ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ការ​សម្ពោធ​ការិយាល័យសមាគម​ជប៉ុន​-​កម្ពុជា ​នៅ​ភ្នំពេញ ​ជា​សារនយោបាយ​ដ៏​មាន​ទម្ងន់

5 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា ការ​សម្ពោធ​ការិយាល័យ​សមាគម​ជប៉ុន​-​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​ស្ថាន​តំណាង​ជំ​នួ​​ញ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា ការ​សម្ពោធ​ការិយាល័យ​សមាគម​ជប៉ុន​-​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​ស្ថាន​តំណាង​ជំ​នួ​​ញ គឺជា​សារ​នយោបាយ​ដ៏​មាន​ទម្ងន់​សម្រាប់​អ្នក​វិនិយោគ​ជប៉ុន​ចំពោះ​ទំនុកចិត្ត​មក​កាន់​ប្រទេស​កម្ពុជា​ ។ ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បែប​នេះ គឺ​ក្នុង​ពេល​ដែល​ឯកឧត្តម​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​សមាគម ជប៉ុន​-​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ទី​ ១ ខែមេសា ឆ្នាំ​ ២០២៤ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​បង្កើត​ការិយាល័យ​នេះ គឺ​សក្ខីភាព​បញ្ជាក់​ទៅ​កាន់​ប្រជាជន​ជប៉ុន ក៏​ដូច​ជា​អ្នក​វិនិយោគ​ថា កម្ពុជា​ជា​កន្លែង​សុវត្ថិភាព និង​ជា​កន្លែង​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​វិនិយោគ និង​ទំនុកចិត្ត​ ។ ទន្ទឹម​នឹង​នេះ ការ​រិ​យា​ល័យ​ក៏​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​អំពី​ឱកាស និង​សក្តានុពល​របស់​កម្ពុជា ហើយ​ស្ថាន​តំណាង​ជំនួញ​របស់​ជប៉ុន​មួយ​នេះ ក៏​នឹង​ក្លាយជា​ឈ្នាន់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយនឹង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សុទ្ធសឹងតែ​ជា​ចំណុច​គន្លឹះ​ដែល​បម្រើ​ដល់​ការ​វិនិយោគ​ ។ នេះ​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ដដែល​ ។

ឯកឧត្តម​ហេង សួរ បាន​សង្កត់ធ្ងន់​ថា ការ​បង្កើត​ការិយាល័យ​សមាគម​ជប៉ុន​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ក្លាយជា​ទម្ងន់​នយោបាយ​ដែល​បង្ហាញ​ពី​ផ្លែផ្កា​ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ទើប​ដំឡើង​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ខួប ​៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​កាលពី​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៅ​កាន់​សមាគម​ជប៉ុន​នៅ​កម្ពុជា​ដើម្បី​ឱ្យ​ដំណើរការ​ដោយ​រលូន​ដើម្បី​ឱ្យ​ការ​វិនិយោគ​របស់​ជប៉ុន​កាន់តែ​កើន​ឡើងជា​លំដាប់ ដែល​នឹង​បង្កើត​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងស្រុក​បន្ថែម​ទៀត​ ។

ក្នុង​នាម​ជា​សមាជិក​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី បង្ហាញ​ពី​ជំហរ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិនិយោគិន​ជប៉ុន​ក្នុង​ការ​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​តាម​រយៈ​ការ​យោគយល់​និង​អនុ​គ្រោះជា​ច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ជា​ពិសេស​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​រវាង​ប្រទេស​ទាំង​ពីរ​ ៕ អត្ថបទសហការ