ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី ​១.៥​ លាន​៖ ​សិក្ខាកាម​រីករាយ​និង​ពេញចិត្ត​ចំពោះ​ការ​សិក្សា​ជំនាញ​ ដែល​មាន​ទាំង​ទ្រឹស្តី និង​អនុវត្តផ្ទាល់​ភ្លាម​ៗ​ ដើម្បី​បាន​ជំនាញ​មួយ​ដោយ​ពិតប្រាកដ

3 ខែ មុន

រាជធានីភ្នំពេញ​៖ ​សិក្ខាកាម​កំពុង​សិក្សា​ក្នុង​ «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​» បាន​បង្ហាញ​ការ​សប្បាយចិត្ត​ ចំពោះ​វគ្គ​បណ្តុះបណ្តាល​របស់​រាជរដ្ឋាភិបាល ​ព្រោះ គ្រូបង្រៀន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើ​ឱ្យ​សិស្ស​មាន​ទំនុកចិត្ត រៀន​ឆាប់​ចេះ…

រាជធានីភ្នំពេញ​៖ ​សិក្ខាកាម​កំពុង​សិក្សា​ក្នុង​ «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​» បាន​បង្ហាញ​ការ​សប្បាយចិត្ត​ ចំពោះ​វគ្គ​បណ្តុះបណ្តាល​របស់​រាជរដ្ឋាភិបាល ​ព្រោះ គ្រូបង្រៀន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើ​ឱ្យ​សិស្ស​មាន​ទំនុកចិត្ត រៀន​ឆាប់​ចេះ ដោយសារសាលា​មាន​ឧបករណ៍​បច្ចេកទេស​ទំនើប​គ្រប់គ្រាន់ ​រៀន​ភ្លាម​អនុវត្ត​ផ្ទាល់​ភ្លាម​ៗ ​។

កញ្ញា សៅ យ៉ា​រ៉េ​ត ជា​សិក្ខាកាម​ផ្នែក​រចនា​ក្រា​ហ្វិ​ច​ ដោយ​កុំព្យូទ័រ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI) បាន​បង្ហាញ​ពី​ក្តី​សប្បាយ​រីករាយ​ ដែល​មាន​ចូល​រៀន​នៅ​ក្នុង​សាលា ​ដែល​មាន​គ្រូបង្រៀន​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​បង្ហាត់បង្ហាញ ជា​ពិសេស សាលា​មាន​បំពាក់​ដោយ​ឧបករណ៍បច្ចេកទេស​ទំនើប សម្បូរ​បែប​សម្រាប់ ដាក់​ឱ្យ​សិស្ស​រៀន​ទ្រឹស្តី​ផង និងអនុ​វត្ត​​ជាក់ស្តែង​ផង​ ។

កញ្ញា​ថា៖ «​ការ​បង្រៀន​ជាក់ស្តែង​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ដូច​ចាប់ផ្តើម​ពី​សូន្យ​មក ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​គាត់​បង្រៀន​ណែនាំ​យកចិត្តទុកដាក់​តាម​ដំណាក់កាល​នី​មួយ​ៗ​ មិន​ឱ្យ​សិស្ស​ភ័យ​ខ្លាច ហើយ​មុន​នឹង​អនុវត្ត លោកគ្រូ​បង្រៀន​ពី​ទ្រឹស្តី ហើយ​រៀន​បណ្តើរ​អនុវត្តបណ្តើរ​ធ្វើ​ឱ្យ​សិស្ស​ឆាប់​ចេះ​» ។

ស្រ​ដៀង​គ្នា​នេះ អ្នកស្រី គង់ ស៊ី​ផា ជា​សិក្ខាកាម​ជំនាញ​ធ្វើ​នំ​នៅ វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នុ​វា​នុ​វត្ត​ន៍ (NIEI) និយាយ​ថា ដំបូង​ឡើយ​អ្នកស្រី​គិត​ថា រៀន​មិន​អស់ប្រាក់​បែប​នេះ ប្រហែលជា​គ្រូបង្រៀន​មិន​ដឹក​ដល់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តាម​រយៈ​បទ​ពិសោធន៍​ជាក់ស្តែង មិន​នឹក​ស្មានថា​អ្នកស្រី​ឆាប់​ចាប់​បាន ឆាប់​យល់ ហើយ​បរិយាកាស​សិក្សា​ប្រកបដោយ​ផា​សុកភាព​ទៀត​ផង ជា​ពិសេស​គឺ​សាលា​មាន​ឧបករណ៍​ទំនើប​គ្រប់គ្រាន់ ​ដាក់​ឱ្យ​អនុវត្ត​ជាក់ស្តែង ​។

អ្នកស្រី​ថា៖ «​ការ​រៀន​ជាក់ស្តែង​គឺ​លោកគ្រូ​ អ្នកគ្រូ​ បង្រៀន​បាន​ល្អ ហើយ​សិស្ស​ក៏​យកចិត្តទុកដាក់​រៀន ហើយ​ឧបករណ៍​ក៏​មាន​គ្រប់គ្រាន់ ជា​ពិសេស​គឺ​អនាម័យ​ល្អ ការអនុវត្តន៍​ជាក់ស្តែង ​រៀន​បណ្តើរ​អនុវត្ត​បណ្តើរ​ឆាប់​ចេះ» ​។​

បន្ថែម​លើក​សិក្ខាកាម​ទាំង​២ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់ ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ អាច​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ឱ្យ​បាន​គ្រប់​គ្នា ដែល​ការ​រៀន​ជំនាញ​នេះ​មិន​គិត​ពី​អាយុ មិន​អស់​លុយ​ហើយ​ថែម​ទាំង​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត ​។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤​ នេះ មាន​សិស្ស​កំពុង​សិក្សា​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ទាំង​កម្មវិធី ១.៥​ លាន​នាក់ និង​កម្មវិធី​ទូទៅ​សរុប​ចំនួន ៧៤ ៨៧៣​ នាក់​ ៕ អត្ថបទសហការ