ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូ និង​យុវជន អំពាវនាវ​ដល់​សិស្ស យុវជន​ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ឱ្យ​បាន​ផុសផុល​ទាំងអស់​គ្នា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ គ្រូ និង​យុវជន អំពាវនាវ​ដល់​សិស្ស​ ដែល​ទើប​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤ ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ផុសផុល​ទាំងអស់​គ្នា ខណៈ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​កំពុង​បើក​ទទួល​ពាក្យ​ចូល​រៀន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​…

រាជធានីភ្នំពេញ៖ គ្រូ និង​យុវជន អំពាវនាវ​ដល់​សិស្ស​ ដែល​ទើប​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤ ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ផុសផុល​ទាំងអស់​គ្នា ខណៈ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​កំពុង​បើក​ទទួល​ពាក្យ​ចូល​រៀន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។

លោក កង សុវណ្ណ នាយក​អនុ​វិទ្យាល័យ ឆាយ​ឆុប ខេត្តកំពង់ស្ពឺ​អំពាវនាវ​ដល់​ឪពុក​ម្តាយ និង​អាណាព្យាបាល​របស់​កូន​ៗ ​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២ ដែល​ទើបតែ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឆ្នាំ​២០២៤ ត្រូវ​ពិនិត្យ​មើល​ថា ប្រសិនបើ​ពុំ​ទាន់​មាន​លទ្ធភាព ​ក្នុង​ការ​បញ្ជូន​កូន​ៗ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទេ សូម​ជំរុញ​កូន​ឱ្យមក​ចុះ​ឈ្មោះ ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ ។

លោកនាយក​សាលា​បន្ត​ថា ការ​ចាប់​យក​ការ​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​គឺ​មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​ជា​ស្ពាន​ចម្លង​អនាគត​របស់​យុវជន កូន​ៗ សិស្សានុសិស្ស​ទាំង​អ្នក​ទទួល​បាន​លទ្ធផល​ល្អ និង​មិន​ទទួល​បាន​លទ្ធផល​គាប់ប្រសើ ​ក្នុង​ការ​ប្រឡង​ថ្នាក់​ទី​១២ កាលពី​ពេល​ថ្មី​ៗ​នេះ​ ។ ការ​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ធ្វើ​ឱ្យ​យុវជន សិស្សានុសិស្ស​មាន​ជំនាញ​មួយ​ច្បាស់លាស់ មាន​បំ​ណិ​ន​ប្រចាំជីវិត សម្រាប់​ស្វែងរក​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង ផ្គត់ផ្គង់​គ្រួសារ ងើប​ផុត​ពី​ជីវភាព​លំបាក លើស​ពី​នេះ​អាច​ជួយ​សង្គម​ជាតិ​ផង​ដែរ ​។

លោកនាយក​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដោយ​ឥត​គិតថ្លៃ ហើយ​ថែម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត ប្រសិនបើ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។ ជា​រួម រាជរដ្ឋាភិបាល​មាន​គោលបំណង​ដ៏​ធំ​មួយ​ ដើម្បី​ជួយ​ជ្រោមជ្រែង​យុវជន​ឱ្យ​មានចំណេះ​ដឹង មាន​ជំនាញ​គ្រប់​ៗ​គ្នា ​។ ដូច្នេះ​ហើយ​កូន​ៗ ក្មួយ សិស្សានុសិស្ស​ទាំងអស់ សូម​ចាប់​យក​ឱកាស​ នៃ​ការ​សិក្សា​ជំនាញ​នេះ​ឱ្យ​បាន ​។

ចំណែក អ្នក​នាង មាន់ ម៉ា​នី ក្រុមការងារ​ទទួល​ពាក្យ និង​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ TVET 1.5M នៃ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បាន​លើក​ឡើង​ថា ដើម្បី​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដោយ​ឥត​គិតថ្លៃ​របស់​រាជរដ្ឋាភិបាល យុវជន​ត្រូវ​ភ្ជាប់​មក​ជាមួយ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក រូបថត ប្រសិនបើ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​បណ្ណ​ក្រីក្រ និង​បណ្ណ​សមធម៌​ទាំងនោះ​ ដើម្បី​បាន​សិក្សា​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត​ផង ​។

អ្នក​នាង​បាន​គូសបញ្ជាក់​បន្ថែម​ថា សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មាន​វេន ​សម្រាប់​ជ្រើសរើស​ក្នុង​ការ​ចូល​រៀន ដល់​ទៅ​៧​វេន ក៏​ប៉ុន្តែ​អ្នក​នាង​មើលឃើញ​ថា សិស្ស​ភាគច្រើន​ចូល​រៀន​ក្នុង​វេន ទី​១ វគ្គ​ថ្ងៃ​និង​រសៀល ចាប់ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ​  ទី​២ វគ្គ​វេន​យប់​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ និង​ទី​៣ វគ្គ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ ។ ការ​ដាក់​ចេញ​នូវ​វេន​បណ្តុះបណ្តាល​ច្រើន​វេន​ដូចនេះ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ យុវជន ដែល​មានការ​ងារ​ធ្វើ និង​រវល់​នៅ​ថ្ងៃ​ចន្ទ សុក្រ អាច​ជ្រើសរើស​វេន ​ដើម្បី​សិក្សា​តាម​តម្រូវការ​បាន ​។

ទន្ទឹម​នេះ យុវជន ហេង ស៊ុន​ហេង មក​ពី​ខេត្តកោះកុង ដែល​បាន​មក​ដាក់​ពាក្យ​ចុះ​ឈ្មោះ ចូល​វគ្គ​រៀន​ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត​នៃ​កម្មវិធី TVET 1.5M នៅ​វិទ្យាស្ថាន លើក​ឡើង​ថា ខ្លួន​សម្រេចចិត្ត​មក​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន ITI  ដោយសារ​ក្តី​ស្រលាញ់​ខាង​យានយន្ត ហើយ​មាន​បំណងប្រាថ្នា ចង់បាន​ការងារ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​នៅ​ថ្ងៃ​អនាគត ​ដ៏​ខ្លី​ខាង​មុខ ខណៈ​មាន​តែ​ការ​សិក្សា​ជំនាញ​ទេ ​ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​អាច​បន្ត​ការ​សិក្សា​បាន ដោយសារ​ជីវភាព​គ្រួសារ​លំបាក​ ។

យុវជន​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ ដែល​ទើប​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​២០២៤ សូម​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ចូល​រៀន​ទាំងអស់​គ្នា ពីព្រោះ​ការ​សិក្សា​ជំនាញ​មាន​រយៈពេល​ខ្លី រៀន​ដោយ​ឥត​គិតថ្លៃ ស្រួល​រក​ការងារ​ធ្វើ ជា​ពិសេស​នោះ​យុវជន​ អាច​បន្ត​ការ​សិក្សា​ផ្សេង​ៗ​ទៀត​ បន្ទាប់​ពី​សិក្សា​ជំនាញ​ចប់​ នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល ​។ ជា​រួម យុវជន​រូប​នេះ មើលឃើញ​ថា​ការ​សិក្សា​ជំនាញ TVET គឺជា​ស្ពាន​ចម្លង​យុវជន​ ជា​ពិសេស​យុវជន ​ដែល​មាន​ជីវភាព​ក្រីក្រ អាច​បន្ត​លើ​វិ​ថី​នៃ​ការ​សិក្សា​បាន ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​កម្មវិធី​សិក្សា​ជំនាញ​មួយ​នេះ​ គឺ​មិន​មានការ​បង់ថ្លៃ​សិក្សា​, និង​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ប្រចាំខែ​ទៀត​ផង ប្រសិនបើ​យុវជន​ មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​, សិក្សា​រយៈពេល​៤ ខែ ដោយ​អាច​ជ្រើសរើស​ជំនាញ​សិក្សា ​ដែល​ខ្លួន​ពេញចិត្ត​ ។ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មួយ​នេះ ​កំពុង​តែ​ដំណើរការ​បណ្តុះបណ្តាល​យុវជន​ជា​ច្រើន​មុឺ​ន​នាក់ ហើយ​បច្ចុប្បន្ន​ នៅ​តែ​បន្ត​ជ្រើសរើស​យុវជន ​ចូល​សិក្សា​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

សម្រាប់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់ Hotline របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លេខ 1286 ឬ 1297 ៕ អត្ថបទសហការ