រាជធានីភ្នំពេញ៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញ បានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រមានភាពល្អប្រសើរ ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញ ស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ ។
លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំ ដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ ។
ជុំវិញការអនុវត្តច្បាប់វិញ កម្មការិនីរូបនេះមើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់ ។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិតផងដែរ ។
ដោយឡែកលោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មី នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែក សម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់ នៅក្នុងគ្រួសារផងដែរ ។ កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត មិនថារបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ដ៏ទៃទៀតនោះទេ ។ កម្មការិនីរូបនេះ អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ មកលើសុខទុក្ខរបស់បងប្អូនកម្មករ ទាំងអស់ តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូរ ពីសំណាក់ប្រមុខដឹកនាំប្រទេស ត្បិតការដំឡើងប្រាក់ឈ្នួល មិនឡើងខ្ពស់ពេក តែតួលេខនេះក៏សមរម្យ ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដំឡើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ។
ទន្ទឹមនេះ ក្រៅតែពីប្រាក់ឈ្នួលគោល កម្មកររូបនេះបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត ដូចជាលើគោលនយោបាយលើគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្តន៍ផងដែរ ។ គោលនយោបាយនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ។
គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបួប គឺ២០៨ដុល្លារអាម៉េរិក ក្នុង១ខែ ដែលកើនឡើង ៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ២០៤ ដុល្លារអាម៉េរិក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ