ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ទទួល​បាន​ជោគជ័យក្នុង​ការ​រួម​បញ្ចូល​ប្រព័ន្ធ​ទូទាត់​ចំណាយ Host-to-Host តាម​រយៈ Swift FileAct Channel ជាមួយក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​)

3 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​០៥ ខែកក្កដា ឆ្នាំ​ ២០២៤ ៖ ធនាគារ ជេ ត្រាស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​០៥ ខែកក្កដា ឆ្នាំ​ ២០២៤ ៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ និង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ឯ​․​ក បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ភាព​នៃ​ការ​រួម​បញ្ចូលរវាង​ប្រព័ន្ធ​ស្នូល​របស់​ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) តាម​រយៈ​បណ្តាញ​ដែល​មាន​សុវត្ថិភាព SWIFT FileAct ដែល​ជា​ការ​ពង្រឹង​ផ្នែក​ឌី​ជី​ថ​ល​ដ៏​សំខាន់​សម្រាប់​ការ​គ្រប់គ្រង​ទូទាត់​ចំណាយ ។

ការ​រួម​បញ្ចូល​នេះ បង្ហាញ​ពី​ការ​រីក​ចម្រើន​ដ៏​សំខាន់​ក្នុង​ដំណើរការ​កែ​លម្អ​ផ្នែក​ឌី​ជី​ថ​ល​របស់​យើង ដែល​រួម​មាន ដំណោះស្រាយ Host-to-Host និង​ឯកទេស​ក្នុង​ការ​រួម​បញ្ចូល Enterprise Resources Planning System (“ERP”) ដែល​ផ្តល់​ដោយ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់​ ។ កា​រត​ភ្ជាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​សម្រាប់​ដំណោះស្រាយ​ទូទាត់​ចំណាយ សម្រួល​ដំណើរការ និង​កាត់​បន្ថយ​ការ​បំពេញការងារ​ដោយ​ដៃ​ក្នុង​ដំណើរការ​ទូទាត់​ ។ លទ្ធផល​ជោគជ័យ​ទាំង​អស់នេះ កើតឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ដ៏​ស្និត​ស្នាល​របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ​។

លោក Krithik Ranganathan នាយក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា ៖ “​យើង​ពិតជា​រីករាយ​ជាមួយនឹង​ការ​រួម​បញ្ចូល​នេះ ជាមួយ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ដំណើរការ​ទូទាត់​របស់​យើង ក៏​ដូច​ជា​បង្កើន​ផលិតភាព​ការងារ​តាម​រយៈ​ការ​កាត់​បន្ថយ​ដំណើរការ​ដោយ​ដៃ និង​កាត់​បន្ថយ​ពេលវេលា​ ។ នេះ គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​លអាច​បង្កើន​តម្លៃ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​អាជីវកម្មរបស់​យើង ​។ វា​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តរបស់​យើង​ចំពោះ​ឌី​ជី​ថ​ល​នី​យ​កម្ម ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ភាព​រហ័សរហួន​នៃ​អាជីវកម្ម​ ។​” លោក Krithik ក៏​បាន​សម្តែង​ការ​អរគុណ​ចំពោះ​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​គម្រោង​នេះ​សម្រេច​ទៅ​បាន​ដោយ​ភាព​ជោគជ័យ ​។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ដែល​បាន​ជ្រើស​យក ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ប្រព័ន្ធ​ទូទាត់​ចំណាយ​នេះ ដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ជឿជាក់ និង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) មក​លើ​ធនាគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់​ ។

លោក Toru Myochin នាយក​ប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​ប្រសាសន៍​ថា​៖ “​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នៅ​តែ​បន្ត​វិនិយោគ​ទៅ​លើ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ នេះ រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា ដែល​ជួយ​សម្រួល​ដំណើរការ​ផ្លាស់​ប្តូរ​ទិន្នន័យ​សម្រាប់​ការ​ទូទាត់​តាម​ស្តង់ដារ​រវាង​ប្រព័ន្ធ ERP របស់​អតិថិជន និង​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​យើង​។ ជា​លទ្ធផល យើង​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ដំណោះស្រាយ Host-to-Host ដែល​ក្នុង​នោះ​រួម​មាន Swift FIN/MT101 Swift FileAct និង​sFTP​។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​សេចក្តី​សោមនស្ស ដែល​មាន​លទ្ធភាព​នាំ​យក​បច្ចេកវិទ្យា​គ្រប់គ្រង​សាច់ប្រាក់ស្តង់ដារ​របស់​ធនាគារ​អន្តរជាតិ មក​កាន់​ទីផ្សារ​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​សាជីវកម្ម​ជាតិ និង​អន្តរជាតិ​។

លើស​ពី​នេះ​ទៅ​ទៀត កាលពី​ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ធនាគារ​យើង​បាន​តម្លើង​ប្រព័ន្ធ​ទូទាត់ Swift ទៅ​ជា ISO20022 (​ក្នុង​ទម្រង់ MX) ដែល​អនុញ្ញាត​ឱ្យ​មានការ​បំ​លែង​ទិន្នន័យ​ទូទាត់​ឆ្លង​ប្រទេស សម្រាប់ Swift Single Standardization​។​“

លោកស្រី ហង់ ជួនណារីតា នាយិកានាយកដ្ឋានធនាគារសាជីវកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)
ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ខាងឆ្វេង) និងក្រុមការងារក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) (ខាងស្តាំ)

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៤ ​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួម​គ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០* នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ​។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ដែល​មាន​កាបូន​សូន្យ និង​កាន់តែ​មាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​ ៕

*​ប្រភព​៖ តួលេខ​លក់​ផ្ទៃក្នុង​ឆ្នាំ ២០២២, ការ​សិក្សា​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ឆ្នាំ ២០២០ – ទិន្នន័យ​ឆ្នាំ ២០១៩ និង​ទិន្នន័យ​រដ្ឋាភិបាល

អំពី​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់
ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group Finance Co., Ltd ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា ​។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ធនាគារ​បរទេស​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ជូន​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​ច្រើន​ជាង ៦០០ នាក់ ជាមួយ​សាខា​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ​ ៕ អត្ថបទសហការ