រាជធានីភ្នំពេញ ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅគឺមានរយៈកាលមួយឆ្នាំហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងនោះអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានវាយតម្លៃថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះបានក្លាយទៅជាថ្នាលបណ្តុះបណ្តាលកម្លាំងជំនាញមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយតាមរយៈសន្ទុះកើនឡើងនៃកម្លាំងជំនាញនៅក្នុងស្រុកនេះគឺស្របតាមរបត់ថ្មីមួយ ក្នុងការកែប្រែទិសដៅវិនិយោគបរទេសនៅកម្ពុជា ដែលនឹងអាចប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សក្នុងការចូលរួមប្រកួតប្រជែងលំហូរវិនិយោគនៅតំបន់អាស៊ាន និងសកលលោក ។
បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចទាក់ទាញយុវជនចូលរៀនជំនាញបានជាង៧មុឺននាក់ក្នុងរយៈពេលឆ្នាំមកនេះ វាពិតជាដំណើរការដ៏គួរឱ្យកត់សម្គាល់ និងជាសមិទ្ធផលដ៏ល្អប្រពៃក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍជំនាញ និងការបង្កើនជំនាញនៅកម្ពុជា ។
នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះបន្តថា ការអភិវឌ្ឃន៍កម្លាំងជំនាញគឺជារឿងចាំបាច់ណាស់នៅក្នុងយុគសម័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវការកម្លាំងពលកម្មជំនាញដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតក្នុងវិស័យផលិតកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូច្នេះកម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះនឹងក្លាយទៅជាសូចនាករមួយដ៏មានសក្តានុពល និងចម្បងក្នុងការផ្លាស់ប្តូមុខមាត់សេដ្ឋកិច្ចកម្ពុជា ។
បើទោះបីយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងយុគសម័យសេដ្ឋកិច្ចបែបថ្មីនេះ ប្រទេសកម្ពុជាត្រូវការវិនិយោគធនធានបន្ថែមទៀតដើម្បីបណ្តុះបណ្តាលយុវជននូវជំនាញអនាគតដែលឆ្លើយតបនឹងទីផ្សារការងារនាពេលអនាគត ដូចជាជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាជំនាញផ្សេងទៀត ដែលកម្ពុជាគួរតែផ្តោតទៅលើបន្ថែមលើការអភិវឌ្ឍជំនាញមូលដ្ឋាន ។
ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះនឹងក្លាយទៅជាចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា ពីព្រោះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានក្លាយទៅជាថ្នាលនៃការបង្កើតកម្លាំងជំនាញជាច្រើនមុឺននាក់រួចស្រាប់ទៅហើយនៅក្នុងរយៈពេលមួយឆ្នាំមកនេះចាប់តាំងពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការ ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះនឹងនាំកម្ពុជាទៅដល់ការបង្កើតកម្លាំងធនធានផលិតកម្មដ៏ខ្លាំងមួយដែលមានផលិតភាពខ្ពស់ នឹងឈានដល់អភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា ដែលជាយន្តការក្នុងការកែប្រែកម្ពុជាពីការពឹងផ្អែកលើវិស័យកសិកម្ម មកពឹងផ្អែកលើឧស្សាហកម្ម និងពីសហគ្រាសខ្នាតតូចមធ្យម មកជាឧស្សាហកម្មធន់ធ្ងន់ ។
លោក បណ្ឌិតបានគូសបញ្ជាក់បន្តថា ការសិក្សាឱ្យបានច្បាស់លាស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីទទួលបានលទ្ធផលផ្លែផ្កាលើការបង្កើនកម្លាំងជំនាញនៅកម្ពុជានេះ គឺនឹងធ្វើឱ្យការឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជាមានភាពខ្លាំង ដែលអាចឈានជើងក្នុងការប្រកួតប្រជែងមួយដ៏ធំនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀតនៅលើពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខ ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង៧មុឺននាក់នៅទូទាំងប្រទេស។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ” ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ