រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្តង់ទាំង៣របស់ក្រសួងការងារ ដែលក្នុងនោះទីតាំងរាជធានីភ្នំពេញមាន២ស្តង់ និងខេត្តសៀមរាបមាន១ស្តង់ បានដាក់បង្ហាញអំពីវិស័យ បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) ទទួលបានអ្នកទស្សនាស្តង់និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួនជិត៣ម៉ឺននាក់។
បើតាមឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ទីតាំងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារមានអ្នកទស្សនាស្តង់ និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១១,៩០៤នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៩៥នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៩នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថាសម្រាប់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ចំនួនសរុប ១១៦៨នាក់។ ចំណែកវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ TVET សរុប ១១៦៨នាក់ និងបានចែកខិតប័ណ្ណសរុបចំនួន ៣៨៩៧ សន្លឹក ផងដែរ។
ដោយឡែកនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃដូចគ្នា មានអ្នកទស្សនាស្តង់ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយសម្រាប់ ប.ស.ស. ចំនួន ១២,៤២៦ នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៨១នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៧ នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រៅតែពីការផ្សព្វផ្សាយតាមទីសាធារណៈ ប្រសិនបើសាធារណជនមានសំណួរ ចម្ងល់ទាក់ទងនឹងវិស័យនានារបស់ក្រសួងការងារ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រសួងការងារបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សម្រាប់ស្តង់នីមួយៗ មន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តនូវតួនាទីយ៉ាងល្អប្រសើតាមរយៈការផ្តល់ព័ត៌មានពីវិស័យធំៗទាំង៣របស់ក្រសួងការងារទៅសាធារណជន បានយ៉ាងទូលំទូលាយ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ