុជា

2 ថ្ងៃ មុន

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ…

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ Tetsuya Watanabe ជា​ប្រធាន​វិទ្យាស្ថាន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​សាស្ត្រាចារ្យ បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន ERIA នា​ពេល​កន្លង​មក ដោយ​មានការ​ចុះ​អនុស្សរណៈ​យោគយល់ ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សម្រាប់​ហិរញ្ញប្បទាន​ឌី​ជី​ថ​ល​បៃតង​នៅ​កម្ពុជា ព្រមទាំង​ការ​អនុវត្ត​គម្រោង​ស្រាវជ្រាវ​រួម​គ្នា លើ​ទិដ្ឋភាព​ហិរញ្ញប្បទាន​ឌី​ជី​ថ​ល​បៃតង​ ។

បន្ថែម​លើ​នេះ ឯកឧត្តម​ក៏​បាន​លើក​សរសើរ​ពី​ការ​រៀបចំ​បាន​យ៉ាង​ល្អ​នូវ​គម្រោង​សំណើ​ស្រាវជ្រាវ​របស់​ក្រុមការងារ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ឯកឧត្តម​រំពឹង​ថា ​នឹង​យក​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​សម្រាប់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ដើម្បី​ដាក់​បញ្ចូល​ក្នុង​កំណត់​បង្ហាញ​នៃ​កិច្ចប្រជុំ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​សហគមន៍​បំ​ភាយ​ឧស្ម័ន​កម្រិត​សូន្យ​អាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC)​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នា​ពេល​កន្លង​មក​ព្រមទាំង​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​គោលនយោបាយ​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា ​។

ទន្ទឹម​នេះ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​លទ្ធភាព​មាន​កម្រិត​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ក្នុង​ការ​ទទួល​បាន​ប្រភព​ហិរញ្ញប្បទាន​បៃតង និង​បាន​រំលេច​ពី​តួនាទី​របស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ក្នុង​ដំណើរការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​ឌី​ជី​ថ​ល​បៃតង​នៅ​កម្ពុជា​ផង​ដែរ ​។

ជា​រួម ឯកឧត្តម​សាស្ត្រាចារ្យ និង​លោក​ជំទាវ បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល ដែល​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ៕ អត្ថបទសហការ