រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និងក្រុមហ៊ុនប្រាយ (Bright Education Co., Ltd.) បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហការអប់រំ តាមរយៈការចូលរួមផ្សព្វផ្សាយ និងផ្តល់ឱកាសប្រកួតប្រជែងសម្រាប់សិស្សានុសិស្សទាំងថ្នាក់ជាតិ និងពិភពលោក ។
លោក គង់ សំនៀង ជាអគ្គនាយករង និងប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជារៀងរាល់ឆ្នាំ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបតែងតែរៀបចំកម្មវិធីប្រកួតប្រជែងសម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងចំណេះទូទៅខ្មែរ ភាសាអង់គ្លេស និងភាសាចិនលើវិញ្ញាសាជាច្រើន ដើម្បីជំរុញសិស្សានុសិស្សឧស្សាហ៍ព្យាយាមខិតខំនិងប្រឹងប្រែងរៀនសូត្រ បង្កើតចំណេះដឹងផ្នែកវប្បធម៌ទូទៅឱ្យកាន់តែទូលំទូលាយ បណ្តុះគំនិតច្នៃប្រឌិត ភាពក្លាហាន កិច្ចសហការជាក្រុម និងពង្រឹងសមត្ថភាពលើសិក្សាស្រាវជ្រាវជាដើម។ លើសពីនេះ វេសឡាញក៏បានសម្របសម្រួល ផ្សព្វផ្សាយ និងលើកទឹកចិត្តសិស្សានុសិស្សចូលរួមការប្រកួតប្រជែងសមត្ថភាពជាមួយគ្រឹះស្ថានអប់រំដទៃទៀតកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ ។
លោកអគ្គនាយករងបញ្ជាក់ថា ការចុះអនុស្សារណៈជាមួយស្ថាប័នអប់រំប្រាយនៅថ្ងៃនេះ គឺជាការចាប់ដៃគូអប់រំថ្មីមួយបន្ថែមទៀត និងបង្កើនឱកាសកាន់តែច្រើនសម្រាប់សិស្សានុសិស្សរបស់យើងចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសមត្ថភាព និងចំណេះដឹងសិស្សកម្ពុជារបស់យើងក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីក្នុងប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត ។
លោក Dovlet Klychny ជានាយកនៃក្រុមហ៊ុនអប់រំប្រាយ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ ស្ថាប័នទាំងពីរនឹងសហការផ្សព្វផ្សាយពីកាប្រកួតប្រជែងសមត្ថភាពសិស្សលើផ្នែកភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រទាំងថ្នាក់ជាតិ និងអន្តរជាតិរួមមាន Angkor Math Competitions, Math Knagaroo, Teenagle, IMEC, International Math Challenge, Young Master Challenge, STEMCO, TIMO, Neo Science ជាដើម ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពសិស្សានុសិស្សាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប តាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិលើផ្នែកភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ជាងនេះទៅទៀត ស្ថាប័នទាំងពីរក៏ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតផងដែរ ដើម្បីចូលរួមជួយលើកកម្ពស់គុណភាពវិស័យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្កើតឡើងក្នុងឆ្នាំ២០០៨ និងមានបុត្រសម្ព័ន្ធ៖ សាលារៀនវ៉េស្ទឡាញន៍ ១២សាខា សាលារៀនណត្សឡាញន៍ ២សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា មជ្ឈមណ្ឌលភាសាចិនឆានឈីង ១សាខា សាលាអន្តរជាតិហ្វររ៉េសហៀល ១២ សាលាភាសាលីដឺលែន ២សាខា និងសាលារៀនសហគមន៍២១ ៩សាខា។ រហូតមកដល់បច្ចុប្បន្ន នេះ វេសឡាញ បាននឹងកំពុងពង្រីកវិសាលភាពអប់រំរបស់ខ្លួនរហូតដល់២៨ទីតាំង បុគ្គលិកចំនួនជាង ១ ៥០០នាក់ និងមានសិស្សានុសិស្សចំនួន ១៥ ០០០នាក់ ។
សូមជម្រាបថា ក្រុមហ៊ុនប្រាយ (Bright Education Co., Ltd.) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 និងមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេនៃសេវាកម្មប្រឹក្សាផ្នែកសិក្សាដ៏ទូលំទូលាយ ។ ក្រុមហ៊ុនមានឯកទេសក្នុងការជួយដល់សិស្សានុសិស្សទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីទទួលបាននូវឱកាសសិក្សាបឋមនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី ។ សេវាកម្មចម្រុះរួមមានការប្រកួតអន្តរជាតិ ក្លឹបអូឡាំពិក ការណែនាំ និងការប្រឹក្សាសាកលវិទ្យាល័យ ដំណើរទេសចរណ៍ និងការធ្វើដំណើរ សេវាទិដ្ឋាការ សំបុត្រយន្តហោះ និងប្រព័ន្ធគ្រប់គ្រងសាលារៀន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ