ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សា​រិ​ន ផ្ញើ​សារ​ចូលរួម​អបអរសាទរ​រាជរដ្ឋាភិបាល និងប្រជាជាតិ​កម្ពុជា​ដែល «​ក្រមា​ខ្មែរ​» ត្រូវ​បាន​ដាក់បញ្ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃមនុស្សជាតិ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្ដម ម៉ប់ សា​រិ​ន…

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ បាន​សម្តែង​ការ​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជាតិ​កម្ពុជា ចំពោះ​ការ​សម្រេច​បាន​សមិទ្ធផល ដែល​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា នោះ​គឺ ក្រមា​ខ្មែរ ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ សម្រេច​ដាក់​បញ្ចូល «​ក្រមា​ខ្មែរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤​។

សូម​សម្តែង​នូវ​មនោសញ្ចេតនា យ៉ាង​ជ្រាលជ្រៅ​ចូលរួម​អបអរសាទរ​ប្រកបដោយ​ក្តី​រំភើប​រីករាយ​ក្នុង​ចិត្ត​ឥត​ឧបមា និង​មាន​មោទកភាព​ជាតិ ខ្ពស់​បំផុត​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ដែល «​ក្រមា​» ត្រូវ​បាន​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ បាន​អនុម័ត​យល់ព្រម​ចុះ​ក្នុង​បញ្ជី​តំណាង បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ តាម​រយៈ​សេចក្តីសម្រេច​លេខ 19.COM7.b.27 នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) កន្លង​ទៅ​នេះ ដែល​ព្រឹត្តិការណ៍​នេះ​ក្លាយជា ព្រឹត្តិ​កាណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ថ្មី​មួយទៀត​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល​»​។

ការ​ដាក់​បញ្ចូល «​ក្រមា​» ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ យូ​ណេ​ស្កូ​នេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត សម្រាប់​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អភិរក្ស​និង​ថែរក្សា ការពារ​នូវ​មរតក​សម្បត្តិ​វប្បធម៌​អរូបី ដែល​បាន​បន្សល់​ទុក​ដោយ​បុព្វបុរស​ខ្មែរ សម្រាប់​ជា​សម្បត្តិ​មនុស្សជាតិ ទាំងមូល និង​ជា​ការ​លើកកម្ពស់​នូវ​ដួង​ព្រលឹង នៃ​វប្បធម៌​ដ៏​ល្អ​ផូរផង់​ប្រកបដោយ​មោទកភាព​ជាតិ និង​ល្បីល្បាញ សុសសាយ​នៅ​លើ​ឆាក​អន្តរជាតិ​។

ការ​ទទួល​បាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ថ្លៃថ្លា​នេះ មិន​ត្រឹម​កើត​ចេញពី ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ឥត​រា​ថយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​សេនាធិការ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ ពី​ស្នាដៃ​ឆ្នើម​រួម​គ្នា​ប្រសូត​ចេញពី ទឹកដៃ​ដ៏​ប៉ិន​ប្រសប់​របស់​ប្រជា​សិប្បករ​ក្រមា ក៏​ដូច​ជា​សហគមន៍​ក្រមា សមាគម​ក្រមា ដែល​បាន​ខិតខំ​តស៊ូ ដោយ​សេចក្តី​អំណត់ ព្យាយាម​មោះមុត និង​ស្មារតី​សាមគ្គី រហូត​សម្រេច​បាន​នូវ​លទ្ធផល​ជា​ស្ថាពរ​ជូន​ជាតិ មាតុភូមិ​កម្ពុ​ជានា​ពេល​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ សូម​សម្តែង​នូវ​អំណរ ព្រះ​មហាករុណា​ទិ​គុណ​ដ៏​ស្មោះស្ម័គ្រ​បំផុត ថ្វាយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង ដួង​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ គ្រប់​ព្រះ​អង្គ ព្រមទាំង​ដួង​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង បន្សល់​ទុក និង​ថែរក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​ឯក និង​ជា​អត្តសញ្ញាណ​ជាតិ​ជូន​ដល់ កូនចៅ​ជំនាន់​ក្រោយ​គ្រប់​ៗ​ជំនាន់​៕ អត្ថបទសហការ