ខេត្តកំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានអំពាវនាវព្រះសង្ឃ នៅតាមសាលាពុទ្ធកសិក្សាទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងទាំងផ្លូវព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅ ។ ដោយឡែកចំពោះការខ្វះខាតសម្ភារសិក្សានៅក្នុងការសិក្សា គឺឯកឧត្តម និងលោកជំទាវ នឹងជួយឧបត្ថម្ភ ធ្វើយ៉ាងណាឱ្យតែព្រះសង្ឃបានរៀនសូត្រគ្រប់គ្រាន់ ។
ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលកំពង់ធំនិងជាទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានស្នើសុំដូចនេះក្នុងពិធីកាន់បិណ្ឌទី ១ នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តមួយចំនួន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃ ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ដែលនេះជាពេលវេលាមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា ។ បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិក ប្រជារាស្រ្តខ្មែរតាំងពីបុរាណរៀងមក។
ក្នុងពិធីកាន់បិណ្ឌទី ១ នេះ ជាការប្រតិបត្តិទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា មានពីធីនមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃផងដែរ ។
បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនារួចមក ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងសហការី និងប្រជាពលរដ្ឋ បានអញ្ជើញយកចង្ហាន់រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសល់ដល់សាច់ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួង សូមឱ្យជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ