ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ប្រកាសពីឱកាសការងារជាង ៥ម៉ឺនកន្លែងនៅទូទាំងប្រទេស

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៩ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកសម្រាប់សប្តាហ៍នេះចំនួន ៥២៨០៦កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន ។ 

បើតាមឯកឧត្តមរដ្ឋលេខាធិការ ឱកាសការងារជាង ៥ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣៩១២៧កន្លែង វិស័យកសិកម្មចំនួន ១០ ២៣៤កន្លែង និងសេវាកម្មចំនួន ៣ ៤៤៥កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា ៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត ។ 

ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា អ្នកបញ្ជាម៉ាសុីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, អ្នកធ្វើស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធ, អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលធ្វើពីក្រណាត់ រោមសត្វ, យន្តការី និងអ្នកដំឡើងអគ្គិសនី, កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម, កម្មករខ្ចប់វេចដោយដៃ, មន្រ្តីឥណទាន និងប្រាក់កម្ចី, បុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត ។ បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ។ 

ទន្ទឹមនឹងឱកាសការងារនៅក្នុងស្រុកច្រើនសម្បូរបែប ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ សូមធ្វើការពិចារណាអំពីឱកាសការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខាងមុខ ខណៈការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ។ ក្នុងនោះ ទី ១ ប្រាក់ឈ្នួលសមរម្យ ទី ២ កន្លែងការងារនៅក្បែរផ្ទះ និងទី ៣ ការចំណាយទាបដែលអាចឱ្យបងប្អូនសន្សំសំចៃការចាយវាយជាប្រចាំថ្ងៃបាន ៕ អត្ថបទសហការ