ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ចំនួន ៤២ ទៀត ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ទុន​វិនិយោគ ៥៦៤ លាន​ដុល្លារ​អា​មេ​រិ​ក ទទួល​បានការ​លើកទឹកចិត្ត​ពិសេស

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២៣ ខែមក​រា ឆ្នាំ ២០២៥ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២៣ ខែមក​រា ឆ្នាំ ២០២៥ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី ១៣ ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ និងធុរកិច្ច ដែល​បាន​ស្នើការ​លើកទឹកចិត្ត ការ​អនុគ្រោះ និងការ​សម្រួល​នីតិវិធី ហើយ​ក៏​ជា​លើក​ទី ១ សម្រាប់​ឆ្នាំ ២០២៥ ក្នុង​ក្របខ័ណ្ឌ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ ២០២៤» ។

អង្គប្រជុំ​បាន​សម្រេច​ជា​គោលការណ៍​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស ដល់​គម្រោង​ចំនួន ៤២ គម្រោង ក្នុង​នោះ គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំងចំនួន ១៥, គម្រោង​ថ្មី ចំនួន ១២, ការ​ពង្រីក​គម្រោង ចំនួន ៣, និងគម្រោង​ពុំ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង ១២ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ៥៦៥ លាន​ដុល្លារ​អា​មេ​រិ​ក និងប៉ាន់ស្មាន​អាច​បង្កើត​ការងារ​ប្រមាណ ៧ ៣០៨ កន្លែង មាន​ជា​អាទិ៍ គម្រោង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​, គម្រោង​ផ្ទះ​លម្ហែនៅ​កោះ​រ៉ុ​ង​សន្លឹម​, គម្រោង​រម​នី​យ​ដ្ឋា​ន អេកូ ក​សិ​ទេសចរណ៍​, គម្រោង​សួន​ឧស្សាហកម្ម​, គម្រោង​សណ្ឋាគារ​, និងគម្រោង​អគារ​ពហុមុខ​ងារ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​បន្ត​អនុវត្ត «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ ២០២៤» រហូត​ដល់​ដំណាច់ឆ្នាំ​ ២០២៥ ដោយ​រក្សា​វិធានការ​ទាំងឡាយ​ដែល​មាន​ស្រាប់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ និង ឆ្លើយ​តប​នឹង​គោលបំណង​របស់​រាជរដ្ឋាភិបាល ។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ មាន​ប្រសាសន៍​បន្ថែម​ថា សម្រាប់​ទិស​ដៅ​ការងារ​ក្នុង​ឆ្នាំ ២០២៥ ក្រុមការងារ​ត្រូវ​បន្ត​បំពេញភារកិច្ច​ស្នូល​ចំនួន ៣ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ រួម​មាន​ ៖

១) បន្ត​ពិនិត្យ​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស ការ​ប្រឹក្សា​យោបល់ និង បដិសណ្ឋារកិច្ច និងធ្វើការ​ផ្សព្វផ្សាយ ដើម្បី​ទាក់ទាញ និងជំរុញ​ការ​វិនិយោគក្នុង​ក្រប​ខណ្ឌ​នៃ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​, ២) បន្ត​ពិនិត្យ និងជំរុញ​ការ​អនុវត្ត​គម្រោង​វិនិយោគ និងធុរកិច្ច រួម​ទាំង​ការ​ផ្តល់​ការ​លើកទឹកចិត្ត​ជាក់ស្តែងដល់​គម្រោង​ដែល​ទទួល​បានការ​លើកទឹកចិត្ត​រួច​ហើយ ពិសេស​ការ​ដោះស្រាយ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង និងដំណើរការ​អនុវត្ត​គម្រោង ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ផ្តល់​សេវា​ថែទាំ​វិនិយោគ និង ការ​សម្របសម្រួល និង ៣) បន្ត​ពង្រឹងសមត្ថភាព និងការ​រៀបចំ​ធនធាន​មន្ត្រី ដោយ​ប្រកាន់ខ្ជាប់​ការ​គ្រប់គ្រង​មន្ត្រី​ដែល​ទទួលខុសត្រូវ និង មានគុណ​វុឌ្ឍិ ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​អនុវត្ត​ការងារ​ជា​ប្រចាំ ដើម្បី​ធានា​ប្រសិទ្ធភាព និងភាព​ម្ចាស់​ការ ព្រមទាំង​ទាក់ទាញ​ការ​វិនិយោគ​សក្តានុពល​សំខាន់​ៗ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ប្រធាន​ក្រុមការងារ បាន​ថ្លែងអំណរគុណ និងបញ្ជាក់​ជូន​ក្រុមការងារ​ថា ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​កម្មវិធី​ពិសេស​ក្នុង​ឆ្នាំ ២០២៤ ហើយ​ដែល​ទទួល​ការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​, ការ​ចូលរួម​, ការ​គាំទ្រ​, ការ​ប្តេជ្ញា និងឆន្ទៈ​ខ្ពស់​របស់​សមាជិក​ក្រុមការងារ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​រួមចំណែក​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​កាន់តែ​ល្អ​ប្រសើរ និងអាច​អនុញ្ញាត​ឱ្យ​គោលការណ៍​លើកទឹកចិត្ត​អនុវត្ត​បាន​ភ្លាម ប្រកបដោយ​តម្លាភាព និង ប្រសិទ្ធភាព ។

ជា​រួម​, រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រួម​គ្នា​ជា​ធ្លុង​មួយ ក្រោម​ការ​ដឹកនាំ និង ដំបូល​តែ​មួយ​របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បំពេញភារកិច្ច ដោយ​មាន​កិច្ចសហការ និង ការ​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​» ពិសេស​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជា​ម្ចាស់ និង ការ​បំពេញ​មុខងារ​ជា​រដ្ឋបាល​ពិសេស ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ។

ជាមួយ​នេះ​ក្រុមការងារ​បន្ត​លើកទឹកចិត្ត​ឱ្យ​ធុរជន និងវិនិយោគិន រួសរាន់​អញ្ជើញ​ដាក់​ពាក្យ ឬ ស្នើ​មក​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឥត​គិតថ្លៃ ដើម្បី​ទទួល​បាន «​អត្ថប្រយោជន៍​ពិសេស​» សម្រាប់​ឆ្នាំ ២០២៥ នៅ​ទីតាំង​ដែល​មាន​អាសយដ្ឋាន នៅ​ផ្លូវជាតិ​លេខ ៤ ភូមិ​៣ សង្កាត់​លេខ ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​លេខ​ទំនាក់ទំនង​ ៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅ​អគារ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច ជាន់​ទី ២១ សង្កាត់​/ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​លេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕ អត្ថបទសហការ