ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈ​ប្រឹក្សា​ភិ​បាល កម្មវិធី​មុខរបរ​ និង​ការងារ​សមរម្យ​ របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III)

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ គណៈ​ប្រឹក្សា​ភិ​បាល នៃ​កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III : Decent Employment for…

រាជធានី​ភ្នំពេញ​៖ គណៈ​ប្រឹក្សា​ភិ​បាល នៃ​កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Joseph Scheuer អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដោយ​មាន​វត្តមាន​ចូលរួម​ ពី​តំណាង​អន្តរក្រសួង​, តំណាង​អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​, ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC), និង​តំណាង​សមាគម​និយោជក ​។

កិច្ចប្រជុំ​នេះ មាន​គោលបំណង ទី​១/ ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ ក្នុង​ឆ្នាំ​ដំបូង​នៃ​កម្មវិធី​មុខរបរ​ និង​ការងារ​សមរម្យ​ របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III), ទី​២/ ការ​ពិនិត្យ​ឡើង​វិញ និង​អនុម័ត​ផែនការ​ ការងារ​របស់ DEY III សម្រាប់​ឆ្នាំ ២០២៥, ទី​៣/ ពិនិត្យ និង​អនុម័ត​លើ​បែបបទ​ការងារ​របស់​លេខាធិការដ្ឋាន​រួម DEY III, ទី​៤/ ពិភាក្សា​អំពី​អនុសាសន៍​គោលនយោបាយ​សំខាន់​ៗ ដោយ​ផ្អែក​លើ​សន្និសីទ​សេដ្ឋកិច្ច​ការងារ ឆ្នាំ​២០២៤ ​។

តាម​រយៈ​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង សួរ បាន​សម្តែង​ការ​អរគុណ​ចំពោះ​ដៃគូ​ របស់​អង្គការសហប្រជាជាតិ ដូច​ជា អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO), អង្គការ UNESCO, អង្គការ UNIDO, អង្គការ UNICEF, និង​ក្រសួង​ពាក់ព័ន្ធ​, ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ​(SDC), រួម​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​សម្រាប់​កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣(DEY III)​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​ របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III) មាន​សារៈសំខាន់​ក្នុង​ការ​ធានា​នូវ​ការងារ​សមរម្យ​សម្រាប់​យុវជន និង​ការ​ពង្រីក​លទ្ធភាព​សម្រាប់​យុវជន​ក្នុង​ការ​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ដែល​មានគុណ​ភាព និង​ស្រប​តាម​តម្រូវការ​ជាក់ស្តែង ​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក Joseph Scheuer ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​នានា​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចាប់ផ្តើម​ការ​អនុវត្ត​កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III)​។ លោក​ជឿជាក់​ថា កម្មវិធី DEY III នេះ នឹង​រួមចំណែក​ដល់​មហិច្ឆតា​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនទី​ជំរុញ​ជាស​កល​ផង​ដែរ​ ៕ អត្ថបទសហការ