ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី ​១.៥​ លាន​៖ យុវតី ​សៅ យ៉ា​រ៉េ​ត មិន​នឹក​ស្មានថា​អ្នក​បោះបង់​ការ​សិក្សា​ចោល ​តាំងពី​ក្មេង​អាច​មានឱកាស​រៀន​ជំនាញ​បាន​ដែរ

3 ខែ មុន

រាជធានីភ្នំពេញ​៖​ កញ្ញា សៅ យ៉ា​រ៉េ​ត សិក្ខាកាម​កំពុង​សិក្សា​ក្នុង ​«​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា និង​បច្ចេកទេស​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ ជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំ​ព្យ​ទ័​រ បាន​បង្ហាញ​ការ​សប្បាយចិត្ត​…

រាជធានីភ្នំពេញ​៖​ កញ្ញា សៅ យ៉ា​រ៉េ​ត សិក្ខាកាម​កំពុង​សិក្សា​ក្នុង ​«​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា និង​បច្ចេកទេស​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ ជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំ​ព្យ​ទ័​រ បាន​បង្ហាញ​ការ​សប្បាយចិត្ត​ ពេល​បាន​ចូល​រៀន​ជំនាញ​មួយ​នេះ ដោយ​កញ្ញា​មិន​នឹក​ស្មានថា អ្នក​បោះបង់​ការ​សិក្សា​ចោល​តាំងពី​ក្មេង អាយុ​ច្រើន​ហើយ ក៏​នៅ​តែ​អាច​ចូល​រៀន​ជំនាញ​បាន​ដែរ​ ។

កញ្ញា​និយាយ​ថា​៖ «​ខ្ញុំ​រំភើបចិត្ត ព្រោះ​អត់​នឹក​ស្មានថា​មាន​សាលាបង្រៀន​អត់​យក​លុយ ហើយ​យើង​ឈប់​រៀន​ច្រើន​ឆ្នាំ ដប់​ម្ភៃ​ឆ្នាំ​ក៏​អាច​ចូល​រៀន​បាន អាយុ​ច្រើន​ក៏​អាច​ចូល​រៀន​បាន​ ។ ​ហើយ​ខ្ញុំ​សង្ឃឹមថា​ខំរៀន​ទៅ​នឹង​មាន​សមត្ថភាព​ ធ្វើការ​រក​លុយ​ដោយ​មិន​ប្រើ​កម្លាំង​ដូច​គេ» ​។​

សិក្ខាកាម​រូប​នេះ​ប្រាប់​ថា អ្នក​ដែល​បាន​ឈប់​រៀន​ច្រើន​ឆ្នាំ និង​អត់​មាន​លុយ​រៀន​បន្ត​ជាដើម កុំ​មានការ​ព្រួយបារម្ភ អាច​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា និង​បច្ចេកទេស​» ដោយ​ឥ​គិតថ្លៃ​បាន ​។ បរិយាកាស​នៃ​ការ​សិក្សា​រៀនសូត្រ​ មាន​ផា​សុកភាព​ល្អ គ្រូបង្រៀន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើ​ឱ្យ​ឆាប់​យល់​ឆាប់​ចេះ និង​មាន​ទំនុកចិត្ត​ ។

កញ្ញា​ប្រាប់​បន្ថែម​ថា ការ​រៀន​ជំនាញ​កុំ​មានការ​បារម្ភ​ថា ខ្លួន​មិន​ចេះ​ហើយ​រៀន​មិន​ទាន់​គេ​នោះ ព្រោះ​គ្រូបង្រៀន​មាន​វិធីសាស្ត្រ​ពន្យល់​ ឱ្យ​សិស្ស​ចាប់​បាន​ចំណេះ​ជំនាញ​តាំងពី​ដំបូង ដូច​ៗ​គ្នា ​​។ ជាមួយ​គ្នា​នេះ កញ្ញា​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា ឬ​បាន​បោះបង់​ចោលការ​សិក្សា​ច្រើន​ឆ្នាំ ទោះ​មាន​អាយុ​ច្រើន​ក៏​ដោយ អាច​ស្វែងរក​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​សាលាបង្រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទូ​ទាំង​រាជធានី​ខេត្ត​ ។

បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា សៅ យ៉ា​រ៉េ​ត ស្រប​ពេល​ប្រទេស​ជាតិ​កំពុង​តែ​មានការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ​ក៏​មិន​ត្រូវ​នៅ​ស្ងៀម​ដែរ គួរតែ​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ធ្វើ​យ៉ាងណា​ឱ្យ​ដើរ​ទាន់​សម័យកាល យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មានចំណេះ​ជំនាញ​ ១ ​ពិតប្រាកដ​ក្នុង​ជីវិត ដែល​អាច​ទៅ​ធ្វើការ​ងារ​បាន​នៅ​គ្រប់​ទីកន្លែង ​៕ អត្ថបទសហការ