ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា ជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

11 ខែ មុន

លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម ហែម វណ្ណ​ឌី Vanndy Hem…

លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម ហែម វណ្ណ​ឌី Vanndy Hem រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ Ministry of Industry, Science, Technology & Innovation ក្រសួង​ឧស្សាហកម្ម វ​បន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​គ​.​ស​.​អ​.​ស​.​ក​) បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តី​ពី “​ការ​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២៤ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ស្វែង​យល់​បន្ថែម​ពី​វឌ្ឍនភាព​ការងារ​របស់ ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កិច្ចសហការ​គាំទ្រ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ និង​ហិរញ្ញវត្ថុ​ផ្លូវការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ។ ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធាន គ​.​ស​.​អ​.​ស​.​ក បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ ដោយសារ​កង្វះ​អនុលោម​ភាព ​។

ឯកឧត្តម​លើក​ឡើង​ថា គ​.​ស​.​អ​.​ស​.​ក កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ក្នុង​ការ​បង្កើត​ផ្លេ​ត​ហ្វ​ម​ឌី​ជី​ថ​ល​មួយ សម្រាប់​ចុះ​ឈ្មោះ​ទទួលស្គាល់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ ដូច្នេះ​ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​មានការ​គាំទ្រ​ពី ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​សិក្សា​ពី​លទ្ធភាព​ដែល​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​អាច​ទទួល​បាន​ហិរញ្ញប្បទាន ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្លូវការ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ផ្លេ​ត​ហ្វ​ម​ឌី​ជី​ថ​ល​នោះ​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​នេះ និង​គាំទ្រ​ឱ្យ​មានការ​សិក្សា​លម្អិត​បន្ថែម​ទៀត​ពី​មន្ត្រី​ជំនាញ ​។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​បំពេញការងារ​ជា​ច្រើន​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​សកម្មភាព​ចុះ​ដល់​មូលដ្ឋាន ផ្សព្វផ្សាយ​ជា​សាធារណៈ និង​បញ្ចូល​មេរៀន​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ ជាដើម​។ បន្ថែម​លើ​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​បើក​គណនី​សន្សំ​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដែល​ងាយស្រួល ចំណាយ​តិច និង​មាន​ប្រសិទ្ធភាព ព្រមទាំង​បង្កើន​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ស្ត្រី​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធាន គ​.​ស​.​អ​.​ស​.​ក បាន​សាទរ​ចំពោះ​វឌ្ឍនភាព​ការងារ​របស់ ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​វិ​វ​ឌ្ឍ​ល្អ​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ៕ អត្ថបទសហការ