រាជធានីភ្នំពេញ៖ ការប្រៀនប្រដៅក្មេងជំទង់ អាចជាទិដ្ឋភាពដ៏លំបាកបំផុតមួយ នៃការចិញ្ចឹមកូន ។ វ័យជំទង់ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍ ហើយវិធីដែលមាតាបិតាគ្រប់គ្រង និងប្រៀនប្រដៅកូនអាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់អាកប្បកិរិយា និងទំនាក់ទំនងនាពេលអនាគត ។ ការណែនាំជាវិជ្ជមាន គឺចាំបាច់ណាស់ ដើម្បីជំរុញឱ្យមានការគោរព ទំនួលខុសត្រូវ និងវិន័យលើខ្លួនឯង ។
១. កំណត់ច្បាប់ និងព្រំដែនច្បាស់លាស់
ការបង្កើតច្បាប់ និងព្រំដែនច្បាស់លាស់ គឺជារឿងចាំបាច់សម្រាប់ការមានវិន័យប្រកបដោយប្រសិទ្ធភាព ។ ច្បាប់ទាំងនេះគួរតែសមហេតុផល សមស្របទៅតាមអាយុ និងអនុវត្តជាប់លាប់ ។ ឧទាហរណ៍រួមមាន ការកំណត់ការចូលផ្ទះយប់ ការកំណត់ម៉ោងចុចទូរសព្ទ និងឥរិយាបថ ដែលអាចទទួលយកបាន ។ ការពង្រឹងព្រំដែនជួយក្មេងជំទង់ឱ្យយល់ពីដែនកំណត់ និងសារៈសំខាន់នៃការគោរព ។
២. ការពង្រឹងជាវិជ្ជមាន
ការពង្រឹងជាវិជ្ជមានមានន័យថា ឪពុកម្តាយកត់សម្គាល់អាកប្បកិរិយាល្អៗ ដើម្បីលើកទឹកចិត្តឱ្យកូនៗ ធ្វើវាឡើងវិញ ។ វិធីសាស្ត្រនេះ អាចរួមបញ្ចូលដូចជាការសរសើរ ឬការផ្តល់រង្វាន់។ ជាឧទាហរណ៍ នៅពេលកូនរៀនបានចំណាត់ថ្នាក់ល្អ ឬជួយកិច្ចការងារផ្ទះបានច្រើន សូមសរសើរ នាំដើរលេង ឬអនុញ្ញាតឱ្យមានពេលសម្រាកបន្ថែម ដើម្បីជំរុញកូនៗឱ្យរក្សាការខិតខំប្រឹងប្រែងរបស់ពួកគេ។
៣. ផលវិបាកធម្មជាតិ និងឡូជីខល
អនុញ្ញាតិឱ្យកូនរបស់អ្នក ទទួលយកនូវផលវិបាកនៃធម្មជាតិ ដែលកើតចេញពីការសម្រេចចិត្ត និងទង្វើរបស់ពួកគេ។ បើកូនមិនព្រមពាក់អាចរងារទៅក្រៅ ចូរទុកឱ្យពួកគេរងារបន្តិចទៅចុះ នោះគេនឹងរៀនសូត្របានអ្វីម្យ៉ាង។ វិធីសាស្ត្រនេះបង្រៀនក្មេងជំទង់ អំពីលទ្ធផលផ្ទាល់នៃសកម្មភាពរបស់ពួកគេ លើកកម្ពស់ការទទួលខុសត្រូវ និងការសម្រេចចិត្តកាន់តែប្រសើរឡើង។
៤. ការអស់ពេល (Time-Out)
ការអស់ពេល (Time-Out) អាចមានប្រសិទ្ធភាពខ្ពស់ សម្រាប់ក្មេងជំទង់ នៅពេលដែលត្រូវបានប្រើឱ្យបានសមរម្យ ។ វាអនុញ្ញាតឱ្យពួកគេស្ងប់ស្ងាត់ និងឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ពួកគេ ។ មិនដូចកុមារតូចៗទេ ក្មេងជំទង់ទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនពីអំឡុងស្ងប់ស្ងាត់ ត្រជាក់ចិត្ត ដែលពួកគេអាចសម្រាកពីស្ថានភាពក្តៅមួយ ដើម្បីទទួលបានភាពស្ងប់ស្ងាត់ឡើងវិញ ។ វិធីសាស្ត្រនេះជួយការពារជម្លោះ កុំឱ្យកើនឡើង និងលើកទឹកចិត្តឱ្យមានការគ្រប់គ្រងខ្លួនឯង។
៥. ការដោះស្រាយជម្លោះ និងការដោះស្រាយបញ្ហា
សូមបង្រៀនអំពីជំនាញដោះស្រាយជម្លោះ ដើម្បីផ្តល់អំណាចឱ្យពួកគេ ដោះស្រាយវិវាទដោយស្ថាបនា ។ ឪពុកម្តាយអាចណែនាំកូនជំទង់របស់ពួកគេ តាមរយៈជំហានដូចជា កំណត់បញ្ហា ដំណោះស្រាយ ដោយបំផុសគំនិត វាយតម្លៃជម្រើស និងការអនុវត្តដំណោះស្រាយ ដែលបានជ្រើសរើស ។ តាមរយៈការចូលរួមរបស់ក្មេងជំទង់ ក្នុងការដោះស្រាយបញ្ហា ឪពុកម្តាយអាចជួយពួកគេអភិវឌ្ឍការគិត និងជំនាញចរចា។
៦. ការស្តាប់សកម្ម និងទំនាក់ទំនងបើកចំហ
ការស្តាប់សកម្ម រួមបញ្ចូលការផ្តោតអារម្មណ៍ពេញលេញ ការយល់ដឹង ការឆ្លើយតប និងការចងចាំ នូវអ្វីដែលក្មេងជំទង់កំពុងនិយាយ ។ វាបង្ហាញពីការគោរព និងផ្តល់សុពលភាពដល់អារម្មណ៍របស់កូន ហើយលើកទឹកចិត្តឱ្យមានទំនាក់ទំនងបើកចំហ ។ បច្ចេកទេសបន្ថែមរួមមានការប៉ះពាល់កូន ការមើលភ្នែក ការងក់ក្បាល ការសង្ខេបអ្វីដែលកូននិយាយ និងសួរសំណួរឱ្យច្បាស់លាស់។ ការប្រាស្រ័យទាក់ទងបើកចំហ បង្កើតបរិយាកាសគាំទ្រ ដែលក្មេងជំទង់មានអារម្មណ៍ស្រួល ក្នុងការចែករំលែកគំនិត និងកង្វល់របស់ពួកគេបន្ថែម ៕ ប្រភព៖ wohum
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច ចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ ភាសាចិនទូទៅ និងភាសាអង់គ្លេសទូទៅ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៩ កុម្ភៈ ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ