ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនួបរវាងរដ្ឋមន្ត្រីក្រសួង​ការងារ និងអភិបាល​ស្រុក​កូ​ឆាង ​សាធារណរដ្ឋ​កូរ៉េ ផ្តោត​​លើ​កិច្ច​សហប្រតិបត្តិការ​ទទួល និង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការងារ​ តាម​កម្មវិធី​ពលករ​រដូវ​កាល

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នៃ​ស្រុក​កូ​ឆាង ខេត្ត​ឆ​ល់​ឡា​ប៊ូ​ក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នៃ​ស្រុក​កូ​ឆាង ខេត្ត​ឆ​ល់​ឡា​ប៊ូ​ក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក ស៊ី​ម ដុក​សប់ (Shim Deok-seop) អភិបាលស្រុក​កូ​ឆាង (Gochang County) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ជំនួប​នេះ ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ទទួល និង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការងារ​តាម​កម្មវិធី​ពលករ​រដូវ​កាល នៅ​ក្នុងស្រុក​កូ​ឆាង ខេត្ត​ឆ​ល់​ឡា​ប៊ូ​ក​ឌូ (Joelabuk-do) នៃ​សាធារណរដ្ឋ​កូរ៉េ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ស្រុក​កូ​ឆាង ដែល​បាន​ទទួលយក​ពលករ​រដូវ​កាល​កម្ពុជា​ទៅ​ធ្វើការ​ចាប់តាំងពី​ឆ្នាំ ​២០២៣ មក​ដល់​ឆ្នាំ ​២០២៤​ នេះ ហើយ​ក៏​នឹង​បន្ត​ទទួលយក​ពលករ​រដូវ​កាល​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៥ ផង​ដែរ​ ។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​អរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​តែង​យកចិត្តទុកដាក់​គាំពារ​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ ។ ឯកឧត្តម សង្ឃឹមថា ​រដ្ឋបាល​ស្រុក​កូ​ឆាង នឹង​បង្កើន​កូតា​ទទួល​ពលករ​កម្ពុជា ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ទៅ​ធ្វើការ​នៅ​ទីនោះ ជា​ពិសេស​ពលករ​ជំនាញ​របស់​កម្ពុជា​ ។

ក្នុង​ជំនួប​នេះ​ដែរ លោក ស៊ី​ម ដុក​សប់ បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​នៅ​ក្នុងស្រុក​កូ​ឆាង ថា​មាន​អត្ត​ចរិតល្អ ប្រឹងប្រែង​ធ្វើ​ការងារ ដែល​ធ្វើ​ឱ្យ​ថៅកែ​ពេញ​ចិត្តជា​ខ្លាំង​ ។ ទន្ទឹម​នេះ លោក​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​បញ្ជូន​ពលករ​កម្ពុជា​មាន​អត្ត​ចរិតល្អ​ដូចនេះ​ ។ លោក បាន​គូសបញ្ជាក់​ថា រដ្ឋបាល​ស្រុក​កូ​ឆាង​បាន​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​ពលករ​កម្ពុជា​ស្នាក់​នៅ ដែល​នេះ​ជា​គំរូ​ថ្មី​មួយ​ក្នុង​ការ​យកចិត្តទុកដាក់​ដល់​ពលករ​កម្ពុជា​ដែល​មក​ធ្វើការ​នៅ​ក្នុង​តំបន់​នេះ​ ។

សូម​បញ្ជាក់​ថា ស្រុក​កូ​ឆាង​នៃ​ខេត្ត​ឆ​ល់​ឡា​ប៊ូ​ក​ដូ មាន​តំបន់​ជាប់​ឆ្នេរសមុទ្រ ដែល​មាន​សេដ្ឋកិច្ច​ផ្តោត​សំខាន់​លើ​វិស័យ​ធំ​ៗ​ដូច​ជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹក​ជញ្ជូន ទេសចរណ៍ ជា​ពិសេស​ផ្នែក​កសិកម្ម ដែល​មាន​សក្តានុពល​លើ​ការ​ដាំ​ដុះ​នៅ​ក្នុងផ្ទះ​កញ្ចក់ (Greenhouse) ដែល​មាន​ដំណាំ​សំខាន់​ៗ​ដូច​ជា ផ្លែ​បឺ​រី ម្ទេស សណ្តែកដី និង​ស្លឹក​តែ​ជាដើម និង​មាន​តម្រូវការ​ពលកម្ម​ជា​ច្រើន​នាក់​ដើម្បី​ធ្វើការ​នៅ​តាម​កសិដ្ឋាន​នានា​ ៕ អត្ថបទសហការ