រាជធានីភ្នំពេញ ៖ សិស្សវិទ្យាល័យនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ចាប់ផ្តើមទទួលបានការតម្រង់ទិស និងបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះ នៃការងារបច្ចេកទេសគេហកិច្ច មានដូចជា ការតបណ្តាញទឹក ជាងឈើ ការដាំដុះ ការរចនាដោយកុំព្យូទ័រ និងការរៀនធ្វើម្ហូប ដែលវាជាបំណិនជីវិត សម្រាប់សិស្សក្នុងការបន្តការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារ ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បំណិនជីវិត ជាជំនាញគេហកិច្ចដែលសិស្សានុសិស្សគួរចេះ ព្រោះថាជំនាញបច្ចេកទេសបែបនេះអាចជួយឱ្យសិស្សចេះកែច្នៃ សន្សំសំចៃ ដើម្បីជួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនផងដែរ ។
ក្រៅតែពីផ្តោតទៅលើជំនាញខាងលើ សាលារៀនក៏មានគម្រោងបន្ថែមមុខវិជ្ជា មូលដ្ឋានគ្រឹះបដិសណ្ឋារកិច្ច ដើម្បីឱ្យសិស្សានុសិស្សនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ យល់ដឹងនិងរៀបចំឥរិយាបថ ទំនាក់ទំនងក្នុងសង្គម ពិធីការ សេវាអតិថិជន ការងាររដ្ឋបាលសណ្ឋគារនិងភោជនីយដ្ឋាន រៀបចំកន្លែងស្នាក់នៅ និងចេះរៀបចំម្ហូបអាហារជាដើម ។
សូមបញ្ជាក់ដែរថា ការតម្រង់ទិស និងបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះ នៃការងារបច្ចេកទេសគេហកិច្ច ទៅដល់សិស្សវិទ្យាល័យ នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ក៏ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ