រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា ដែលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃកាណាឌីយ៉ាគ្រុប ។ អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ នាព្រឹក ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ រួមមាន ៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្ត្រី និងក្រុមគ្រួសារមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៣. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ ។
ឯកឧត្តម ហេង សួរ បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកកម្លាំងពលកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កម្មករនិយោជិត និងសហគ្រិនកម្ពុជា ។ ជាពិសេស ការសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ដោយផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៣ គឺការបណ្តុះបណ្តាលជំនាញ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានការថែទាំសុខភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្រុមហ៊ុន OCIC និងធនាគារ កាណាឌីយ៉ា គឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបម្រើដល់សហគមន៍តាមរយៈការចូលរួមលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការបំពាក់បំប៉នទាំងជំនាញរឹង និងជំនាញទន់ដល់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាក់ស្តែង អនុស្សរណៈនៃការយោគយល់ទាំង៣នេះ គឺជាឧទាហរណ៍មួយ ដែលស្តែងបញ្ជាក់ពីរបៀបដែលរដ្ឋ និងឯកជនអាចធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍រួមយូរអង្វែងសម្រាប់ជាតិ និងប្រជាជនសម្រេចបាននូវគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ