រាជធានីភ្នំពេញ ៖ ពលករខ្មែរកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី។ ទន្ទឹមនឹងនេះ ពួកគេបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងមិនទៅចូលរួមធ្វើបាតុកម្មដែលជាការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងប្រឆាំងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាកោះគុត ។
លោក ណាក់ សុីនួន ជាពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសកូរ៉េខាងត្បូងសូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារប្រកបដោយសន្តិវិធី ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរត្រូវជឿជាក់លើថ្នាក់ដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងការកើតមានជម្លោះការទូតជាមួយប្រទេសជិតខាង។ ពលរដ្ឋខ្មែររូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង ។
ដោយឡែក លោក ឆុន ប៊ុនហ៊ា ជាពលករខ្មែរធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញគោលជំហរថាខ្លួនមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ។
ពលករខ្មែរនៅប្រទេសកូរ៉េម្នាក់ទៀត លោក ដា វីដ បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង ដែលជាមិត្ត។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី ។
ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។ ទន្ទឹមនេះ សូមជឿជាក់លើដំណោះស្រាយដោយសន្តិវិធី ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ