ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និស្សិត​កម្ពុជា ​ត្រូវ​បាន​ស្វាគមន៍​ក្រោម​កម្មវិធី​ពានរង្វាន់​អាស៊ាន​ថ្មី​របស់​សាកលវិទ្យាល័យ Monash

20 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កញ្ញា ពិសិដ្ឋ ម៉ូ​នី​តា គឺជា​និស្សិត​មក​ពី​រាជធានី​ភ្នំពេញ​ ម្នាក់​ក្នុង​ចំណោម​និស្សិត​ដំបូង​គេដែល​ទទួល​បាន Vice-Chancellor’s ASEAN Award ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី ​។ អាហារូបករណ៍​ថ្មី​នេះផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត​ដែល​មាន​សមិទ្ធផល​ខ្ពស់​មក​ពី​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​ ។

ម៉ូ​នី​តា មាន​ទីលំនៅ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជាមួយ​គ្រួសារ​ ។ បន្ទាប់​ពី​បានឮ​ដំណឹង​ពី​មិត្តភក្តិ​គ្រួសារ​ដែល​មានកូន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Monash កាលពី​ឆ្នាំ​កន្លង​ទៅ នាង​ពិតជា​រំភើប​ចំពោះ​ឪ​កាស​មួយ​នេះ​ដែល​អាច​ផ្លាស់​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ​។ នាង​បាន​និយាយ​ថា​៖ «ម្ដាយ​របស់ខ្ញុំ គឺជា​អ្នក​ជំរុញ​ទឹកចិត្ត​ដ៏​ធំ​មួយ​មក​កាន់​ខ្ញុំ​ ។ គាត់​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​គាត់​ក្នុង​វិស័យ​សុខាភិបាល និង​វេជ្ជសាស្ត្រ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ខ្ញុំ​តែងតែមាន​គោលបំណង​ដើរ​តាម​គន្លង​របស់​គាត់ និង​បើក​ដំណើរការ​អាជីវកម្ម​ស្រ​ដៀង​គ្នា​មួយ​ជា​របស់​ខ្លួនឯង» ​។​

ពានរង្វាន់​នេះ​ជួយ​គាំទ្រ​ទៅ​លើ​ការ​សិក្សា​របស់​ម៉ូ​នី​តា​ឆ្ពោះទៅ​កាន់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម និង​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​ឆ្នាំ​សិក្សា ២០២៦ នេះ ​។ «មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Monash គឺ​ពិតជា​អស្ចារ្យ ហើយ​អាគារ​សិក្សា​ពិតជា​ធំ​ខ្លាំង​ណាស់ ​។ ខ្ញុំ​ពិតជា​រំភើប​ដែល​បាន​ទៅ​សិក្សា​នៅ​ក្នុង​បរិយាកាស​ថ្មី ហើយ​ជួប​ជាមួយ​មនុស្ស​មក​ពី​ម​ជ្ឍ​ដ្ឋា​ន​ផ្សេង​ៗ​គ្នា​» ។​

អាហារូបករណ៍​នេះ គឺជា​ការ​ផ្លាស់​ប្តូរជីវិត​ដ៏​សំខាន់​មួយ​សម្រាប់​គ្រួសារ​របស់​ម៉ូ​នី​តា​ ។ នាង​បាន​បន្ត​និយាយ​ថា​៖ «យើង​មាន​សមាជិក​ផ្សេង​ទៀត​ដែល​ត្រូវ​រ៉ាប់រង ដូច្នេះ​អាហារូបករណ៍​នេះ​នឹង​ជួយ​សម្រាល​ទៅ​ដល់​បន្ទុក​ហរិ​ញ្ញ​វ​ត្ងុ​របស់​ពួក​យើង​។ ប្រទេស​អូស្ត្រាលី ក៏​នៅ​ជិត​ប្រទេស​យើង​ផង​ដែរ ដែល​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទៅ​លេង​ខ្ញុំ» ​។​

ពានរង្វាន់ Vice-Chancellor’s ASEAN Award របស់​សាកលវិទ្យាល័យ Monash គឺជា​ការ​វិនិយោគ​ចំនួន 2.5 លាន​ដុល្លារ​អូស្ត្រាលី ទៅ​លើ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ដែល​មាន​សមិទ្ធផល​ខ្ពស់​មក​ពី​ទូ​ទាំង​តំបន់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ធូរ​បន្ថយថ្លៃ​សិក្សា​តាម​រយៈ​ការ​កាត់​បន្ថយថ្លៃ​សិក្សា ជំនួយ​សម្រាប់​ការ​ផ្លាស់​ទីលំនៅ និង​ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ទៀត ​។ និស្សិត​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ដំណើរការ​ប្រកួតប្រជែង ដោយ​មាន​សិទ្ធិ​ទទួល​បាន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម ​។

ចាប់តាំងពី​ការ​ប្រកាស​អំពី​កម្មវិធី​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៥ សាកលវិទ្យាល័យ បាន​ប្តេជ្ញា​ផ្តល់​ជំនួយ​បន្ថែមចំនួន ១ លាន​ដុល្លារ​អូស្ត្រាលី ដល់​ពានរង្វាន់ ASEAN Pathway ដែល​ជួយ​គាំទ្រ​ដល់​និស្សិត​អាស៊ាន​ដែល​មាន​សមិទ្ធផល​ខ្ពស់​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មហាវិទ្យាល័យ Monash ដែល​ជា​ស្ថាប័ន​តម្រង់​ទិស​មួយ​ដែល​ផ្តល់​កម្មវិធី​ដូច​ជា​សញ្ញាបត្រ និង​ឆ្នាំ​សិក្សា​មូលដ្ឋាន ដើម្បី​ជួយ​និស្សិត​ឱ្យ​ផ្លាស់​ប្តូរ​ទៅ​សាកលវិទ្យាល័យ ​។

លោកស្រី​សាស្ត្រាចារ្យ Sharon Pickering ជា Vice-Chancellor នៃ​សាកលវិទ្យាល័យ Monash និង​ជា​ប្រធាន​សាកលវិទ្យាល័យ បាន​មាន​ប្រសាសន៍​ថា​៖ រឿងរ៉ាវ​របស់​ម៉ូ​នី​តា​សង្ខេប​ពី​មូលហេតុ​ដែល Monash ប្ដេជ្ញា​ផ្ដល់​ការ​អប់រំ​លំដាប់​ពិភពលោក​ដែល​អាច​ផ្តល់​ទៅ​ដល់​ប្រទេស​ជិតខាង​ក្នុង​តំបន់​របស់​យើង ​។ «​ពានរង្វាន់​អាស៊ាន​មិន​ត្រឹមតែ​ជា​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ទទួលស្គាល់​នូវ​សក្តានុពល ការ​បណ្តុះ​មហិច្ឆតា និង​ការ​បង្កើត​ឱកាស​សម្រាប់​សិស្ស​ដែល​នឹង​បន្ត​ធ្វើការ​រួមចំណែក​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ និង​លើស​ពី​នេះ ​។ វា​ក៏​បង្ហាញ​អំពី​ការ​ពង្រឹង​បរិវេណ​សាលា​របស់​យើង​ជាមួយនឹង​ទស្សនៈ និង​ថាមពល​ចម្រុះ​ដែល​សិស្ស​ដូច​ជា​ម៉ូ​នី​តា​នាំ​មក​ជាមួយ​ពួក​គេ​ផង​ដែរ​»​ ។

ប្រហែល ១០ ភាគរយ នៃ​ក្រុម​និស្សិត​ជំនាន់​ដំបូង​របស់ Monash ក្នុង​ឆ្នាំ​ ១៩៦១ គឺ​មក​ពី​ក្រៅប្រទេស​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង ​។ ដោយ​មាន​និស្សិត​អាស៊ាន​ជាង ១៦,០០០ នាក់ ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នា​ពេល​បច្ចុប្បន្ន និង​អតីត​និស្សិត​អាស៊ាន​ជិត ៦០,០០០ នាក់ ដែល​ពានរង្វាន់​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​ជ្រាលជ្រៅ និង​យូរអង្វែង​របស់ Monash ទៅ​កាន់​ថ្នាក់​តំបន់​ ។

ដោយ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​ទាំងនេះ ថ្មី​ៗ​នេះ​មហាវិទ្យាល័យ Monash បាន​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​កម្មវិធី​សិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​សាកលវិទ្យាល័យ Monash ក្នុង​ឆ្នាំ​សិក្សា​២០២៦​ ។ កម្មវិធី​សិក្សា​មុន​ចូល​សាកលវិទ្យាល័យ​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នេះ ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស និង​ជំនាញ​សិក្សា​របស់​ពួក​គេ ព្រមទាំង​ស្វែង​យល់​ពីមុខ​វិជ្ជា​ដែល​ត្រូវ​នឹង​វគ្គ​សិក្សា​នា​ពេល​អនាគត ​។ នៅ​ពេល​បញ្ចប់​ការ​សិក្សា និស្សិត​ដែល​មាន​ពិន្ទុ​ចូល​រៀន​ដែល​ត្រូវការ អាច​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ផ្ទាល់​នៅ​គ្រប់​សាខា​នៃ​សាកលវិទ្យាល័យ Monash រួម​ទាំង​នៅ​ប្រទេស​អូស្ត្រាលី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​ ។

លោកស្រី​សាស្ត្រាចារ្យ Pickering ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «អាស៊ី​អាគ្នេយ៍ គឺជា​តំបន់​ដ៏​មាន​សក្ដានុពល ដែល​សម្បូរ​ទៅ​ដោយ​ភាព​ចម្រុះ​ខាង​វប្បធម៌ និង​ទេព​កោសល្យ​ ។ នៅ Monash យើង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្តល់​អានុភាព​ទៅ​ដល់​មេដឹកនាំ និង​អ្នក​ច្នៃប្រឌិត​ជំនាន់​ក្រោយមក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​ដើម្បី​លើកកម្ពស់​អនាគត​ដ៏​ល្អ​ប្រសើរ និង​សហការ​គ្នា​កាន់តែ​ច្រើន​នៅ​ទូ​ទាំង​តំបន់​របស់​យើង» ​។

សាកលវិទ្យាល័យ Monash ជា​យូរ​មក​ហើយ​តែងតែ​បន្ត​ការ​ចូលរួម​ដ៏​មាន​គោលបំណង​ជាមួយ​តំបន់​អាស៊ី ដោយ​មាន​សាខា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ទីតាំង​នៅ​ប្រទេស​ចិន និង​ឥណ្ឌា ព្រមទាំង​បណ្តាញ​អតីត​និស្សិត និង​អ្នក​ស្រាវជ្រាវ​ដែល​កំពុង​រីក​ចម្រើន​នៅ​ទូ​ទាំង​តំបន់​អាស៊ាន​។ សាកលវិទ្យាល័យ​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ ៣១ ក្នុង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ពិភពលោក QS ឆ្នាំ ២០២៧ ហើយ​បាន​នាំមុខ​គេ​ជា​និច្ច​ក្នុង​ការ​ផ្តល់​ការ​អប់រំ ភាព​ជា​ដៃគូ និង​ការ​ជ្រើសរើស​និស្សិត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​ ។

អំពី​សាកលវិទ្យាល័យ Monash
សាកលវិទ្យាល័យ Monash គឺជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​មួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​មាន​បណ្តាញ​សាខា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ចិន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា និង​អ៊ី​តា​លី ​។ សាកលវិទ្យាល័យ Monash ជាប់​លំដាប់​នៃ​សាកលវិទ្យាល័យ​ឈានមុខ​គេ​ដែល​ផ្តោត​លើ​ការ​ស្រាវជ្រាវ​របស់​អូស្ត្រាលី ហៅ​កាត់​ថា Go8 និង​តែងតែ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង ៥០ ទូ​ទាំង​ពិភពលោក (QS World University Rankings និង Times Higher Education)​ ។
សម្រាប់​អ្នកជំនាញ ព័ត៌មាន មតិយោបល់ និង​ការ​វិភាគ​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ Monash News​ ៕ អត្ថបទសហការ