រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩៣៥កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើស ចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ឱកាសការងារជាង ៤ ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣២១៥៥ កន្លែង វិស័យកសិកម្មចំនួន ៣០៧៦កន្លែង និងសេវាកម្មចំនួន ៩៧០៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត ។
ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា មន្ត្រីឥណទាន និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាសុីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត។ បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ។
ទន្ទឹមនឹងឱកាសការងារនៅក្នុងស្រុកច្រើនសម្បូរបែប ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ សូមធ្វើការពិចារណាអំពីឱកាសការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខាងមុខ ខណៈការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ។ ក្នុងនោះ ទី ១ ប្រាក់ឈ្នួលសមរម្យ ទី២កន្លែងការងារនៅក្បែរផ្ទះ និងទី ៣ ការចំណាយទាបដែលអាចឱ្យបងប្អូនសន្សំសំចៃការចាយវាយជាប្រចាំបាន ។
គួរបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ។
ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន ។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ