ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ពង្រីក​វិសាលភាព ប​.​ស​.​ស​. របស់​រាជរដ្ឋាភិបាល ចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​លើកកម្ពស់​សុខភាព​ពលរដ្ឋ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​អាណ​ត្តទី​៧ បាន​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) តាម​រយៈ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ស្ម័គ្រចិត្ត របស់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចាប់តាំងពី​ថ្ងៃ​ទី​១៤…

រាជធានីភ្នំពេញ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​អាណ​ត្តទី​៧ បាន​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) តាម​រយៈ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ស្ម័គ្រចិត្ត របស់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​ ។ មន្ត្រីជាន់ខ្ពស់ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​វាយតម្លៃ​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​និង​កំពុង​ចូលរួម​យ៉ាង​សំខាន់ ​ក្នុង​ការ​លើកកម្ពស់​ការ​ថែទាំ​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ ការ​ចំណាយ​របស់​ពលរដ្ឋ​លើ​ថ្លៃ​ថែទាំ​សុខភាព ​។

សម្រាប់​លោក​បណ្ឌិត​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ​ដែល​មាន​សមាជិក​រាប់​លាន​នាក់​ ។ ប​.​ស​.​ស​. បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ លើ​ការ​ថែទាំ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​វិសាលភាព​ ក្នុង​ការ​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​. ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន និង​ចំណាយ​ប្រាក់​តិច ​ក្នុង​ការ​បង់​វិភាគទាន​លើ​សេវា​ថែទាំ​សុខភាព ​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ថា អត្ថប្រយោជន៍​របស់ ប​.​ស​.​ស​. និង​ភាព​ងាយស្រួល​លើ​ការ​ប្រើប្រាស់ គឺជា​ការ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់ ​សេវា​របស់​រាជរដ្ឋាភិបាល​មួយ​នេះ ​កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ កាន់តែ​គិតគូរ​ពី​សុខភាព​ជាង​មុន ​។ ប​.​ស​.​ស​. ទទួល​បានការ​ពេញចិត្ត​ពី​សំណាក់​បងប្អូន ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​សេវា​មួយ​នេះ​កន្លង​មក ហើយ​ជា​បណ្តើ​ៗ​សេវាកម្ម​មួយ​នេះ​ នឹង​ក្លាយទៅជា​បង្អែក​សម្រាប់​ពលរដ្ឋ​កម្ពុជា ​ក្នុង​ការ​ថែទាំ​សុខភាព​របស់​ពួក​គេ ​។

ចំណែក​លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ពង្រីក​វិសាលភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ​គឺជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ គ្រប់​ជាន់ថ្នាក់ ខណៈ​ពេល​ដែល ប​.​ស​.​ស​. របស់​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ទទួល​បាន ការ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ដែល​ជា​អ្នក​ប្រើប្រាស់ ​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ក្លាយទៅជា​មធ្យោបាយ​ យ៉ាង​មាន​សារសំខាន់​ សម្រាប់​ទ្រទ្រង់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា ពីព្រោះ​សមាជិក​របស់ ប​.​ស​.​ស​. ចំណាយ​ថវិកា​តិច ក៏​ប៉ុន្តែ​ពួក​គេ​ទទួល​បានការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ និង​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ផ្សេង​ៗ​ទៀត ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព និង​រហ័ស​ផង​ដែរ​ ។

ការ​ពង្រីក​វិសាលភាព​របស់​របប​សន្តិសុខ​សង្គម ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បានការ​ថែទាំ​សុខភាព​ សម្រាប់​ខ្លួនឯង ប្ដី​ឬ​ប្រពន្ធ​និង​កូន​ក្នុង​បន្ទុក ជា​ហេតុ​ធ្វើ​ឱ្យ​បងប្អូន​អាច​គ្រប់គ្រង​ចំណាយ ​លើ​បញ្ហា​សុខភាព​និង​គ្រោះថ្នាក់​ផ្សេង​ៗ​សំដៅ រក្សា​លំនឹង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ​និង​បង្កើន​ផលិតភាព​ការងារ​ ។ បច្ចុប្បន្ន​របប​សន្តិសុខ​សង្គម​ បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន ទៅ​ដល់​អ្នក​នៅ​ក្នុង​បន្ទុក​របស់​សមាជិក ប​.​ស​.​ស ទាំង​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​មន្ត្រី​សាធារណៈ​ ។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​សមាជិក​របស់​ខ្លួន​កើនឡើង​ដល់ 2 671 030 នាក់ ក្នុង​នោះ​សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័​យ​និ​យោជន៍​ មាន​ចំនួន 422 593​នាក់ និង​សមាជិក ប​.​ស​.​ស​. ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. (​សហ​ព័ទ្ធ និង​កូន​) ចំនួន 136 210​នាក់ ​។

ចំណុច​គួរ​ឱ្យ​កត់សំគាល់ គឺ​ចំនួន​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ ថែទាំ​សុខភាព​តាម​របប​ភាគទាន​ ជា​កាតព្វកិច្ច​មាន​កម្មករនិយោជិត មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ក៏​ដូច​ជា​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត មាន​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. បាន​កើន​ឡើងជា​បន្តបន្ទាប់​​ក្នុង​ឆ្នាំ​២០២៤​នេះ ​។ ទន្ទឹម​នេះ ប​.​ស​.​ស​. មាន​សមាជិក ប​.​ស​.​ស​. បាន​ប្រើប្រាស់​សេវា​ចំនួន 21 035 433 ​ដង និង​បាន​ផ្តល់​សាច់ប្រាក់ ​ដល់​ស្រី​មាន​ផ្ទៃពោះ​ចំនួន 564 63​នាក់ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចំនួន 551 709​នាក់ ផង​ដែរ​ ។ តាម​រយៈ​នេះ បង្ហាញ​ថា​ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់​ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ លើ​ការ​ថែទាំ​សុខភាព​របស់​ពលរដ្ឋ​ ៕ អត្ថបទសហការ