ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ៖ រោងចក្រ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ អនុវត្ត​ច្បាប់ និង​ផ្តល់​អត្ថប្រយោជន៍​ជូនកម្មករនិយោជិត​បាន​យ៉ាង​ខ្ជាប់ខ្ជួន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​ការ​ចាត់​តាំងរបស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ការងារ និង​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​នានា នៅ​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ តាម​ការ​ចាត់​តាំងរបស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ការងារ និង​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​នានា នៅ​ថ្ងៃ​ទី ​៦ ខែសីហា ឆ្នាំ ២០២៤ ​នេះ ថ្នាក់ដឹកនាំ​ចំនួន​ ៣ ​រូប ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ចុះ​ជួប​ជាមួយ​បងប្អូន​កម្មករនិយោជិត និង​តំណាង​និយោជក​ក្នុង​រោងចក្រ​ចំនួន​៣​ទីតាំង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ការងារ និង​លក្ខខណ្ឌ​ការងារ​ ។ កម្មវិធី​ចុះ​ជួប​សំណេះសំណាល រួម​និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នេះ រួម​មាន​រោងចក្រ CWKH Garment (Cambodia) Limited. ដឹកនាំ​ដោយ ឯកឧត្តម ឡេ​ង សែ រដ្ឋលេខាធិកា​, រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ដឹកនាំ ឯកឧត្តម សោម អូន រដ្ឋលេខាធិការ និង​រោងចក្រ XIN YUNFENG (CAMBODIA) FASHION CO., LTD. ដឹកនាំ​ដោយ​ឯកឧត្តម វ៉េ​ង ហៀ​ង អនុរដ្ឋលេខាធិការ​ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល ពិនិត្យ​ស្ថានភាព​ការងារ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ដែល​កំពុង​បំពេញការងារ​នៅ​រោងចក្រ​កាត់​ដែរ​សម្លៀក​បំពាក់ CWKH Garment (Cambodia) Limited. ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯកឧត្តម ឡេ​ង សែ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ម្ចាស់​រោងចក្រ និង​បាន​ដើរ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរការ​ផលិតកម្ម ក្នុង​រោងចក្រ ដូច​ជា កន្លែង​កាត់ដេរ កន្លែង​វេច​ខ្ចប់ តុ​កាត់ ឃ្លាំង ផ្នែក QC (​ការ​ពិនិត្យ​គុណភាព​) កន្លែង​បំបៅ​កូន ទារកដ្ឋាន និង​ពេទ្យ​សង្គ្រោះ​ផង​ដែរ​ ។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​បងប្អូន​កម្មករ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ការងារ​ ។ ក្នុង​នោះ ភាគី​រោងចក្រ​បាន​ផ្តល់​ដូច​ជា ប្រាក់​ឈ្នួល​គោល​អប្បបរមា ២០៤ ដុល្លារ​ក្នុង​មួយ​ខែ​, ការ​ផ្តល់​ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀងទាត់​, ប្រាក់​រង្វាន់​អតីតភាព​ការងារ​, ប្រាក់​ថែម​ម៉ោង​, ថ្លៃ​ស្នាក់​នៅ​, សោហ៊ុយ​ធ្វើ​ដំណើរ​, ប្រាក់​ថ្លៃ​បាយ​ថ្ងៃត្រង់​, ច្បាប់​ឈប់​សម្រាក​ប្រចាំឆ្នាំ រួម​និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ​។

ទន្ទឹម​នេះ​ដែរ ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត ដែល​កំពុង​បំពេញការងារ​នៅ​រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯកឧត្តម សោម អូន បាន​កត់សំគាល់​ឃើញ​ថា ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករនិយោជិត​ជាមួយ​និយោជក​មាន​ភាពល្អ​ប្រសើរ ខណៈ​ដែល​ម្ចាស់​រោងចក្រ​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បាន​ល្អ និង​បាន​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​បងប្អូន​កម្ម​និយោជិត​បាន​យ៉ាង​ល្អ​ដូចដែល​ច្បាប់​ការងារ​បាន​កំណត់​ ។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​រៀបចំ​ជំនួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ ។ ទន្ទឹម​នេះ ឯកឧត្តម​បាន​ស្នើ​ឱ្យ​ម្ចាស់​រោងចក្រ​សូម​បន្ត​យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​កម្មករនិយោជិត​ទាំងអស់ ជា​ពិសេស​បន្ត​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ​តាម​ច្បាប់​ការងារ​ជូន​ដល់​កម្មករនិយោជិត​ទាំងអស់​ផង​ដែរ​។

ដោយឡែក ក្នុង​ឱកាស​ពិនិត្យ​មើល​ស្ថានភាព​ការងារ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD ស្ថិត​ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯកឧត្តម វ៉េ​ង ហៀ​ង បាន​គូសបញ្ជាក់​ថា ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិត​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​លើ​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​យ៉ាងណា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជា​ពិសេស​នោះ​គឺ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​ដែល​រដ្ឋាភិបាល​តែងតែ​គិតគូរ​ជា​និច្ច​ ។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ ក្នុង​ការ​លើកកម្ពស់​សុខដុម​នី​យ​កម្ម​នៅ​តាម​គ្រឹះស្ថាន រោងចក្រ សហគ្រាស​។ បន្ថែម​ពី​នោះ ឯកឧត្តម​ក៏​បាន​ស្នើ​ឱ្យ​ម្ចាស់​រោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD. បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ដែល​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត ដែល​មាន​ស្រាប់​របស់​កម្ពុជា​ផង​ដែរ​ ៕ អត្ថបទសហការ