
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីចែករំលែកបទពិសោធន៍ជូននិស្សិតជាង ២,២០០នាក់ ក្រោមអធិបតីភាព និងវាគ្មិនកិត្តិយស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយា កាសគ្មានវិវាទ” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបជាង ២,២០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី ២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៥០០នាក់ និងចូល រួមតាមប្រព័ន្ធ Zoom នៅទីតាំងទី ១ (ទួលស្លែង) ជាង ៧០០នាក់ ។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥ កម្រិតធំៗ ១- ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-កុំព្យូរទ័រ, ២- ថ្នាក់បរិញ្ញាបត្ររង, ៣- ថ្នាក់បរិញ្ញាបត្រ, ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥- ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា ៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស ១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ) ។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិន កិត្តិយសចែករំលែកបទពិសោធន៍ដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពកោតសរសើរនិងអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងការងារវាស់វែងដីធ្លីក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ វិវាទដីធ្លី ដើម្បីធានាការគ្រប់គ្រងនិងប្រើប្រាស់ដីដោយសមធម៌ និងសុខសាន្ត ។ ឯកឧត្តមបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់កិត្តិយសអញ្ជើញជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍ដឹកនាំ ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ព្រមទាំងបានផ្តាំផ្ញើអង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង ប៊ែលធី គ្រុប ដែលបានចាប់អារម្មណ៍នូវអ្វីដែលក្រសួងកំពុងតែអនុវត្តនិងស្នើសុំឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ នាថ្ងៃនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា យើងទាំងអស់គ្នាបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងខ្សែជីវិតរបស់ខ្លួន គឺការសម្រេចចិត្តមកសាលារៀន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាដែលជាចំណងចំណូលចិត្តរបស់ខ្លួន ប៉ុន្តែមិនប្រាកដ ថាការជ្រើសរើសនេះគឺត្រឹមត្រូវ ១០០% នោះទេ ។ នោះហើយគឺជាដំណើរនៃការស្វែងយល់និងការស្គាល់ខ្លួនឯង ដែលនេះគឺជា ដំណើរការកសាងជីវិតរបស់ខ្លួនក្រោមការសម្រេចចិត្តដ៏ច្បាស់លាស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាង ប្រទេសជាតិមួយប្រៀបដូចទៅនឹងការកសាងគ្រួសារមួយដូច្នោះដែរ ។ ប្រសិនបើ ការកសាងគ្រួសារបានត្រឹមត្រូវប្រកបដោយ សុភមង្គល កូនចៅទទួលបានការអប់រំរៀនសូត្រ មានការងារធ្វើសមរម្យ នោះប្រទេសជាតិប្រាកដជាមានភាពសុខសាន្ត ហើយ រាល់ជំហានដែលត្រូវបោះទៅមុខប្រាកដជាមានភាពត្រឹមត្រូវ និងអាចបន្តនិរន្តរភាពនៃសង្គមជាតិតទៅមុខទៀត ។ ផ្ដើមចេញពី ការសម្រេចចិត្តត្រឹមត្រូវទាំងអស់គ្នា ដំណើររបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នាពេលនេះ គឺជាដំណើរ របស់ប្រទេសជាតិ ហើយដំណើររបស់ប៊ែលធីគ្រុប ក៏ជាដំណើររបស់ប្រទេសជាតិផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវការងារចំនួន ៦ ចំណុច ជាអាទិ៍ ការចុះបញ្ជីដី បង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី ដែលក្រសួងបានអនុវត្តដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ បង្កើតបរិយាកាសគ្មាន វិវាទសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជាគតិចែករំលែកដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី បានយល់ដឹងផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ