ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​ ​ចូលរួមប្រកាស​បិទ​ទិវា​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ​៧

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី…

រាជធានីភ្នំពេញ ​៖​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ​៧ ឆ្នាំ​ ២០២៤ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​» នៅ​រសៀល​ថ្ងៃ​ទី ​១៦ ខែមិថុនា ឆ្នាំ​ ២០២៤​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ​។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​បំផុត​គោរព​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និងបាន​ថ្លែងអំណរគុណ ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ កន្លង​មក ជា​ពិសេស ការ​ចូលរួម​សហការ​ក្នុង​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូ​ទាំង​ប្រទេស ចំនួន​១,៥ លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​ ១ ។

ឯកឧត្តម​ថ្លែង​ថា ការ​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ (TVET) ជា​ស្ពាន​ចម្លង​មួយ​ដែល​ត្រូវការ​រយៈពេល​ខ្លី ប៉ុន្តែ​មានកម្ម​វិធី​បង្រៀន ក៏​ដូច​ជា​ម៉ោង​រៀន​បត់បែន​ដែល​អាច​ផ្តល់​ឱកាស​ដល់​យុវជន ក៏​ដូច​ជា​កម្មករនិយោជិត ឬ​បុគ្គល​ទាំង​នៅ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​អាច​ជ្រើសរើស ជា​កន្លែង​សម្រាប់ បណ្តុះបណ្តាល​ជំនាញ​របស់​ខ្លួន ក៏​ដូច​ជា​សម្រាប់​តម្លើង​កម្រិត​ជំនាញ​បន្ថែម​បាន ឬ​មួយ​ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ជំនាញ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​ផ្លាស់​ប្តូរ​បាន​ ។

ឯកឧត្តម​បញ្ជាក់​ថា ដើម្បី​ឱ្យ​កម្មវិធី TVET មានការ​គាំទ្រ​កាន់តែ​ផុលផុស​បន្ថែម​ទៀត ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវធ្វើ​សកម្មភាព​ស្រុះគ្នា ទើប​TVET អាច​បញ្ជ្រាប​ទៅ​ក្នុង​ទស្សនៈ​យុវជន និង​សង្គម ហើយ​ទទួលយក TVET ជា​ស្ពាន ជា​ថ្នាល​ដែល​អាច​ធ្វើ​ឱ្យ​ជីវិត របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ ដែល​គ្មាន​ជំនាញ​ពី​មុន​ក្លាយទៅជា​អ្នកមាន​ជំនាញ​មួយ​យ៉ាងតិច​នៅ​ក្នុង​ជីវិត ​។ ចំណែក​អ្នក​ដែល​ធ្លាប់​មាន​ហើយ​ក៏​ដោយ ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ជំនាញ​ដើម្បី​ឱ្យ​ខ្លួនឯង ក្លាយទៅជា​មនុស្ស​ម្នាក់ មាន​ជំនាញ​មាន​ផលិតភាព​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ ស្រប​តាម​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ថ្មី​ៗ​ ។

ឯកឧត្តម​ថ្លែង​ថា ​៖ «​យើង​សង្ឃឹមថា យុវជន​ដែល​ទើបតែ​ដល់​វ័យ ចូល​ទីផ្សារ​ការងារ​រើស​ជំនាញ TVET មួយ​ដែល​ទីផ្សារ​កំពុង​ត្រូវការ ជំនាញ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ជា​ជំនាញ​ដែល​ប្រើប្រាស់​បច្ចេកទេស ហើយ​ធ្វើ​ឱ្យ​ខ្លួន​គាត់​អាច​ចាប់​យក​ឱកាស​ការងារ ប្រាក់ខែ​ខ្ពស់ មាន​លក្ខខណ្ឌ​ការងារ​ល្អ​ជាង​មុន មិន​ប្រើ​កម្លាំងបាយ​ដូច​មុន​» ។​

តាម​រយៈ​របាយការណ៍​របស់ ឯកឧត្តម ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ចូលរួម​ទិវា​ជាតិ​ក្នុងឆ្នាំនេះ​មាន​ចំនួន​សរុប​ប្រមាណ ៦ ម៉ឺន ៥​ពាន់​នាក់ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​ដំបូង​ដែល​មាន​អ្នកចូលរួម​ប្រមាណ​តែ ៣ ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​កំណើន​ទ្វេគុណ​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា សាធារណជន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ជា​ពិសេស​សិ​ស្សា​នុ សិស្ស​បាន​និង​កំពុង​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ កាន់តែ​ច្រើន​ជាង​មុន ​។

សូម​ជម្រាប​ជូន​ថា ក្នុង​ទិវា​ជាតិ​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​ ១៥ និង​ ១៦ ខែមិថុនា​នេះ​ ។ ក្នុង​ទិវា​នេះ ក្រសួង​បាន​រៀបចំ​ឱ្យ​មានការ​ដាក់​តាំង​បង្ហាញ​នូវ​ពិព័រណ៍​មុខ​ជំនាញ ខ្សែ​សង្វា​ក់​ផលិតកម្ម ការ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព ព្រមទាំង​សមិទ្ធផល និង​ស្នាដៃ​ផ្សេង​ៗ បង្កប់​នូវ​គំនិត​ឆ្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​ជា​ច្រើន ជា​ពិសេស ការ​បង្ហាញ​ជូន​ដល់​សាធារណជន​បាន​ទស្សនា​ដោយ​ផ្ទាល់​នូវ​រ៉ូ​បូត​ផលិត​ដោយ​ក្រុម​និស្សិត​ខ្មែរ ដែល​មាន​សមត្ថភាព​អាច​និយាយ​ឆ្លើយឆ្លង​គ្នា​បាន​រហូត​ដល់ ៦ ​ភាសា ​។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​រៀបចំ​ការ​ធ្វើ​បទ​បង្ហាញ និង​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​ប្រធានបទ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ព័ត៌មាន​អំពី​ឱកាស​ទទួល​បាន​ជំនាញ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ផង​ដែរ​ ៕ អត្ថបទសហការ