ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងទេសចរណ៍ ​ទទួល​បានការ​អនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល សហការ​ជាមួយក្រុមហ៊ុន ជីប ម៉ុង រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹងនាំ​យក Gumball 3000 មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

11 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម គុ​ជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូ​កេ​ន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម គុ​ជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជក់​ថា ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៍​ធំ GUMBALL 3000 នឹង​ប្រមូលផ្ដុំ​កំពូល​រថយន្ត​ទំនើប​ៗ​រាប់រយ​គ្រឿង​ដែល​អ្នកបើកបរ​សុទ្ធ​សឹង​ជា​ជន​មាន​ឥទ្ធិពល មហាសេដ្ឋី​លំដាប់​កំពូល ក្រុម​តារា​ល្បី​ៗ និង​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប នឹង​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​ ១៥-១៧ ខែកញ្ញា ឆ្នាំ​ ២០២៤ ខាង​មុខ​នេះ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ “​ឆ្នាំ​ទស្សនា​សៀមរាប ២០២៤” ​។

ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ GUMBALL 3000 នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ធំ​ថ្នាក់​ជាតិ​មួយ​ក្នុង​ឆ្នាំ​ ២០២៤ ហើយ​ក្រុមហ៊ុន ជីប ម៉ុង ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​សហការ​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​តែ​មួយ​គត់ ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រសួងទេសចរណ៍​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​។

GUMBALL 3000 សម្រេចចិត្ត​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង ដោយសារ​បាន​យល់​ច្បាស់ និង​ជឿជាក់​លើ​កេរ្តិ៍ឈ្មោះ និង​កិត្តិ​ស័ព្ទ​របស់​ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ទីផ្សារ​កម្ពុជា ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ មានបទពិសោធន៍​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ អាច​ធ្វើការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​ផង​ដែរ និង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ ​។

ជាង​នេះ​ទៅ​ទៀត​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប​របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ដែល​សុទ្ធ​សឹង​ជា​ជន​មាន​ឥទ្ធិពល មហាសេដ្ឋី​លំដាប់​កំពូល តារា​ល្បី​ៗ និង​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប សំដៅ​យ៉ាងណា​ផ្តល់​បទ​ពិសោធន៍​នៃ​ការ​ស្នាក់​នៅ​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា ប្រកបដោយ​ភាព​រីករាយ និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន ​។

ការ​នាំ​យក​នូវ​ព្រឹត្តិការណ៍ GUMBALL 3000 រូ​ម​មាន​ក្នុង​គោលបំណង​ចំនួន ​៤​ សំខាន់​ៗ ​គឺ​៖

១.​ ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ទៅ​កាន់​ពិភពលោក ​។

២.​ ការ​ចូលរួម​ចំណែក​ក្នុង​សប្បុរសធម៌​ដ៏​ធំ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ​។

៣. ​ការ​បើកឱកាស​រវាង​វិនិយោគ​គិ​ន​ឯកជន​បរទេស និង​នៅ​ក្នុងស្រុក​បាន​ជួប​គ្នា ​។

៤.​ ការ​បង្កើត​កំណត់​ត្រា​ពិភពលោក​ហ្គី​ណេ​ស ”​ការ​ចូលរួម​ចត​ឡាន​ច្រើន​ជាងគេ​នៅ​មុខ​ប្រាសាទអង្គរវត្ត​”​ ។

ដោយឡែក​សម្រាប់​សាធារណជន​ទូទៅ​ដែល​ជា​អ្នកគាំទ្រ​រថយន្ត​ទំនើប​ៗ​គ្រប់​បនរ​ភេទ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​បាន​ផង​ដែរ​។ ការ​ចូលរួម​របស់​លោក​អ្នកជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ទៅ​កុមារ​កម្ពុជា និង​ការ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ