ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី ​ទំនាក់ទំនង​វិជ្ជាជីវៈ ឆ្នាំ​២០២៤ ជា​ឱកាស​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ​គ្នា​សំដៅ​សម្រេច​ឱ្យ​បាន​នូវ «សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​/​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​ទំនាក់ទំនង​វិជ្ជាជីវៈ ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​”…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​/​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​ទំនាក់ទំនង​វិជ្ជាជីវៈ ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” នៅ​ថ្ងៃ​ចន្ទ ទី​ ២៣ ខែធ្នូ ឆ្នាំ ​២០២៤​នេះ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក្រោម​អធិបតីភាព លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​និង​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​-​ស្ថាប័នរដ្ឋ​, តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​, ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​, មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​, សមាគម​និយោជក​, សហភាព​សហជីព​, សហព័ន្ធ​សហជីព ​។

តាម​រយៈ​ការ​ថ្លែង​សុន្ទរកថា​បើក លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​គូសបញ្ជាក់​ថា កម្មវិធី​ប្រកួតប្រជែង​លើ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៤ ដោយ​កម្មវិធី​នេះ​គឺជា​យន្តការ​នៃ​ការ​ត្រួតពិនិត្យ​លើ​វប្បធម៌​អនុលោម​ភាព​នៃ​សហគ្រាស​គ្រឹះស្ថាន ដើម្បី​ទទួល​បាន​ពានរង្វាន់ និង​វិញ្ញាបនបត្រ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” ដោយ​សហគ្រាស គ្រឹះស្ថាន ដែល​ទទួល​បាន​ពានរង្វាន់ និង​វិញ្ញាបនបត្រ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ​១ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ​។ ដូច​គ្នា​នេះ ការ​រៀបចំ​សន្និសីទ​នា​ពេល​នេះ គឺជា​ការ​បន្ត​អនុវត្ត​នូវ​យន្តការ​ត្រីភាគី និង​ការ​ជំរុញ​កិច្ច​សន្ទនា​សង្គម​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ការពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ​និង​ពេញលេញ​ដែល​ជា​តម្រូវការ​របស់​ត្រីភាគី និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ ដើម្បី​ជួយ​ប្រែក្លាយ សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ ។

ទន្ទឹម​នេះ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ ក៏​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ​គ្នា ដោយ​ផ្អែក​លើ​មូលដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ក្នុង​ស្មារតី​ការពារ​ផលប្រយោជន៍​រួម សំដៅ​ធានា​បាន​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​នេះ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​កត្តា​ស្នូល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​។ ទន្ទឹម​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព សម្រាប់​បញ្ហា​ទាំងឡាយ​ស្រប​តាម​តួនាទី​ភារកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សូម​ស្វាគមន៍​រាល់​សកម្មភាព​រួបរួម​គ្នា ដើម្បី​ជា​ប្រយោជន៍​ជូន​ដល់​កម្មករនិយោជិត និង​សង្គម​ទាំងមូល ដោយ​ប្រើប្រាស់​កិច្ច​សន្ទនា​សង្គម និង​យន្តការ​ត្រីភាគី​ក្នុង​ការ​អភិវឌ្ឍ​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​សហគ្រាស​មួយ​ក្លាយជា​សហគមន៍​សុខសាន្ត​មួយ ។

សូម​ជម្រាប​ថា “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” គឺ​ផ្ដើម​ចេញពី​ការ​អនុវត្ត​អនុសាសន៍​រួម​គ្នា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករនិយោជិត ឆ្នាំ​២០២៣ នា​ពេល​កន្លង​ទៅ ​៕ អត្ថបទសហការ