ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ HH BANK ក្រើនរំលឹក​ពលរដ្ឋ​ខ្មែរ ឱ្យប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆបោក​លើ​បណ្តាញ​ហ្វេស​ប៊ុ​ក តាម​រយៈ​ការ​ផ្តល់​កម្ចី​ក្លែងក្លាយ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ HH BANK បាន​កត់សម្គាល់​ឃើញ​ថា ថ្មី​ៗ​នេះ​មាន គេហទំព័រ​បន្លំ​មួយ​ដែល​បាន​ប្រើ​ឈ្មោះ HH Bank…

រាជធានីភ្នំពេញ ៖ ធនាគារ HH BANK បាន​កត់សម្គាល់​ឃើញ​ថា ថ្មី​ៗ​នេះ​មាន គេហទំព័រ​បន្លំ​មួយ​ដែល​បាន​ប្រើ​ឈ្មោះ HH Bank Cambodia បោក​បញ្ឆោត បាន​បន្លំ​ជា​គ្រឹះស្ថាន​ធនាគារ ហេង​ហ៊ី (​ខេ​ម​បូ​ឌា​) ខម​មើ​សល ប៊ែ​ង ម​.​ក បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ប្រើ សេវា​កម្ចី អន​ឡាញ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។

លោកនាយក នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ធនាគារ HH BANK បានអោយ​ដឹង​ថា ជន​ឆបោក​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដោយ​ប្រើ​ឈ្មោះ HH Bank Cambodia និង​ក្លែងបន្លំ​ជា​បុគ្គលិក​ធនាគារ ដោយ​ចម្លង​យក​រូបថត​បុគ្គលិក ដើម្បី​ទាក់ទង​ទៅ​ជន​រង​គ្រោះ​តាម​រយៈ​តេ​ឡេ​ក្រាម (Telegram) ក្នុង​ការ​ផ្តល់​សេវា​កម្ចី​អន​ឡាញ និង​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ឱ្យ​ផ្ញើ​ប្រាក់​ទៅ​ពួក​គេ​តាម​រយៈ ខេ​អេ​ច ឃ្យូ​អរ (KHQR) ។ ជន​ឆបោក​បាន​បង្កើត​គេហទំព័រ​បន្លំ​ដែល​មានឈ្មោះ​ថា Khmersp.com ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ច្រឡំ​ថា ​ជា​កម្មវិធី​ធនាគារ​លើ​ទូរ​សព្ទ​ដៃ​របស់​ធនាគារ HH BANK ដោយ​ឆបោក​ឱ្យ​ជន​រង​គ្រោះ​បញ្ចូល​លេខ​ទូរ​សព្ទ និង​លេខ​សម្ងាត់​នានា នៅ​ពេល​ជន​រង​គ្រោះ​ចុច​លើ​តំណ ឬ​លីង នៃ​ការ​ផ្សព្វផ្សាយ​ឆបោក​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​។

លោក​បាន​បន្ថែម​ថា «​យើង​ទទួល​បានការ​រាយការណ៍​តាម​បណ្តាញ Facebook ផ្លូវការ​របស់​យើង ដោយ​មាន​ជន​រង​គ្រោះ​ខ្លះ​ត្រូវ​បាន​ជន​ឆបោក បោកប្រាស់​អស់​រាប់​ពាន់​ដុល្លា និង​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​បាន​មក​ដល់​ទីស្នាក់ការ​ផ្ទាល់​របស់​ធនាគារ ហើយ​យើង​បាន​សម្របសម្រួល​ឱ្យ​ជន​រង​គ្រោះ​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ដូច​ជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផង​ដែរ​» ។ ធនាគារ HH BANK បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ដោយ​បាន​ក្រើនរំលឹក​ដល់​សាធារណៈជន ឱ្យ​ប្រុង​ប្រយ័ត្ន​ការ​ណែនាំ កុំអោយ​ផ្ទេរ​ប្រាក់ បង់ប្រាក់​សម្រាប់​សេវា​ណាមួយ តាម​រយៈ​ការ​ស្កេ​ន KHQR ឬ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​នានា ដល់​ជន​ឆបោក​ទាំងនោះ ​។

សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​បាន​ចេញ សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី ៧ ខែមិថុនា ឆ្នាំ​ ២០២៤ ថ្មី​ៗ​នេះ​ដើម្បី​ឱ្យ​សាធារណៈជន​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បញ្ជាក់​ច្បាស់​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ស្របច្បាប់​និង​ផ្លូវការ មិន​មាន​គោលការណ៍​សុំ​ឲ្យ​អតិថិជន​របស់​ខ្លួន​ផ្តល់​លេខ​សម្ងាត់​ធនាគារ ឬ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ HH BANK គឺ​មានឈ្មោះ​ថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers)​ និង​គេហទំព័រ ​(​វែ​ប​សាយ​)​គឺ hhbank.com.kh រីឯ​លេខ​ទូរ​សព្ទ ទំនាក់ទំនង​គឺ​មាន​តែ មួយ​ខ្សែ​តែ​ប៉ុណ្ណោះ​គឺ 023 99 7777 ៕ អត្ថបទសហការ