ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

NEA សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ ចំនួន ​៥ រៀបចំ​វេទិកា​ការងារ ​ដោយ​នាំ​យក​ឱកាស​ការងារ​ជាង​ ១៣០០ កន្លែង សម្រាប់​យុវជន

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ​(CUS) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ​(CUS) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ និង​ឱកាស​កម្មសិក្សា​ការងារ នៅ​ថ្ងៃអាទិត្យ ទី​ ១២ ខែមករា ឆ្នាំ​ ២០២៥ ខាង​មុខ​នេះ ដោយ​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ចំនួន​ ១៣៦៩ កន្លែង ពី​ក្រុមហ៊ុន​ធំ​ៗ ៥ សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ។

ក្រុមហ៊ុន​ធំ​ៗ​ទាំង ​៥ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ មាន​ដូច​ជា ​៖​ ធនាគារ កា​ណា​ឌី​យ៉ា​, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា (DDD)​ និង​មីក្រូហិរញ្ញវត្ថុ JACCS​ ។ ចំពោះ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS) ក្នុង​អាគារ F ផ្លូវ ៦២ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ​។

លោក គុយ សុខា មន្ត្រី​ផ្នែក Partnership នៃ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា​(DDD) លើក​ឡើង​ថា លោក​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ NEA ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ទីផ្សារ​ការងារ និង​ក​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត ពិសេស​និស្សិត​ដែល​ទើបតែនឹង​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​។ លោក​បន្ថែម​ថា តាម​រយៈ​កិច្ចសហការ​ជាមួយនឹង NEA កន្លង​មក លោក​មើលឃើញ​ថា NEA គឺជា​ស្ថាប័ន​មួយ​ដែល​យុវជន​សិស្ស​និស្សិត​មិន​គួរ​មើល​រំលង់​នោះ​ទេ ព្រោះ​ស្ថា​ប័​រដ្ឋ​មួយ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​ព័ត៌មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សំបូរ​បែប មួយទៀត​ស្ថាប័ន​មួយ​នេះ​ក៏​ជា​កន្លែង​ផ្តល់​នូវ​មគ្គុទេសក៍​ដំបូង​ក្នុង​ការ​ផ្តល់​នូវ​ការ​ប្រឹក្សា​ការងារ​ចំពោះ​សិស្ស​និស្សិត​ដែល​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ដំបូង​ផង​ដែរ ​។

លោក សុខា បញ្ជាក់​បន្ត​ថា លោក​ពិតជា​កោតសរសើរ​ចំពោះ NEA ដែល​តែងតែ​រឹះ​រក​វិធីសាស្ត្រ​ល្អ​ៗ​ក្នុង​តំណាង​ក្រុមហ៊ុន​ផ្សេង​ៗ​ទាំង​នៅ​ក្នុង​រាជធានី និង​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ឬ​អ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយនឹង​តំណាង​មក​ពី​ក្រុមហ៊ុន​នោះ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ៕ អត្ថបទសហការ