បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ជាក្រុមហ៊ុនសម្រាប់លម្ហែកាយ និង ធនាគារ វីង បានផ្សារភ្ជាបភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តល់ជូននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃផ្តាច់មុខដល់អតិថិជនរបស់ធនាគារ វីង ។
ក្រុងព្រះសីហនុ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ៖ ធនាគារ វីង (ខេមមូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និង បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ដែលជាក្រុមហ៊ុនដែលផ្ដល់ជូននូវការកម្សាន្ត និងសម្រាកលម្ហែកាយដ៏ល្បីល្បាញឈានមុខគេ ហើយបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើនទៅដល់អតិថិជនមិនធ្លាប់មាន ។
លោក Dave Richard នាយកគ្រប់គ្រងក្រុមហ៊ុន បេ អហ្វ ឡៃថ៍ បានលើកឡើងថា ៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសហការជាមួយ ធនាគារ វីង ដែលជាធនាគារឌីជីថលមានការរីកលូតលាស់យ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា ។ កិច្ចសហការនេះមិនត្រឹមតែអនុញ្ញាតឱ្យយើងខ្ញុំផ្តល់នូវគុណតម្លៃកាន់តែច្រើនដល់ភ្ញៀវ និងអ្នកដំណើរកម្សាន្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយពង្រឹងគោលជំហររបស់យើងខ្ញុំឱ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាក្រុមហ៊ុនកម្សាន្តឈានមុខគេផងដែរ ។”
ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយត្រូវបានចាត់ទុកជាតារារះមួយនៅភាគនិរតីនៃប្រទេសកម្ពុជា ។ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតនេះបានកាន់តែច្រើនថែមទៀត ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ផ្តល់ជូននូវកន្លែងកម្សាន្ត និងសម្រាកលម្ហែកាយដ៏សម្បូរបែបទៅដល់អតិថិជនទាំងភ្ញៀវជាតិ និងអន្តរជាតិ ។អតិថិជនអាចរីករាយនាថ្ងៃវិស្សមកាល ឬថ្ងៃឈប់សម្រាកជាមួយមនុស្សជាទីស្រឡាញ់ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន បន្ទាប់ពីការងារប្រចាំថ្ងៃដោយមានការផ្តល់ជូនពិសេសៗជាច្រើន ។
អតិថិជននឹងទួលបានការបញ្ចុះតម្លៃដល់ទៅ ៣០% លើការកក់បន្ទប់ស្នាក់នៅរីហ្សត Summer Bay Beach Club & Cabins និង ១០% ចំពោះការបញ្ជាទិញ អាហារ និងភេសជ្ជៈ ភ្លាមៗតែម្តង ដោយគ្រាន់តែទូទាត់ការចំណាយតាមរយៈកាត ទូធនាគារ វីង ឬតាមអេប វីង ជាការស្រេច ។ ពិសេសជាងនេះទៀតគឺ សម្រាប់អតិថិជនទាំងអស់ក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% លើប្រភេទកីឡាលើទឹក និងការប្រណាំងឡាន (Nitro Kart) ផងដែរ ។
បន្ថែមពីលើនេះទៀត អតិថិជនក៏អាចទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មាន ពីការប្រើប្រាស់អេប ធនាគារ វីង សម្រាប់ការទូទាត់ ដែលនឹងអាចឈ្នះការបញ្ចុះតម្លៃពីកម្មវិធីបើកហឹបឈ្នះរង្វាន់ពីធនាគារ វីង ដល់ទៅ ៣០% នៅកន្លែងកម្សាន្ដនានាពី ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ៖ “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ។” លោក ហោ ប៊ុនថែ បានបន្ថែមថា ៖ “ភាពជាដៃគូនេះ មិនត្រឹមតែផ្តល់នូវភាពរីករាយ និងការសម្រាកលម្ហែកាយដ៏ប្រណិតជូនដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងឱកាសទទួលបានការសម្រាកលម្ហែកាយមួយកាន់តែរីករាយនៅក្នុងខេត្តព្រះសីហនុផងដែរ ។”
កិច្ចសហការជាយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន និងធនាគារ វីង មានការរំពឹងទុកថានឹងជំរុញកំណើនអាជីវកម្មស្ថាប័នទាំងពីរ ក៏ដូចជាលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងការកម្សាន្តនៅប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ៕
អំពីធនាគារ វីង (ខេមបូឌា) ម.ក
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាបានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០០៨ ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស ។ ធនាគារ វីង ដំណើរការសាខាចំនួន ២១ ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ ៨០ កន្លែង, បណ្តាញភ្នាក់ងារ ១១,000កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង ១០០ មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់ ។
ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្ត និងមានភាពច្នៃប្រឌិតធនាគារ វីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ ៕
អំពី ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន
បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខមួយនៅក្នុងប្រទេសកម្ពុជាដែលនៅពីក្រោយមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងសម្រាកលម្ហែកាយដ៏ពេញនិយមបំផុតមួយ ក្នុងក្រុងព្រះសីហនុដែលបណ្តុំទៅដោយសេវាកម្មជាច្រើនដូចជា៖ Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee។ ក្រុមហ៊ុន នេះដំណើរការប្រមូលផ្តុំដ៏ច្រើនបែបយ៉ាងនៃសេវាកម្មកម្សាន្តក្នុងផែនការអភិវឌ្ឍនៃក្រុមហ៊ុនមេរបស់ បេ អហ្វ ឡៃថ៍ ស្ថិតក្នុងក្រុងរាម ធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ក្នុងខេត្តព្រះសីហនុតាមរយៈការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ចំពោះសេវាកម្មទៅកាន់អតិថិជន ប្រកបដោយការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
ធនាគារ វីង (ខេមបូឌា) ម.ក
លោក ចន សុរដ្ឋា
ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈ
អ៉ីម៉េល: soratha.chan@wingbank.com.kh
ទូរសព្ទលេខ: ០២៣ ៩៩៩ ៨៩
ក្រុមហ៊ុន បេអហ្វ ឡៃថ៍ អេនធធេនម៉េន
កញ្ញា យស់ ផល្លា
ដៃគូរសហការ និងអ្នកគ្រប់គ្រងសាធារណៈ
អ៉ីម៉េល :paula.yous@bol-entertainment.com
ទូរសព្ទលេខ ៖ ០៨១ ៦៦២ ០៩៧ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ