ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Smart Axiata ជា​ក្រុមហ៊ុន​ដំបូង​បំផុត​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ការពារ​សុវត្ថិភាពទិន្នន័យ​លំដាប់​ពិភពលោក ​ដើម្បី​ការពារ​ទិន្នន័យឌី​ជី​ថ​ល​អតិថិជន

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​, ២១ ខែឧសភា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Smart Axiata…

រាជធានី​ភ្នំពេញ ​, ២១ ខែឧសភា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ពី​ដំណើរការ​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​ការពារ Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ក្រោម​កិច្ចសហការ​ជាមួយ SecurityGen ដែល​ជា​ក្រុមហ៊ុន​ការពារ​សុវត្ថិភាព​ផ្នែក​ទូរស័ព្ទ​ចល័ត​លំដាប់​ពិភពលោក​។ ប្រព័ន្ធ​ទំនើប​ៗ​ទាំង ​២​ នេះ ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន Smart ក្នុង​ការ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្តាញ​របស់​ខ្លួន និង​ការពារ​ទិន្នន័យ​ឌី​ជី​ថ​ល​របស់​អតិថិជន​ ។

NGSF មិន​គ្រាន់តែ​ជា​យន្តការ​ការពារ​ប៉ុណ្ណោះ​ទេ វា​ជា​មូលដ្ឋាន​ផ្នែក​សុវត្ថិភាព​នៃ​បណ្តាញ​ទូរ​សព្ទ​ដែល​ធានា​នូវ​ការ​ការពារ​ដ៏​ទូលំទូលាយ លើ​ទាំង​សេវា​សំឡេង​ (Voice) និង​ទិន្នន័យ (Data)​ ។ ប្រព័ន្ធ NGSF នេះ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​ស្តង់ដា​លើ​សញ្ញា​សម្រាប់​ការ​ហៅ​ជា​សំឡេង ទិន្នន័យ និង​កា​រត​ភ្ជាប់​អ៉ីនធឺណិត ហើយ​វា​មាន​សមត្ថភាព​ការពារ ការ​លួច​ឈ្លានពាន​ពី​សំណាក់​អ្នក​លួច​ទិន្នន័យ​ខាងក្រៅ​បាន​យ៉ាង​ល្អ​ ។ តាម​ក្រោម​កិច្ចសហការ​ជាមួយ SecurityGen ក្រុមហ៊ុន Smart បាន​អនុវត្ត​ប្រព័ន្ធ​ដ៏​រឹង​មាំ​នេះ ដោយ​ពង្រឹង​សុវត្ថិភាព​ដល់​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​កម្រិត​ខ្ពស់​ពី​គ្រប់​ទិស​ទី​នៅ​ជុំវិញ​ពិភពលោក ​។

លក្ខណៈ​សំខាន់​មួយ​នៃ NGSF គឺ​វា​ជា​ជញ្ជាំង​សញ្ញា​ដ៏​ល្អ និង​ទូលំទូលាយ ដែល​គ្របដណ្តប់​លើ​ប្រព័ន្ធ​ផ្សេង​ៗ ដូច​ជា Signaling System 7 (SS7), Diameter និង GTP ។ SS7 ជា​ប្រព័ន្ធ​ដែល​មាន​ទំនួល​ខុស​ត្រូវ​លើ​កា​រត​ភ្ជាប់ ការ​កំណត់​ផ្លូវ និង​ការ​គ្រប់គ្រង​លើ​សញ្ញា​នៃ​សំឡេង ទិន្នន័យ និង​កា​រត​ភ្ជាប់​អ៊ីនធឺណិត ខណៈ​ពេល​ដែល ប្រព័ន្ធ​ Diameter ទទួលខុសត្រូវ​ខាង​ផ្នែក​គ្រប់គ្រង​លើ​ការ​ផ្ទៀងផ្ទាត់ និង​ការ​អនុញ្ញាត​ ។ ចំណែកឯ​ប្រព័ន្ធ​ GTP មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​សម្រួលការ​ដឹក​ជញ្ជូន​ទិន្នន័យ​ដោយ​សុវត្ថិភាព​តាម​បណ្តាញ​ទូរគមនាគមន៍ ​។ SecurityGen NGSF ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ប្រព័ន្ធ ឬ​សន្តិសុខ​នៃ​ទូរគមនាគមន៍ Telecom Security Guard (TSG) ដែល​វា​ជួយ​ការពារ​ការ​វាយប្រហារ​ជា​ច្រើន​មុខ រួម​មានការ​លួច​ទិន្នន័យ ការ​ក្លែងបន្លំ​អត្តសញ្ញាណ ការ​តាមដាន​ទីតាំង និង​ការ​វាយប្រហារ​ដោយ​បដិសេធ​សេវាកម្ម (DoS)​ ។

លោក Ziad Shatara នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart បាន​មាន​ប្រសាសន៍​ថា “​ពួក​យើង​មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ដាក់​បញ្ចូល​ដោយ​ជោគជ័យ និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ការពារ NGSF និង IDS”​ ។ “​សមិទ្ធផល​នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះ​សន្តិសុខ​ឌី​ជី​ថ​ល​របស់​អតិថិជន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសកម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ផ្តល់​អាទិភាព និង​វិនិយោគ​លើ​សុវត្ថិភាព ការ​ការពារ និង​បទ​ពិសោធន៍ឌី​ជី​ថ​ល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”​ ។

NGSF ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អតិថិជន និង​ក្រុមហ៊ុន Smart​ ។ សម្រាប់​ក្រុមហ៊ុន Smart ការ​អនុវត្ត​នូវ​ប្រព័ន្ធ​ការពារ​នេះ នាំ​មក​នូវ​ភាព​ប្រសើរ​ឡើង​ផ្នែក​សុវត្ថិភាព ពង្រឹង​ការ​អនុលោម​តាម​ស្តង់ដារ​ឧស្សាហកម្ម​ទូរគមនាគមន៍ ភាព​រហ័សរហួន​ក្នុង​ការ​ដាក់​ពង្រាយ​សេវាកម្ម និង​បច្ចេកវិទ្យា​ថ្មី​ៗ និង​ការពារ​សុវត្ថិភាព​យ៉ាង​សកម្ម ។

អតិថិជន​របស់​ក្រុមហ៊ុន Smart ក៏​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការ​បំពាក់​នូវ​ប្រព័ន្ធ TSG ដែរ ដោយ​ប្រព័ន្ធ​នេះ​បង្កើន​នូវ​ទំនុកចិត្ត តាម​រយៈ​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​វាយប្រហារ​តាម​អ៉ីនធឺណិត និង​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​ឌី​ជី​ថ​ល ហើយ​ទទួល​បាន​នូវ​ការ​ការពារ​សេវា​ទូរស័ព្ទ​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​មិន​ធ្លាប់​មាន​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ប្រព័ន្ធ​នេះ​ការពារ​អតិថិជន​ពី​តួអង្គ​អាក្រក់​ដែល​មាន​បំណង​លួច​អត្តសញ្ញាណ​របស់​ពួក​គេ តាម​រយៈ​ការ​វាយប្រហារ​តាម​អន​ឡាញ ដូច​ជា​ការ​ផ្ញើ​សារ ការ​ក្លែងបន្លំ និង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត ​។

“​យើង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន Smart ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​នេះ ដែល​នេះ​សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ធានា​នូវ​កម្រិត​សុវត្ថិភាព​និង​ការ​ការពារ​ខ្ពស់​បំផុត​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ ។ ការ​ដាក់​ប្រើប្រាស់​ដោយ​ជោគជ័យ​នៃ​ប្រព័ន្ធ​ការពារ NGSF និង IDS របស់​ក្រុមហ៊ុន Smart គឺ​ស្រប​ទៅ​តាម​ស្តង់ដា​សុវត្ថិភាពទូរគមនា គមន៍​ខ្ពស់ លំដាប់​ពិភពលោក ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន GSMA ដើម្បី​ពង្រឹង​ការ​យកចិត្តទុកដាក់​យ៉ាង​តឹង​រឹង និង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​ទំនើប​ដល់​អតិថិជន​របស់​ពួក​គេ​ដោយ​មាន​សុវត្ថិភាព​បំផុត​” យោង​តាម​ប្រសាសន៍​របស់ Amit Nath នាយក​ប្រតិបត្តិ និង​សហស្ថាបនិក SecurityGen ។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Smart គឺជា​ការ​សម្រេច​បាន​ប្រកប​មោទនភាព​មួយ ដោយ​នេះ​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បង្កើត​ជា​ស្តង់ដា​ថ្មី​មួយ​សម្រាប់​សន្តិសុខ​ទូរគមនាគមន៍​ក្នុង​តំបន់​» ​។ នៅ​ពេល​ដែល​ពិភព​ឌី​ជី​ថ​ល​វិ​វត្ត​យ៉ាង​ឆាប់រហ័ស និង​ឥត​ឈប់​ឈរ តម្រូវការ នៃ​ការពារ​នូវ​សុវត្ថិភាពបណ្តាញ និង​ទិន្នន័យ​កាន់តែ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ។ ការ​ដាក់​បញ្ចូល​ប្រព័ន្ធ NGSF និង IDS របស់​ក្រុមហ៊ុន Smart បង្ហាញ​ពី​ភាព​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ទទួលយក​បច្ចេកវិទ្យា​ទំនើប និង​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​សន្តិសុខ ដើម្បី​ការពារ​អតិថិជន និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទូរគមនាគមន៍ និង​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ៕ អត្ថបទសហការ