ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ យុទ្ធនាការ​បរិច្ចាគ​ឈាម ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់​»

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មក​ពី​គ្រប់​ទិស​ទី​នៃ​ទូ​ទាំង​ខណ្ឌ​ទាំង ១៤ ​នៃ​រាជធានី​ភ្នំពេញ រួម​មាន​សិស្ស​, និស្សិត​, យុវជន​កាកបាទក្រហម​, សប្បុរសជន​, បុគ្គលិក​វី​តា​ល់…

រាជធានី​ភ្នំពេញ ៖ អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មក​ពី​គ្រប់​ទិស​ទី​នៃ​ទូ​ទាំង​ខណ្ឌ​ទាំង ១៤ ​នៃ​រាជធានី​ភ្នំពេញ រួម​មាន​សិស្ស​, និស្សិត​, យុវជន​កាកបាទក្រហម​, សប្បុរសជន​, បុគ្គលិក​វី​តា​ល់ មី​ជាតិ មន្ត្រីរាជការ ក្រសួង​ស្ថាប័ន សរុប ១១៦៧ នាក់ ក្នុងនោះស្រីចំនួន ៤១២ នាក់ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​នា​ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់​» ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នា​ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែល​ជា​ការ​សហការ​រៀបចំ និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់ និង មី​ជាតិ​) ។

យុទ្ធនាការ​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជួបជុំ​អ្នក​ស្ម័គ្រចិត្ត​ពី​គ្រប់​ទិស​ទី និង​គ្រប់​ស្រទាប់វណ្ណៈ រួម​គ្នា​ផ្តល់​អំណោយ​ឈាម ដោយ​ផ្សា​ភ្ជាប់​អត្ថន័យ​នៃ​ការ​ចែករំលែក​សេចក្តី​ស្រឡាញ់​និង​អំពើ​ល្អ ជូន​ចំពោះ​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែល​ចេញពី​បេះដូង​ពោរពេញ​ដោយ​មនោសញ្ចេតនា និង​សាមគ្គីភាព ។

ឯកឧត្តម​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​ក្រសួងសុខាភិបាល បាន​កោតសរសើរ​ចំពោះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​ការ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ​ឡើង​ក្នុង​គោលបំណង​ជួយ​ជំរុញ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​ឱ្យ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​គ្រប់​រូប ដែល​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព និង​សុខមាលភាព របស់​ប្រជាជន​កម្ពុជា ដែល​ជា​ការ​ចែករំលែក​ជីវិត​ដល់​ជន​រង​គ្រោះ និង​អ្នកជំងឺ​គ្រប់​ប្រភេទ ជា​ច្រើន​នាក់​នៅ​កម្ពុជា ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​វេជ្ជបណ្ឌិត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ទៅ​ដល់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់ និង មី​ជាតិ​) តែង​តែង​ចូលរួម​គាំទ្រ និង​ផ្សព្វផ្សាយ​នូវ​រាល់​សកម្មភាព​បរិច្ចាគ​ឈាម​នា​ពេល​កន្លង​មក ​។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ​២០២៥ នេះ​ជា​លើក​ទី​៩ ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល​បាន​រៀបចំ​ឡើង​យ៉ាង​ស្រស់​ស្អាត ក្រោម​ប្រធានបទ «​ផ្ដល់​ឈាម ផ្ដល់​ក្ដី​ស្រឡាញ់​» គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ​សម្រាប់​យើង​ទាំងអស់​គ្នា និង​មាន​គោលបំណង​សំខាន់ ២ គឺ ៖ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​យុវជន យុវនារី ប្រជាជន​ទូទៅ​ចែករំលែក​ក្តី​ស្រឡាញ់​របស់​គាត់​ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម ។

ដើម្បី​អំពាវនាវ​ឱ្យ​គ្រប់​អង្គភាព ស្ថាប័ន វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​ចូលរួម​ចំណែក​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជំរុញ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត ។ លោក​វេជ្ជបណ្ឌិត បន្ត​ថា យើង​ត្រូវការ​ឈាម​មួយ​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​រៀង​រាល់ ៥ នាទី​ម្តង ។ តម្រូវការ​ឈាម​ប្រចាំ​ថ្ងៃ សរុប​មាន​ពី​ ៣០០ ទៅ ៣៥០ ប្លោក​នៅ​រាជធានី​ភ្នំពេញ ​។ តាម​តួលេខ​បាន​បង្ហាញ​ថា តម្រូវការ​ឈាម​ក្នុង​ឆ្នាំ​ ២០២៤ ​កន្លង​មកនេះ មាន​ចំនួន​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ និង​មិន​ទទួល​កម្រៃ ចំនួន ៣៥,៦៧៥​ប្លោក ស្មើនឹង ២២.៤០% នៃ​អំណោយ​ឈាម​ទាំងអស់ ១៦៦,៥២៤​ប្លោក ​។ តម្រូវការ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជាង ១៧៩,៣៣២​ប្លោក ហើយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​គ្របដណ្តប់​ជាង ៧៥%​នៃ​ការ​ផ្គត់ផ្គង់​ឈាម​ទូ​ទាំង​ប្រទេស ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់ និង​មី​ជាតិ​) បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​កោត​ស​សើរ​ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​ផ្តួចផ្តើម​ឱ្យ​មានការ​រៀបចំ​កម្មវិធី​នេះ​យ៉ាង​ទៀត​ទាត់ និង​រៀង​រាល់​ឆ្នាំ ដើម្បី​ជា​លទ្ធភាព និង​ឱកាស​នៃ​ការ​ជួបជុំ​អ្នក​ស្ម័គ្រចិត្ត ក្នុង​ការ​ផ្តល់​អំណោយ​ឈាម និង​អត្ថន័យ​នៃ​ការ​ចែករំលែក​សេចក្តី​ស្រឡាញ់ ជូន​ខ្លួនឯង ជូន​មនុស្ស​ជាទី​ស្រឡាញ់ និង​មនុស្ស​ជុំវិញ​ខ្លួន ។

លោក​ជំទាវ បន្ត​មាន​ប្រសាសន៍​ថា វី​តា​ល់ ក្រៅពី​ផ្តល់​ជូន​នូវ​ ទឹក​ពិសា​ដែល​មានគុណ​ភាព​, សុវត្ថិភាព​, និង​អនាម័យ​ខ្ពស់ វី​តា​ល់ តាម​រយៈ មូលនិធិ​ ២៥​រៀល បាន​ចូលរួម​ចំណែក​ក្នុង​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ​អភិវឌ្ឍ​សង្គម ជាមួយ​សកម្មភាព​សប្បុរសធម៌​នានា ដោយ​ឈរ​លើ​សសរ​ស្តុ​ម្ភ ៤ ចំបង រួម​មាន ៖ វិស័យ​អប់រំ​, បរិស្ថាន​, សុខាភិបាល​-​កីឡា និង​សង្គម វប្បធម៌ សម្រាប់​ជា​គុណ​ប្រ​យោ​ជ​ន៏​ជូន​សង្គម​ជាតិ និង​ដល់​អតិថិជន​របស់​យើង ​។ វី​តា​ល់​ប្តេជ្ញា​នឹង​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​ការងារ របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​ដំណើរការ​ប្រមូល​ឈាម រួម​ទាំង​យុទ្ធនាការ នៃ​ការ​ចុះ​ប្រមូល​ផ្តល់​អំណោយ​ឈាម ដែល​ឈាន​ទៅ​ដល់​ការ​ពង្រីក​វិសាលភាព​ប្រមូល​ឈាម​បន្ថែម​នៅ​តាម​បណ្ដា​ខេត្ត នា​ថ្ងៃ​អនាគត​ផង​ដែរ​ ។

នេះ​ជា​កិច្ចសហការ​រៀបចំ និង​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ វី​តា​ល់ និង​មី​ជាតិ ដែល​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជាមួយនឹង​ការ​យកចិត្តទុកដាក់ ការ​ស្រឡាញ់ និង​ចូលរួម ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ និង​សង្គម​ជាតិ ពី​ស្លាក​សញ្ញា នៃ​ផលិតផល​របស់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី​។ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​» ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>