រាជធានីភ្នំពេញ៖ នៅថ្ងៃទី10 ខែធ្នូ ឆ្នាំ2024 ធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJTA)។ សមាគមនេះតំណាងឲ្យអាជីវកម្មក្នុងវិស័យត្បូង និងគ្រឿងអលង្ការ ក្នុងការពង្រឹងពាណិជ្ជកម្មដល់ទីផ្សារអន្តរជាតិ និងចាប់ដៃគូ ដើម្បីទាក់ទាញការវិនិយោគ ព្រមទាំងលើកកម្ពស់ស្នាដៃសិប្បករ ក្នុងស្រុកទៅកាន់ពិភពលោក ។
ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារ ABA នឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏ទំនើបសម្បូរបែបនេះ ដើម្បីបំពេញតម្រូវការរបស់សមាជិក សមាជិការសមាគម។ សេវាធនាគារទាំងនេះរួមមាន សេវាទូទាត់ប្រាក់សម្រាប់សមាគម និងសមាជិក, សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីគាំទ្រប្រតិបត្តិការនាំចូល និងនាំចេញ, សេវាផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីជួយពង្រីកអាជីវកម្ម, សេវាផ្ទេរប្រាក់អន្តរជាតិ សម្រាប់ប្រតិបត្តិការក្រៅប្រទេស, និងសេវាហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត ដែលជាតម្រូវការរបស់ពាណិជ្ជករត្បូង និងគ្រឿងអលង្ការ ។ សេវាធនាគាររបស់ ABA ជួយបង្កើនប្រសិទ្ធភាព និងពង្រីកអាជីវកម្មរបស់សមាជិកសមាគម ដែលសុទ្ធតែជាពាណិជ្ជករ អាជីវករ និងអតិថិជន បានគ្រប់ពេល ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ABA ដោយមានការចូលរួមពីនាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov និងប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូវមានតម្លៃកម្ពុជា លោកជំទាវ ញ៉ែត ស្រីអូន រួមទាំងថ្នាក់ដឹកនាំទាំងពីរស្ថាប័ន ។
លោក Askhat Azhikhanov មានប្រសាសន៍ថា «ធនាគារយើងយល់យ៉ាងច្បាស់ អំពីការរួមចំណែករបស់វិស័យត្បូង និងគ្រឿងអលង្ការដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ។ ធនាគារ ABA ត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រសមាជិករបស់សមាគម តាមរយៈការផ្តល់សេវាហរិញ្ញវត្ថុ ដែលស្របតាមតម្រូវការរបស់សមាជិក និងសម្រាប់ជាប្រយោជន៍ ដល់ការពង្រីកអាជីវកម្ម ឬការគ្រប់គ្រងហិរញ្ញវត្ថុរូបវន្តបុគ្គល» ។
លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូវមានតម្លៃកម្ពុជា មានប្រសាសន៍ថា៖ «យើងខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសហការជាដៃគូជាមួយធនាគារ ABA ដើម្បីផ្តល់ជូនសមាជិករបស់យើង នូវសេវាហិរញ្ញវត្ថុនវានុវត្តន៍។ កិច្ចសហការនេះ ផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ដោយទំនុកចិត្ត» ។
លោកជំទាវបានបន្តទៀតថា៖ «កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់សមាជិករបស់សមាគម ក្នុងការ ធ្វើឲ្យពាណិជ្ជកម្មជោគជ័យ និងរួមចំណែកដល់វឌ្ឍនភាពនៃឧស្សាហកម្មត្បូង និងគ្រឿងអលង្ការនៅកម្ពុជា» ។
ភាពជាដៃគូរបស់ធនាគារ ABA ជាមួយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយដល់ការរីកចម្រើន និងការអភិវឌ្ឍឧស្សាហកម្មត្បូង និងគ្រឿងអលង្ការនៅកម្ពុជា ។ តាមរយៈការប្រើប្រាស់ផលិតផល និងសេវាធនាគារដ៏ល្អឯករបស់ ABA សមាជិកទាំងអស់នៃសមាគមអាចផ្តោតលើការពង្រីកប្រតិបត្តិការរបស់ពួកគាត់ និងអាចបង្ហាញសិល្បៈហត្ថកម្ម ប្រកបដោយភាពច្នៃប្រណិតខ្ពស់របស់កម្ពុជា នៅទូទាំងពិភពលោក ។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2024 ទ្រព្យសកម្មរបស់ធនាគារ កើនឡើងដល់ 13 ប៊ីលានដុល្លារ ប្រាក់បញ្ញើសរុបចំនួន 10.4 ប៊ីលានដុល្លារ និងឥណទានចំនួន 8.5 ប៊ីលានដុល្លារ ។
ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ