រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ សាលាមត្តេយ្យអន្តរជាតិជប៉ុន JISPP បានបើកសម្ពោធជាផ្លូវការ ហើយក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចៗនៅកម្ពុជា ។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ដាយ អ៉ិឈិ ឡាយហ្វ៍ ចំពោះសហគមន៍ និងជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ខួប ៥ ឆ្នាំរបស់ខ្លួននៅកម្ពុជា ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Takao Sabato អគ្គនាយករងប្រតិបត្តិនៃ ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា និង លោក Daiki Watanabe នាយកប្រតិបត្តិនៃ JISPP និង Think! Think! Cambodia ។
លោក Takao Sabato អគ្គនាយករងប្រតិបត្តិរបស់ ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា ៖ «យើងជឿជាក់ថាការវិនិយោគលើការអប់រំកុមារតូចៗអាចជំរុញក្មេងៗជំនាន់ក្រោយឱ្យកាន់តែមានភាពច្នៃប្រឌិតខ្ពស់ ដែលសមស្របទៅនឹងគោលបំណងរបស់ក្រុមហ៊ុនយើង–សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ។ លោកបានបន្ថែមថា ៖ «តាមរយៈកម្មវិធីសិក្សាកម្រិតស្តង់ដារជប៉ុនរបស់សាលា JISPP យើងអាចផ្តល់ជំនាញចាំបាច់ ដែលក្មេងៗជំនាន់ក្រោយត្រូវការ ដើម្បីរីកចម្រើន ជាពិសេសនៅក្នុងពេលបច្ចុប្បន្នដែលស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស» ។
ដាយ អ៉ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ហើយក្រុមហ៊ុនមានមោទនភាពក្នុងការចូលរួមជាមួយសហគមន៍ជប៉ុននៅកម្ពុជា ដើម្បីគាំទ្រដល់សាលាមត្តេយ្យអន្តរជាតិជប៉ុន JISPP ។ កម្មវិធីសិក្សារបស់ JISPP ផ្តោតយ៉ាងខ្លាំងទៅលើការអភិវឌ្ឍជំនាញសម្រាប់កុមារក្នុងអំឡុងពេលកុមារភាព ដែលជាមូលដ្ឋានគ្រឹះចាំបាច់ជួយឱ្យកុមារអាចជោគជ័យនាពេលអនាគត ។ ជាមួយនឹងការបំប៉នជំនាញទាំងនេះពីក្មេង និងការរៀនសូត្រតាមវិធីសាស្ត្រសកម្ម (ការរៀនអមជាមួយនឹងការលេង និងការអនុវត្តជាក់ស្តែង) សាលា JISPP ផ្តល់នូវបទពិសោធន៍សិក្សាដ៏ពិសេសសម្រាប់កុមារនៅកម្ពុជា ។
លោក Daiki Watanabe នាយកប្រតិបត្តិនៃ JISPP និង Think! Think! Cambodia បានមានប្រសាសន៍ថា «យើងពិតជារំភើបចំពោះភាពជាដៃគូរយៈពេលវែងជាមួយ ដាយ អ៉ិឈិ ឡាយហ្វ៍ ជាពិសេស ជាមួយនឹងគោលដៅរបស់យើងក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការអប់រំកុមារតូចៗ ។ កិច្ចសហការនេះនឹងជួយពង្រឹងបេសកកម្មរបស់យើង ព្រមទាំងពង្រីកកម្មវិធីសិក្សាតាមបែបស្តង់ដារជប៉ុនទៅកាន់កុមារកម្ពុជាកាន់តែច្រើន ដើម្បីជួយឱ្យពួកគេទទួលបានអនាគតកាន់តែប្រសើរ» ។
អំពី ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ ឆ្នាំប៉ុណ្ណោះ។ ដាយ អ៉ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៉ិចឆេង (Tokyo Stock Exchange)។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា ។ ក្រុមហ៊ុនបាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ច្នៃប្រឌិតដែលសមស្របតាមតម្រូវការលោកអ្នក ។ តម្លៃស្នូល «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ និងយើងច្នៃប្រឌិតថ្មី» បានណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន ។ ក្នុងនាមជាដៃគូរបស់លោកអ្នក ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងនៅគាំទ្រដល់សុខមាលភាពរបស់លោកអ្នក និងក្រុមគ្រួសារជានិច្ច ។
អំពីសាលាមត្តេយ្យអន្តរជាតិជប៉ុន JISPP
JISPP ជាសាលាមត្តេយ្យអន្តរជាតិជប៉ុនដំបូងគេដែលអនុវត្តស្តង់ដារកម្មវិធីសិក្សាជាតិជប៉ុនជាភាសាអង់គ្លេសនៅកម្ពុជា។ សាលាក៏អនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពក្នុងប្រទេសជប៉ុនផងដែរ។ JISPP បានបើកសាលាមត្តេយ្យដំបូងសម្រាប់កុមារអាយុ 2-6 ឆ្នាំ ។ សាលានេះត្រូវបានដំណើរការដោយក្រុមហ៊ុនជប៉ុន វ៉នឌើរហ្វាយ អីង, ម៉ាំមី ហ្វាមីលី, ដាយ អ៊ិឈិ ឡាយហ្វ៍, ប៉ាណាសូនិច ខេមបូឌា និងសហគមន៍ជប៉ុននៅភ្នំពេញ ។
JISPP ប្រើវិធីសាស្ត្រ “រៀនតាមរយៈការលេង” និង “ការសិក្សាផ្តោតលើសិស្ស” តាមរយៈវិធីសាស្ត្រទាំងនេះ ពួកយើងមានគោលដៅក្នុងការកសាងនូវមូលដ្ឋានគ្រិះសម្រាប់កុមារអាចលូតលាស់ធំធាត់មានជីវិតពោរពេញដោយភាពរីករាយ និងមានភាពឯករាជ្យនាពេលអនាគត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ