ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋប៉ាគីស្ថាន រក​លទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការ និងស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធទូទាត់បាគង

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន (The State…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន (The State Bank of Pakistan) និង​ក្រុមហ៊ុន SORAMITSU Holdings AG. ចូល​ជួប​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​ ៦ ខែមករា ឆ្នាំ ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ជំនួប​នេះ​មាន​គោលបំណង​ស្វែងរក​លទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការ​រវាង ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​គណៈប្រតិភូ​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន បាន​ស្វែង​យល់​អំពី​ប្រតិបត្តិការ​ប្រព័ន្ធ​ទូទាត់​បាគង ស្រប​ពេល​ដែល​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន​កំពុង​រៀបចំ​ផែនការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ធនាគារកណ្តាល (Central Bank Digital Currency – CBDC) របស់​ខ្លួន ​។

ក្នុង​ជំនួប​នេះ លោក​ជំទាវ​ទេសាភិបាល បាន​លើក​ឡើង​អំពី​ប្រវត្តិ​ប្រព័ន្ធ​រូបិយ​វត្ថុ​កម្ពុជា និង​ដំណើរ​ឆ្លងកាត់​ដំណាក់កាល​សំខាន់​ៗ​មួយ​ចំនួន ព្រមទាំង​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​នៃ​ប្រព័ន្ធ​រូបិយ​វត្ថុ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រព័ន្ធ​ទូទាត់​តាម​ឃ្យូ​អរ​កូត​នៅ​កម្ពុជា ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​សារៈសំខាន់​នៃ​ការ​រក្សា​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ ស្រប​ពេល​មានការ​អភិវឌ្ឍ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ។

ក្នុង​ឱកាស​នេះ​ដែរ គណៈប្រតិភូ​ធនាគារ​រដ្ឋ​ប៉ា​គី​ស្ថាន ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវ​ទេសាភិបាល អំពី​ដំណើរការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ប៉ា​គី​ស្ថាន បញ្ហា​ប្រឈម​នានា និង​គម្រោង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល សំដៅ​ផ្តល់​ភាព​ងាយស្រួល តម្លៃ​ទាប និង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​។ ជា​រួម កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ហើយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​ស្វែងរក​លទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាង​មុខ​ ៕ អត្ថបទសហការ