ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យ​លា​ភី​ប្រលង​បាក់​ឌុ​ប​ជាប់​និទ្ទេស A នៅ​ស្រុក​តាំងគោក

2 ថ្ងៃ មុន

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​១ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក នា​រសៀល​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​១ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក នា​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យ​លា​ភី​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួល​បាន​និទ្ទេស A ចំនួន ៩​នាក់ នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ នា​សម័យ​ប្រលង​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ ​។

ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​ក្រុមការងារ ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ តាំងគោក​, ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​នៃ​ស្រុក​តាំងគោក​, លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក​, អភិបាលរង​ស្រុក​, ប្រធាន អនុប្រធាន ការិយាល័យ អប់រំ ស្រុក​តាំងគោក នាយក​វិទ្យាល័យ​ហ៊ុន សែន តាំងគោក និង​វិទ្យាល័យ​ទ្រៀល សិស្ស​និទ្ទេស A និង​មាន​មាតាបិតា​សិស្ស​និទ្ទេស A ជា​ច្រើន​រូប​ចូលរួម ​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ និង​អបអរសាទរ​ពី​សំណាក់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​សិស្ស​និទ្ទេស A ដែល​សម្តេច​បវរ​ធិ​បតី នឹង​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ទាំង ២ ២១៦​នាក់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​នេះ ​។ លោក​ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ជូន​ដល់​អាណាព្យាបាល ក៏​ដូច​ជា​សិស្សានុសិស្ស​និទ្ទេស​A ទាំងអស់​ដោយ​ក្តី​នឹករលឹក​ផង​ដែរ​ ។

បន្ថែម​ពី​នេះ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ផ្តាំផ្ញើ​ ដល់​សិស្សានុសិស្ស ត្រូវ​នឹករលឹក​និង​ដឹងគុណ​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បង្រៀន​ដល់​សិស្សានុសិស្ស ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ពេល​នេះ ក្នុង​នោះ​ឪពុក​ម្តាយ​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្របសម្រួល បង្ក​លក្ខណៈ គាំទ្រ និង​ផ្តល់​ឱកាស​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​កូន ដែល​នេះ​គឺជា​គុណូបការៈ ដ៏​ធំធេង ដែល​កូន​គ្រប់​រូប មិន​អាច​បំភ្លេច​គុណ​លោក​ទាំង​ទ្វេ​បាន​នោះ​ឡើយ​ ។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស និង​អាណា​ព្យា​ព្យាបាល ត្រូវ​អរគុណ​និង​ដឹងគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​នាំ​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ដឹងគុណ​រាជរដ្ឋាភិបាល​នី​កាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​អ្នក​បន្តវេន ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព និង​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន ដល់​សិស្សានុសិស្ស​ដែល​លោក​ធ្លាប់​ជា​អតីត​សិស្ស​ក្រីក្រ និង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជម្នះ​រាល់​ការ​លំបាក គ្រប់​បែប​យ៉ាង រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​អាជីព​ការងារ​។
ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត ត្រូវ​បន្ត​ការ​សិក្សា​ពេញ​មួយ​ជីវិត (Life-Long Learning) ពីព្រោះ​ដំណើរការ​សិក្សា​រៀនសូត្រ មិន​ទាន់​បញ្ចប់​ត្រឹមនេះ​ទេ គឺ​ត្រូវ​បន្តដំណើរ​សិក្សា​រៀនសូត្រ​បន្ត​នៅ​តាម​សាកលវិទ្យាល័យ ដោយ​ត្រូវ​ជ្រើសរើស​យកមុខ​ជំនាញ​ណា​ដែល​ខ្លួន​ស្រលាញ់ និង​ពេញចិត្ត ទើប​ទទួល​បាន​ជោគជ័យ បន្ត​ទៀត​ក្នុង​ការ​រៀនសូត្រ និង​ខិតខំ​ប្រឹងប្រែង​រៀន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ​។

នា​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ទាំង ៩​នាក់ ដែល​ជា​អំណោយ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក ដោយ​សិស្ស ១​នាក់ ទទួល​បាន Laptop ០១​គ្រឿង (​ម៉ាក DELL) និង​ថវិកា ១០០​ដុល្លារ អា​មេ​រិ​ក​ផង​ដែរ ​៕ អត្ថបទសហការ