ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​និយោជក ក្រុមហ៊ុន​ឯកជន​ ៖ ការ​ដាក់ឱ្យ​ប្រើប្រាស់ បញ្ជរ​សេវា​សាធារណៈ​ចល័ត ​របស់ក្រសួង​ការងារ គឺជា​ការ​ធ្វើ​ទំនើប​កម្មលើសេវា​សាធារណៈ​របស់​រដ្ឋ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សមាគម​និយោជក ក្រុមហ៊ុន​ឯកជន និង​សាធារណជន បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ បញ្ជរ​សេវា​សាធារណៈ ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ​ ៖ សមាគម​និយោជក ក្រុមហ៊ុន​ឯកជន និង​សាធារណជន បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ បញ្ជរ​សេវា​សាធារណៈ ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺជា​ការ​ធ្វើ​ទំនើប​កម្ម (digitalization) សេវា​សាធារណៈ​របស់​រដ្ឋ ឱ្យ​កាន់តែ​កៀក​សាធារណជន យុវជន អំពី​ឱកាស​ការងារ និង​ការ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា ក៏​ដូច​ជា​ការ​ប្រើប្រាស់​សេវា​ផ្សេង​ៗ​ទៀត​របស់​ក្រសួង​ការងារ​ដែល​បាន​បញ្ចូល​ក្នុង បញ្ជរ​សេវា​សាធារណៈ ​។

អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ​  តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រាប់​សាធារណៈជន​នៅ​ដើមឆ្នាំ​ ២០២៥ នេះ ​។

អគ្គលេខាធិការ​រង TAFTAC មើលឃើញ​ថា បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ គឺជា​ការ​ធ្វើ​ទំនើប​កម្ម (digitalization) លើ​សេវា​សាធារណៈ​ថ្មី​មួយទៀត​របស់​ក្រសួង​ការងារ​សម្រាប់​ពលរដ្ឋ បន្ថែម​ពី​ការ​ធ្វើ​ទំនើប​កម្ម​លើ​សេវា​សាធារណៈ​របស់​ក្រសួង​ផ្សេង​ៗ​ទៀត​កន្លង​មក​។ ការ​ធ្វើ​ទំនើប​កម្ម​លើ​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​សេវា (​ពលរដ្ឋ​) និង​អ្នក​ផ្តល់​សេវា​នៅ​ក្បែរ​គ្នា ផ្តល់​ភាព​ងាយស្រួល​លើ​ការ​ផ្តល់​សេវា​សាធារណៈ​បាន​ពេញលេញ និង​នៅ​គ្រប់​ទីកន្លែង​ ។

ដោយឡែក លោកស្រី ឈាង សោភា ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​នៃ​ធនាគា កា​ណា​ឌី​យ៉ា ក​.​អ ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​វិស័យ​ឯកជន ធនាគារ កា​ណា​ឌី​យ៉ា រីករាយ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជរ​សេវា​សាធារណៈ​ចល័ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ លោកស្រី មើលឃើញ​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជរ​សេវា​សាធារណៈ​ចល័ត គឺជា​អ្វី​ដែល​វិស័យ​ឯកជន​កំពុង​តែ​ធ្វើ ហើយ​តាម​រយៈ​សមិទ្ធផល​របស់​ក្រសួង​ការងារ​នៅ​ពេល​នេះ​គឺជា​ការ​ធ្វើ​ទំនើប​កម្ម​លើ​សេវា​សាធារណៈ (digitalization) របស់​រដ្ឋ ដែល​វិស័យ​ឯកជន​ចង់បាន ដើម្បី​ផ្តល់​សេវា​សាធារណ​ដែល​មាន​សុវត្ថិភាព និង​ទុកចិត្ត​បាន ជា​ពិសេស​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន ​។

ទន្ទឹម​នឹង​នេះ លោក ស៊ិ​ន សុ​វេ​ហោ​ស៍ ជា​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​ការងារ​ធ្វើ បាន​បញ្ជាក់​ថា ខ្លួន​បាន​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ការ​ប្រើប្រាស់​បញ្ជរ​សេវា​សាធារណៈ​ចល័ត ។ ជា​បទ​ពិសោធន៍​ផ្ទាល់ខ្លួន លោក​បាន​វាយតម្លៃ​ខ្ពស់​លើ​សេវា​ដែល​រហ័ស​ទាន់ចិត្ត និង​ទំនុកចិត្ត​មួយ​នេះ ពីព្រោះ​ក្រុមហ៊ុន​ឯកជន​បាន​ទាក់ទង​មក​ខ្លួន​វិញ​ក្នុង​រយៈពេល​ខ្លី ហើយ​បាន​បំពេញបែបបទ​ដើម្បី​ជាប់​ជា​ស្ថាពរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រុមហ៊ុន​ឯកជន ស្របច្បាប់ ធានា​ថា​ទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ស្របច្បាប់​ត្រឹមត្រូវ​ ។

សូម​បញ្ជាក់​ថា ចំណុច​ពិសេស និង​សារៈ​ប្រយោជន៍​នៃ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​» នេះ​មាន​ដូច​ជា​៖
ទី​១. ការ​បង្ខិត​ការ​ផ្ដល់​ឱកាស និង​ការ​ធ្វើ​ឱ្យ​យុវជន​យុវនារី អាច​ស្វែងរក​ព័ត៌មាន​និង​សេវាកម្ម ដែល​មាន​ប្រយោជន៍​នានា​សម្រាប់​ខ្លួន ដោយ​ប្រើ​ត្រឹមតែ “​ម្រាមដៃ​» ប៉ុណ្ណោះ ​។

ទី​២. ជា​បណ្ដុំ​នៃ​ព័ត៌មាន និង​ការ​ផ្តល់​សេវា​ដ៏​ពិសេស​ក្នុង​ការ​ស្វែងរក​ការងារ ស្វែងរក​បុគ្គលិក ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​ដាក់​ពាក្យបណ្តឹង​ជាដើម ដែល​លើស​ពី​យន្តការ និង​គេហទំព័រ ដែល​កំពុង​ដំណើរការ​មួយ​ចំនួន​ទៀត​ផង ​។

ទី​៣. ការ​ចែករំលែក​ព័ត៌មាន និង​សេវាកម្ម​ដ៏​ត្រឹមត្រូវ ទាន់​ពេលវេលា អាច​ទុកចិត្ត​បាន និង ផ្លូវការ​ពី​ស្ថាប័នរដ្ឋ​ជូន​ដល់​សាធារណជន យុវជន យុវនារី​កម្ពុជា ទាំងអស់​។

ទី​៤. ជា​ចំណែក​មួយ​នៃ​ការ​សម្របសម្រួល និង​បង្កើន​ការងារ និង​កំណើនសេដ្ឋកិច្ច ក្នុង​ដំណើរ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ៕ អត្ថបទសហការ